១ កូរិនថូស 8 - ព្រះគម្ពីរខ្មែរសាកលអាហារដែលសែនដល់រូបបដិមាករ 1 ចំពោះអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “យើងទាំងអស់គ្នាមានចំណេះដឹង”។ ចំណេះដឹងធ្វើឲ្យមានឫកធំ រីឯសេចក្ដីស្រឡាញ់ស្អាងទឹកចិត្តវិញ។ 2 ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមដែលគាត់គួរចេះដឹងនៅឡើយទេ។ 3 ប៉ុន្តែប្រសិនបើអ្នកណាស្រឡាញ់ព្រះ អ្នកនោះត្រូវព្រះស្គាល់ហើយ។ 4 ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។ 5 ដ្បិតទោះបីជាមានអ្វីៗដែលគេហៅថាព្រះ ទាំងនៅលើមេឃ និងនៅលើផែនដីក៏ដោយ ហើយមើលទៅដូចជាមាន “ព្រះ” ច្រើន មាន “ព្រះអម្ចាស់” ច្រើនមែន 6 ក៏ប៉ុន្តែសម្រាប់យើង យើងមានព្រះតែមួយអង្គគត់ដែលជាព្រះបិតា អ្វីៗសព្វសារពើមកពីព្រះអង្គ ហើយយើងក៏មាននៅដើម្បីព្រះអង្គ; យើងមានព្រះអម្ចាស់តែមួយអង្គគត់គឺព្រះយេស៊ូវគ្រីស្ទ អ្វីៗសព្វសារពើមាននៅតាមរយៈព្រះអង្គ ហើយយើងក៏មាននៅតាមរយៈព្រះអង្គដែរ។ 7 យ៉ាងណាមិញ មិនមែនមនុស្សទាំងអស់មានចំណេះដឹងនេះទេ។ ដ្បិតអ្នកខ្លះស៊ាំនឹងរូបបដិមាកររហូតមកដល់ពេលនេះ បានជានៅពេលពួកគេហូបអាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈរបស់ពួកគេដែលនៅខ្សោយក៏ត្រូវបានធ្វើឲ្យសៅហ្មង។ 8 តាមពិត អាហារមិនអាចធ្វើឲ្យយើងខិតចូលជិតព្រះបានទេ។ ប្រសិនបើយើងមិនហូបក៏មិនខាតអ្វី ហើយប្រសិនបើយើងហូបក៏មិនចំណេញអ្វីដែរ។ 9 ប៉ុន្តែត្រូវប្រុងប្រយ័ត្ន កុំឲ្យសិទ្ធិនេះរបស់អ្នករាល់គ្នា បែរជាការជំពប់ដួលដល់អ្នកខ្សោយដោយប្រការណាមួយឡើយ។ 10 ព្រោះថាប្រសិនបើមានគេឃើញអ្នក ដែលជាអ្នកមានចំណេះដឹង កំពុងអង្គុយហូបនៅក្នុងវិហាររបស់រូបបដិមាករ តើសតិសម្បជញ្ញៈដ៏ខ្សោយរបស់អ្នកនោះ មិនជំរុញឲ្យហូបអាហារដែលសែនដល់រូបបដិមាករដែរទេឬ? 11 ដូច្នេះ អ្នកខ្សោយដែលជាបងប្អូនដែលព្រះគ្រីស្ទបានសុគតដើម្បីគាត់នោះ ក៏ត្រូវវិនាសដោយសារតែចំណេះដឹងរបស់អ្នក។ 12 កាលណាអ្នករាល់គ្នាប្រព្រឹត្តបាបទាស់នឹងបងប្អូន ហើយធ្វើឲ្យសតិសម្បជញ្ញៈដ៏ខ្សោយរបស់ពួកគេត្រូវរបួសបែបនេះ អ្នករាល់គ្នាកំពុងប្រព្រឹត្តបាបទាស់នឹងព្រះគ្រីស្ទ។ 13 ដូច្នេះ ប្រសិនបើអាហារធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល នោះខ្ញុំនឹងមិនហូបសាច់ជាដាច់ខាត គឺជារៀងរហូត ដើម្បីកុំឲ្យខ្ញុំធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួលឡើយ៕ |