Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


អំណរ​របស់​អ្នក​ដែល​ព្រះ​អត់​ទោស​ឲ្យ
ទំនុក​របស់​ស្ដេច​ដាវីឌ ជា​សេចក្ដី​បង្រៀន។

1 មាន​ពរ​ហើយ អ្នក​ដែល​ព្រះ​អត់​ទោស ឲ្យ​អំពើ​រំលង​របស់​ខ្លួន គឺ​ដែល​ព្រះ​បាន​គ្រប​បាំង​អំពើ​បាប​របស់​ខ្លួន។

2 មាន​ពរ​ហើយ អ្នក​ដែល​ព្រះ‌យេហូវ៉ា មិន​រាប់​ថា​មាន​ទោស ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​ក្នុង​ចិត្ត។

3 ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។

4 ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់ លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ –បង្អង់

5 ៙ ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ ទូល‌បង្គំ​ពោល​ថា «ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលង របស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា» ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាប ឲ្យ​ទូល‌បង្គំ។ –បង្អង់

6 ៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ព្រះ‌អង្គ នៅ​ពេល​ដែល​អាច​រក​ព្រះ‌អង្គ​ឃើញ យ៉ាង​នោះ កាល​ណា​មាន​ទឹក​ជំនន់​ធំ​ជន់​ឡើង ប្រាកដ​ជា​នឹង​មិន​លិច​លង់​ដល់​អ្នក​នោះ​ឡើយ។

7 ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​សម្រាប់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀង​ជ័យ​ជម្នះ។ –បង្អង់

8 ៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ទូន្មាន​អ្នក ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។

9 កុំ​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់​ដែល​គ្មាន​ប្រាជ្ញា ដែល​ត្រូវ​គេ​ដាក់​បង្ខាំ ហើយ​ចង​បង្ហៀរ ដើម្បី​ទប់ ក្រែង​វា​មិន​ស្ដាប់​អ្នក​នោះ​ឡើយ។

10 មនុស្ស​អាក្រក់​ត្រូវ​រង​ទុក្ខ​វេទនា​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​ព័ទ្ធ​ជុំ‌វិញ។

11 ឱ​មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោរ​ដោយ​អំណរ​ចុះ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម