Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 115 - ព្រះគម្ពីរខ្មែរសាកល


ថ្វាយ​សិរីរុងរឿងដល់ព្រះតែមួយអង្គគត់

1 មិនមែន​ដល់​យើងខ្ញុំ​ឡើយ ព្រះយេហូវ៉ា​អើយ មិនមែន​ដល់​យើងខ្ញុំ​ឡើយ គឺ​ដល់​ព្រះនាម​របស់ព្រះអង្គ​វិញ ដែល​ត្រូវ​ថ្វាយ​សិរីរុងរឿង ដោយព្រោះ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​!

2 ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​?

3 ព្រះ​របស់យើង​គង់នៅ​ស្ថានសួគ៌ ព្រះអង្គ​ទ្រង់​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។

4 រូបបដិមាករ​របស់​ប្រជាជាតិនានា​ជា​ប្រាក់ និង​មាស ដែលជា​ស្នាដៃ​របស់​មនុស្ស​។

5 រូបទាំងនោះ​មាន​មាត់ តែ​មិនចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ

6 មាន​ត្រចៀក តែ​ស្ដាប់មិនឮ មាន​ច្រមុះ តែ​មិនចេះ​ដឹងក្លិន

7 មាន​ដៃ តែ​មិនចេះ​កាន់ មាន​ជើង តែ​ដើរ​មិន​រួច ហើយក៏មិនចេះ​បញ្ចេញសំឡេង​តាម​បំពង់ក​ផង​។

8 ពួកអ្នកដែល​ធ្វើ​រូបទាំងនោះ និង​អស់អ្នក​ដែល​ជឿទុកចិត្តលើ​រូបទាំងនោះ នឹង​បាន​ដូចជា​រូបទាំងនោះ​ដែរ​។

9 អ៊ីស្រាអែល​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​! ព្រះអង្គ​ជា​ជំនួយ និង​ជា​ខែល​របស់ពួកគេ​។

10 វង្សត្រកូល​អើរ៉ុន​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​! ព្រះអង្គ​ជា​ជំនួយ និង​ជា​ខែល​របស់ពួកគេ​។

11 អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​! ព្រះអង្គ​ជា​ជំនួយ និង​ជា​ខែល​របស់ពួកគេ​។

12 ព្រះយេហូវ៉ា​បាន​នឹកចាំ​យើង ហើយ​ប្រទានពរ​យើង​; ព្រះអង្គ​នឹង​ប្រទានពរ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​ប្រទានពរ​វង្សត្រកូល​អើរ៉ុន​។

13 ព្រះយេហូវ៉ា​នឹង​ប្រទានពរ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ទាំង​អ្នកតូច ទាំង​អ្នកធំ​។

14 សូមឲ្យ​ព្រះយេហូវ៉ា​បង្កើនចំនួន​អ្នករាល់គ្នា​ឡើង គឺ​អ្នករាល់គ្នា និង​កូនចៅ​របស់អ្នករាល់គ្នា​។

15 សូមឲ្យ​មានព្រះពរ​ដល់​អ្នករាល់គ្នា ពី​ព្រះយេហូវ៉ា​ព្រះសូនបង្កើត​នៃ​ផ្ទៃមេឃ និង​ផែនដី​!

16 បណ្ដាមេឃ គឺជា​បណ្ដាមេឃ​របស់​ព្រះយេហូវ៉ា រីឯ​ផែនដី​វិញ ព្រះអង្គ​បាន​ប្រទាន​ដល់​មនុស្សលោក​។

17 មនុស្ស​ស្លាប់​មិន​សរសើរតម្កើង​ឡើយ ហើយ​អស់អ្នក​ដែល​ចុះទៅ​ស្ថានស្ងាត់ឈឹង​ក៏​មិន​សរសើរតម្កើង​ព្រះយេហូវ៉ា​ដែរ​។

18 រីឯ​យើង​វិញ យើង​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម