ហេព្រើរ 3 - ព្រះគម្ពីរខ្មែរសាកលព្រះអម្ចាស់របស់យើង 1 ដូច្នេះ បងប្អូនដ៏វិសុទ្ធដែលជាគូកនក្នុងការត្រាស់ហៅនៃស្ថានសួគ៌អើយ! ចូរពិចារណាអំពីទូត និងមហាបូជាចារ្យនៃពាក្យសារភាពជំនឿរបស់យើង គឺព្រះយេស៊ូវ។ 2 ព្រះអង្គទ្រង់ស្មោះត្រង់ចំពោះព្រះដែលបានតែងតាំងព្រះអង្គ ដូចដែលម៉ូសេបានស្មោះត្រង់ក្នុងដំណាក់ទាំងមូលរបស់ព្រះដែរ។ 3 ជាការពិត ព្រះយេស៊ូវត្រូវបានរាប់ថាស័ក្ដិសមនឹងទទួលសិរីរុងរឿងលើសជាងម៉ូសេទៅទៀត ដូចដែលអ្នកសង់ផ្ទះមានកិត្តិយសលើសជាងផ្ទះនោះដែរ 4 ដ្បិតគ្រប់ទាំងផ្ទះតែងតែមានអ្នកណាម្នាក់សាងសង់ឡើង រីឯអ្នកដែលសាងសង់របស់សព្វសារពើ គឺព្រះ។ 5 ម៉ូសេបានស្មោះត្រង់ក្នុងដំណាក់ទាំងមូលរបស់ព្រះក្នុងនាមជាអ្នកបម្រើ ដើម្បីជាទីបន្ទាល់ចំពោះសេចក្ដីដែលរៀបនឹងត្រូវបានថ្លែង 6 រីឯព្រះគ្រីស្ទវិញ ព្រះអង្គទ្រង់ស្មោះត្រង់ក្នុងនាមជាកូនដែលគ្រប់គ្រងលើដំណាក់របស់ព្រះអង្គ។ គឺយើងរាល់គ្នាហើយ ជាដំណាក់របស់ព្រះ ប្រសិនបើយើងកាន់ខ្ជាប់នូវការជឿជាក់ និងមោទនភាពចំពោះសេចក្ដីសង្ឃឹមរបស់យើង។ ពាក្យដាស់តឿនចំពោះភាពឥតជំនឿ 7 ដោយហេតុនេះ ដូចដែលព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ 8 កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរ នៅថ្ងៃនៃការសាកល្បងនៅទីរហោស្ថាននោះឡើយ។ 9 នៅទីនោះ ដូនតារបស់អ្នករាល់គ្នាបានល្បងលយើង ទាំងសាកយើង ហើយបានឃើញកិច្ចការរបស់យើងអស់រយៈពេលសែសិបឆ្នាំ។ 10 ដូច្នេះ យើងបានខឹងនឹងជំនាន់នោះ ហើយពោលថា: ‘ចិត្តពួកគេតែងតែវង្វេងជានិច្ច ពួកគេមិនស្គាល់មាគ៌ារបស់យើងសោះ’ 11 នោះយើងបានស្បថដោយកំហឹងរបស់យើងថា: ‘ពួកគេនឹងចូលទៅក្នុងសេចក្ដីសម្រាករបស់យើងមិនបានឡើយ’”។ 12 បងប្អូនអើយ ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ដោយភាពឥតជំនឿ រហូតដល់ដកខ្លួនចេញពីព្រះដ៏មានព្រះជន្មរស់។ 13 ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលនៅតែហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានចិត្តរឹងរូសដោយសារតែការបោកបញ្ឆោតរបស់បាបឡើយ 14 ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។ 15 ដូចដែលមានចែងទុកមកថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចក្នុងការបះបោរនោះឡើយ”។ 16 តើនរណាបានឮ ហើយបានបះបោរ? មិនមែនជាអស់អ្នកដែលត្រូវម៉ូសេនាំចេញពីអេហ្ស៊ីបទេឬ? 17 តើព្រះទ្រង់ព្រះពិរោធនឹងនរណាអស់រយៈពេលសែសិបឆ្នាំ? មិនមែនជាពួកអ្នកដែលបានប្រព្រឹត្តបាប ដែលសាកសពពួកគេបានដួលនៅទីរហោស្ថានទេឬ? 18 តើព្រះអង្គបានស្បថនឹងនរណាថា មិនឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គ? មិនមែនជាអ្នកដែលមិនព្រមជឿទេឬ? 19 ដូច្នេះ យើងឃើញថា ពួកគេមិនអាចចូលទៅបាន ដោយសារតែភាពឥតជំនឿ៕ |