សាការី 12 - ព្រះគម្ពីរខ្មែរសាកលព្រះយេហូវ៉ាទ្រង់សង្គ្រោះយេរូសាឡិម 1 នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖ 2 “មើល៍! យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាពែង ដែលធ្វើឲ្យអស់ទាំងជាតិសាសន៍ដែលនៅជុំវិញដើរទ្រេតទ្រោត។ កាលណាមានការឡោមព័ទ្ធយេរូសាឡិម ក៏មានការឡោមព័ទ្ធយូដាដែរ។ 3 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាថ្មដ៏ធ្ងន់មួយដល់ប្រជាជាតិទាំងអស់។ អស់អ្នកដែលផ្ទុកវាលើខ្លួននឹងរងរបួសធ្ងន់ ហើយអស់ទាំងប្រជាជាតិនៅលើផែនដីនឹងប្រមូលគ្នាទាស់នឹងទីក្រុងនោះ”។ 4 នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅថ្ងៃនោះ យើងនឹងវាយសេះទាំងអស់ដោយភាពភ្ញាក់ផ្អើល ហើយវាយអ្នកដែលជិះវាដោយភាពឆ្កួត។ យើងនឹងបើកភ្នែករបស់យើងមកលើវង្សត្រកូលយូដា ហើយវាយអស់ទាំងសេះរបស់ប្រជាជាតិនានាដោយភាពខ្វាក់ភ្នែក។ 5 នោះពួកមេដឹកនាំរបស់យូដានឹងនិយាយក្នុងចិត្តថា: ‘ពួកអ្នកដែលរស់នៅយេរូសាឡិមជាកម្លាំងដល់យើង ក្នុងព្រះយេហូវ៉ានៃពលបរិវារព្រះរបស់ពួកគេ’។ 6 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យពួកមេដឹកនាំរបស់យូដាបានដូចជាចង្ក្រានភ្លើងនៅកណ្ដាលអុស និងដូចជាចន្លុះភ្លើងនៅកណ្ដាលកណ្ដាប់ស្រូវ។ គេនឹងស៊ីបំផ្លាញអស់ទាំងជាតិសាសន៍ដែលនៅជុំវិញ ទាំងខាងស្ដាំ ទាំងខាងឆ្វេង រីឯពួកអ្នកយេរូសាឡិមនឹងរស់នៅកន្លែងរបស់ខ្លួនម្ដងទៀត ក្នុងយេរូសាឡិម។ 7 ព្រះយេហូវ៉ានឹងសង្គ្រោះរោងរបស់យូដាជាមុន ដើម្បីកុំឲ្យភាពរុងរឿងរបស់វង្សត្រកូលដាវីឌ និងភាពរុងរឿងរបស់អ្នកដែលរស់នៅយេរូសាឡិម បានជាធំលើសជាងយូដាឡើយ។ 8 នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងការពារពួកអ្នកដែលរស់នៅយេរូសាឡិម បានជាអ្នកដែលទន់ខ្សោយក្នុងពួកគេនឹងបានដូចដាវីឌនៅថ្ងៃនោះ ហើយវង្សត្រកូលដាវីឌនឹងបានដូចព្រះ គឺដូចទូតសួគ៌របស់ព្រះយេហូវ៉ានៅចំពោះពួកគេ។ 9 នៅថ្ងៃនោះ យើងនឹងស្វែងរកដើម្បីបំផ្លាញអស់ទាំងប្រជាជាតិដែលមកទាស់នឹងយេរូសាឡិម។ កាន់ទុក្ខចំពោះអ្នកដែលត្រូវបានចាក់ទម្លុះ 10 “យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។ 11 នៅថ្ងៃនោះ នឹងមានការទួញសោកយ៉ាងធំនៅយេរូសាឡិម ដូចជាការទួញសោកនៅហាដាត-រីម៉ូន ក្នុងវាលទំនាបមេគីដោ។ 12 ទឹកដីនេះនឹងកាន់ទុក្ខ អម្បូរនីមួយៗនឹងកាន់ទុក្ខដោយឡែក គឺអម្បូរនៃវង្សត្រកូលដាវីឌដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក អម្បូរនៃវង្សត្រកូលណាថាន់ដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក 13 អម្បូរនៃវង្សត្រកូលលេវីដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក អម្បូរនៃពួកស៊ីម៉ាយដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក 14 អស់ទាំងអម្បូរឯទៀត គឺអម្បូរនីមួយៗដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែកដែរ”៕ |