លោកុប្បត្តិ 1:1 - ព្រះគម្ពីរខ្មែរសាកល នៅដើមដំបូង ព្រះបាននិម្មិតបង្កើតបណ្ដាមេឃ និងផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី។ អាល់គីតាប កាលពីដើមដំបូងបង្អស់ អុលឡោះបានបង្កើតផ្ទៃមេឃ និងផែនដី។ |
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គមានច្រើនយ៉ាងណាហ្ន៎! ព្រះអង្គបានបង្កើតទាំងអស់នេះដោយព្រះប្រាជ្ញាញាណ; ផែនដីពោរពេញទៅដោយអ្វីដែលព្រះអង្គបាននិម្មិតបង្កើត។
ព្រះអង្គទ្រង់ចាត់ខ្យល់ដង្ហើមរបស់ព្រះអង្គឲ្យមក នោះវាក៏ត្រូវបាននិម្មិតបង្កើត ហើយព្រះអង្គស្ដារផ្ទៃផែនដីឡើងវិញ!
គឺដល់ព្រះអង្គដែលបង្កើតបណ្ដាមេឃដោយការយល់ដឹង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ព្រះដែលបង្កើតបណ្ដាមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គទ្រង់រក្សាសេចក្ដីពិតត្រង់ជារៀងរហូត។
បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។
កាលណាទូលបង្គំសង្កេតមើលផ្ទៃមេឃដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ព្រមទាំងព្រះចន្ទ និងផ្កាយដែលព្រះអង្គបានតាំងឡើង
នោះតើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ? តើកូនមនុស្សជាអ្វី បានជាព្រះអង្គមើលថែគេ?
មុនភ្នំនានាត្រូវបានបង្កើត មុនព្រះអង្គបានបង្កើតផែនដី និងពិភពលោក ព្រះអង្គជាព្រះតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច។
អស់ទាំងព្រះរបស់ប្រជាជាតិនានាសុទ្ធតែជារូបបដិមាករឥតប្រយោជន៍ រីឯព្រះយេហូវ៉ាវិញ ព្រះអង្គបានបង្កើតបណ្ដាមេឃ។
ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។
ព្រះយេហូវ៉ាបានចាក់គ្រឹះផែនដីដោយប្រាជ្ញា ព្រះអង្គបានតាំងបណ្ដាមេឃឡើងដោយការយល់ដឹង;
ចូរនឹកចាំព្រះអាទិកររបស់អ្នក ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ គឺមុនគ្រានៃមហន្តរាយមិនទាន់មកដល់ មុនឆ្នាំដែលអ្នកនឹងពោលថា៖ “ខ្ញុំគ្មានការសប្បាយក្នុងពេលទាំងនេះទេ” មកជិត
“ព្រះយេហូវ៉ានៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល ដែលគង់លើចេរ៉ូប៊ីនអើយ! ព្រះអង្គ គឺព្រះអង្គតែមួយប៉ុណ្ណោះ ជាព្រះនៃអាណាចក្រទាំងអស់នៅលើផែនដី; គឺព្រះអង្គហើយ ដែលបង្កើតផ្ទៃមេឃ និងផែនដី។
តើអ្នករាល់គ្នាមិនដឹងទេឬ? តើអ្នករាល់គ្នាមិនឮទេឬ? តើគ្មានអ្នកណាប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងទេឬ? តើអ្នករាល់គ្នាមិនបានយល់ច្បាស់ តាំងពីកំណើតគ្រឹះនៃផែនដីទេឬ?
ចូរងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ ហើយមើលចុះ! តើនរណាបាននិម្មិតបង្កើតរបស់ទាំងនេះ? គឺព្រះអង្គដែលនាំពលបរិវារនៅទីនោះចេញមកតាមចំនួន ទាំងហៅពួកវានីមួយៗតាមឈ្មោះ ដោយព្រះចេស្ដាដ៏ធំ និងឫទ្ធានុភាពដ៏ខ្លាំងក្លា; គ្មានណាមួយខានឡើយ។
តើអ្នកមិនបានដឹងទេឬ? តើអ្នកមិនបានឮទេឬ? ព្រះដ៏អស់កល្ប គឺព្រះយេហូវ៉ាជាព្រះអាទិករនៃចុងបំផុតនៃផែនដី។ ព្រះអង្គមិនល្វើយឡើយ ក៏មិនអស់កម្លាំងផង; ការយល់ដឹងរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។
ព្រះយេហូវ៉ាដ៏ជាព្រះដែលនិម្មិតបង្កើតផ្ទៃមេឃ ហើយសន្ធឹងវា ជាព្រះដែលលាតផែនដី និងអ្វីដែលចេញមកពីទីនោះ ជាព្រះដែលប្រទានខ្យល់ដង្ហើមដល់បណ្ដាជននៅលើផែនដី ហើយប្រទានវិញ្ញាណដល់អ្នកដែលដើរនៅទីនោះ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង;
ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
ក៏ភ្លេចព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់អ្នក ជាអ្នកដែលលាតផ្ទៃមេឃ ព្រមទាំងចាក់គ្រឹះផែនដីផង ហើយចេះតែភ័យខ្លាចជានិច្ចវាល់ព្រឹកវាល់ល្ងាច ដោយព្រោះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខ នៅពេលគេរៀបនឹងបំផ្លាញអ្នកដូច្នេះ? ចុះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខនោះ តើនៅឯណា?
យើងបានដាក់ពាក្យរបស់យើងនៅក្នុងមាត់របស់អ្នក ហើយបានគ្របបាំងអ្នកដោយម្លប់នៃដៃរបស់យើង ដើម្បីតាំងផ្ទៃមេឃឡើង ហើយចាក់គ្រឹះផែនដី ព្រមទាំងនិយាយនឹងស៊ីយ៉ូនថា: ‘អ្នកជាប្រជារាស្ត្ររបស់យើង’”។
“ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី រីឯអ្វីៗពីមុននឹងមិនត្រូវបាននឹកចាំឡើយ ក៏នឹងមិនចូលមកក្នុងគំនិតទៀតដែរ;
នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។
ដ្បិតនៅគ្រានោះនឹងមានទុក្ខវេទនា ដែលតាំងពីដើមដំបូងដែលព្រះបាននិម្មិតបង្កើតពិភពលោក រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់កើតឡើងបែបនេះទេ ហើយក៏មិនកើតឡើងទៀតដែរ។
ទាំងស្រែកថា៖ “អ្នករាល់គ្នាអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? ពួកយើងក៏ជាមនុស្សដូចអ្នករាល់គ្នាដែរ! ពួកយើងកំពុងប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតខ្លឹមសារទាំងនេះមករកព្រះដែលមានព្រះជន្មរស់វិញគឺជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។
ព្រះដែលបានបង្កើតសាកលលោក និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គជាព្រះអម្ចាស់នៃមេឃ និងផែនដី ព្រះអង្គមិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សទេ
កាលបានឮដូច្នោះ ពួកគេក៏បន្លឺសំឡេងទៅកាន់ព្រះ ដោយមានចិត្តតែមួយ ហើយទូលថា៖ “ព្រះអម្ចាស់អើយ! ព្រះអង្គជាអ្នកដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។
ដ្បិតអ្វីៗទាំងអស់មកពីព្រះអង្គ តាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គជារៀងរហូត! អាម៉ែន៕
ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។
និងដើម្បីធ្វើឲ្យមនុស្សទាំងអស់ឃើញថា គម្រោងនៃអាថ៌កំបាំងដែលត្រូវបានលាក់ទុកតាំងពីបុរាណមក ក្នុងព្រះដែលនិម្មិតបង្កើតអ្វីៗទាំងអស់ ជាអ្វី
ព្រះអង្គមានបន្ទូលទៀតថា: “ព្រះអម្ចាស់អើយ នៅដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ។
ប៉ុន្តែនៅគ្រាចុងបញ្ចប់នេះ ព្រះអង្គមានបន្ទូលនឹងយើងតាមរយៈព្រះបុត្រាដែលព្រះអង្គបានតែងតាំងជាអ្នកទទួលរបស់សព្វសារពើជាមរតក ហើយបានបង្កើតសាកលលោក តាមរយៈព្រះបុត្រានេះដែរ។
ដោយសារតែជំនឿ យើងយល់ថាសាកលលោកត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះ ដូច្នេះយើងយល់ថាអ្វីៗដែលមើលឃើញ មិនមែនកើតមកពីអ្វីៗដែលមើលឃើញនោះទេ។
ដ្បិតគ្រប់ទាំងផ្ទះតែងតែមានអ្នកណាម្នាក់សាងសង់ឡើង រីឯអ្នកដែលសាងសង់របស់សព្វសារពើ គឺព្រះ។
ពួកគេធ្វើព្រងើយនឹងការនេះដោយចេតនា គឺថា ផ្ទៃមេឃមាននៅតាំងពីយូរមកហើយ ហើយផែនដីក៏បង្កើតឡើងចេញពីទឹក និងតាមរយៈទឹក ដោយព្រះបន្ទូលរបស់ព្រះ;
អ្វីដែលមានតាំងពីដើមដំបូងមក ដែលយើងបានឮ ដែលយើងបានឃើញផ្ទាល់ភ្នែក ដែលយើងបានសម្លឹង និងពាល់ផ្ទាល់ដៃ គឺអំពីព្រះបន្ទូលនៃជីវិត——
ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបាននិម្មិតបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ គាត់បានស្បថថា៖ “គ្មានពេលទៀតឡើយ!
ទូតនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ចូរកោតខ្លាចព្រះ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គមកដល់ហើយ។ ចូរថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកនានាចុះ”។
ព្រះអង្គមានបន្ទូលនឹងខ្ញុំទៀតថា៖ “សម្រេចហើយ! យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាដើមដំបូង និងជាទីបញ្ចប់។ ចំពោះអ្នកដែលស្រេក យើងនឹងឲ្យទឹកពីប្រភពទឹកនៃជីវិតដោយឥតគិតថ្លៃ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ:
“ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងព្រះចេស្ដា ដ្បិតព្រះអង្គបាននិម្មិតបង្កើតរបស់សព្វសារពើ។ ដោយសារតែបំណងព្រះហឫទ័យរបស់ព្រះអង្គ របស់សព្វសារពើមាននៅ និងត្រូវបាននិម្មិតបង្កើត”៕