Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

វិវរណៈ 21 - ព្រះគម្ពីរខ្មែរសាកល


ផ្ទៃមេឃថ្មី និងផែនដីថ្មី

1 បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃមេឃ​មុន និង​ផែនដី​មុន​បាន​កន្លងផុតទៅ ហើយ​សមុទ្រ​ក៏​គ្មាន​ទៀត​ដែរ​។

2 ពេលនោះ ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។

3 ខ្ញុំ‍ឮ​សំឡេង​យ៉ាងខ្លាំង​ចេញពី​បល្ល័ង្ក​ថា​៖ “មើល៍! លំនៅ​របស់​ព្រះ​នៅ​ជាមួយ​មនុស្ស​ហើយ ព្រះអង្គ​នឹង​តាំងលំនៅ​ជាមួយ​ពួកគេ​។ ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះ​ផ្ទាល់​នឹង​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើជា​ព្រះ​របស់​ពួកគេ​។

4 ព្រះអង្គ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​។ សេចក្ដីស្លាប់​នឹង​លែងមាន​ទៀត​ឡើយ ហើយក៏លែង​មាន​ទុក្ខព្រួយ ការយំសោក ឬ​ការឈឺចាប់​ទៀត​ដែរ ដ្បិត​អ្វីៗ​ពីមុន​បាន​កន្លងផុតទៅ​ហើយ”។

5 ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មានបន្ទូលថា​៖ “មើល៍! យើង​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ថ្មីឡើងវិញ​!”។ ព្រះអង្គ​មានបន្ទូល​ទៀត​ថា​៖ “ចូរ​កត់ទុក​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ”។

6 ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ទៀត​ថា​៖ “សម្រេច​ហើយ​! យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ដើមដំបូង និង​ជា​ទីបញ្ចប់​។ ចំពោះ​អ្នក​ដែល​ស្រេក យើង​នឹង​ឲ្យ​ទឹក​ពី​ប្រភពទឹក​នៃ​ជីវិត​ដោយ​ឥតគិតថ្លៃ​។

7 អ្នក​ដែល​មានជ័យជម្នះ​នឹង​ទទួល​ការទាំងនេះ​ជាមរតក គឺ​យើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នកនោះ ហើយ​អ្នកនោះ​នឹង​ធ្វើជា​កូន​របស់​យើង​។

8 ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


យេរូសាឡិមថ្មី

9 បន្ទាប់មក ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ​ដែល​ពេញ​ដោយ​គ្រោះកាច​ចុងក្រោយ​ទាំង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​កូនក្រមុំ ជា​ភរិយា​របស់​កូនចៀម”។

10 ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅលើ​ភ្នំ​មួយ​ដ៏ធំ ហើយ​ខ្ពស់ រួច​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​។

11 ទីក្រុងនោះ​មាន​សិរីរុងរឿង​របស់​ព្រះ ប្រភពពន្លឺ​របស់​នាង ស្រដៀងនឹង​ត្បូង​ដ៏មានតម្លៃ ដូច​ត្បូង​ចាសស្ពើរ ហើយ​ថ្លាដូចកែវចរណៃ​។

12 នាង​មាន​កំពែងក្រុង​ដ៏ធំ ហើយ​ខ្ពស់ មាន​ទ្វារក្រុង​ដប់ពីរ និង​មាន​ទូតសួគ៌​ដប់ពីរ​រូប​នៅ​ទ្វារ​ទាំងនោះ ព្រមទាំង​មាន​ឈ្មោះ​ចារឹក​នៅ​ទ្វារ​ទាំងនោះ ជា​ឈ្មោះ​របស់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​កូនចៅ​អ៊ីស្រាអែល។

13 នៅ​ទិសខាងកើត​មាន​ទ្វារ​បី នៅ​ទិសខាងជើង​មាន​ទ្វារ​បី នៅ​ទិសខាងត្បូង​មាន​ទ្វារ​បី ហើយ​នៅ​ទិសខាងលិច​មាន​ទ្វារ​បី។

14 រីឯ​កំពែងក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅលើ​គ្រឹះទាំងនោះ មាន​ឈ្មោះ​ដប់ពីរ​របស់​សាវ័ក​ទាំង​ដប់ពីរ​នៃ​កូនចៀម​។

15 ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ កាន់​ដើមត្រែង​មាស​មួយ​ជា​រង្វាស់ ដើម្បី​វាស់​ទីក្រុង ទ្វារក្រុង និង​កំពែងក្រុង​។

16 ទីក្រុង​នោះ​មានរាង​បួនជ្រុង បណ្ដោយ និង​ទទឹង​មានប្រវែង​ស្មើគ្នា​។ ទូតសួគ៌នោះ​វាស់​ទីក្រុង​ដោយ​ដើមត្រែង​នោះ ក៏​ឃើញ​មាន ១២ ០០០ ស្តាឌៀន គឺ​ទាំង​បណ្ដោយ ទទឹង និង​កម្ពស់​មាន​ប្រវែង​ស្មើគ្នា​។

17 ទូតនោះ​វាស់​កំពែងក្រុង​តាម​រង្វាស់​របស់​មនុស្ស ដែល​ជា​រង្វាស់​របស់​ទូតសួគ៌​ដែរ ក៏​ឃើញ​មាន ១៤៤ ហត្ថ​។

18 កំពែងក្រុង​ធ្វើពី​ត្បូងចាសស្ពើរ ហើយ​ទីក្រុង​ធ្វើពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។

19 គ្រឹះ​របស់​កំពែងក្រុង​ត្រូវបាន​តុបតែង​ដោយ​ត្បូង​ដ៏មានតម្លៃ​គ្រប់យ៉ាង​: គ្រឹះ​ទីមួយ​ជា​ត្បូងចាសស្ពើរ ទីពីរ​ជា​ត្បូងកណ្ដៀង ទីបី​ជា​ត្បូងខាលសេដូនី ទីបួន​ជា​ត្បូងមរកត

20 ទីប្រាំ​ជា​ត្បូងផ្កាយ ទីប្រាំមួយ​ជា​ត្បូងឡាំបៀ ទីប្រាំពីរ​ជា​ត្បូងត្រួយចេក ទីប្រាំបី​ជា​ត្បូងបេរីល ទីប្រាំបួន​ជា​ត្បូងតូប៉ាស ទីដប់​ជា​ត្បូងយក់ ទីដប់មួយ​ជា​ត្បូងហ្គាណែត ទីដប់ពីរ​ជា​ត្បូងអាំមិទ្ធិស​។

21 រីឯ​ទ្វារក្រុង​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ ទ្វារ‍នីមួយៗ​ធ្វើ​ពី​គជ់​មួយ ហើយ​ផ្លូវ​នៃ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។

22 ខ្ញុំ​មិន​ឃើញ​ព្រះវិហារ​នៅក្នុង​ទីក្រុងនោះ​ទេ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏មានព្រះចេស្ដា និង​កូនចៀម ជា​ព្រះវិហារ​របស់​ទីក្រុងនោះ​។

23 ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។

24 ប្រជាជាតិ​នានា​នឹង​ដើរចុះដើរឡើង​ដោយ​ពន្លឺ​របស់​ទីក្រុងនោះ ហើយ​បណ្ដា​ស្ដេច​នៃ​ផែនដី​នឹង​នាំ​សិរីរុងរឿង​របស់​ខ្លួន​មក​ក្នុង​ទីក្រុងនោះ​។

25 ទ្វារក្រុង​របស់​នាង​នឹង​មិន​បិទ​នៅ​ពេលថ្ងៃ​សោះឡើយ ហើយ​នៅ​ទីនោះ​នឹង​គ្មាន​យប់​ទេ​។

26 គេ​នឹង​នាំ​សិរីរុងរឿង និង​កិត្តិយស​របស់​ប្រជាជាតិ​នានា​មក​ក្នុង​ទីក្រុងនោះ​។

27 គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម