Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

វិវរណៈ 3 - ព្រះគម្ពីរខ្មែរសាកល


សំបុត្រដល់ក្រុមជំនុំនៅសើដេស

1 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​សើដេស​ថា​: ‘ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ និង​ផ្កាយ​ប្រាំពីរ មានបន្ទូល​ដូច្នេះ​: យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មាន​ឈ្មោះ​ថា​រស់ ប៉ុន្តែ​តាមពិត​អ្នក​ជា​មនុស្សស្លាប់​។

2 ចូរ​ភ្ញាក់ស្មារតី ហើយ​ពង្រឹង​ពួក​អ្នក​ដែល​នៅសល់ ដែល​បម្រុងនឹង​ស្លាប់​នោះ​ចុះ​។ ជាការពិត យើង​មិន​បាន​ឃើញថា កិច្ចការ​របស់អ្នក​ត្រូវបាន​បំពេញ​នៅចំពោះ​ព្រះ​នៃយើង​ឡើយ។

3 ដូច្នេះ ចូរ​នឹកចាំ​ថា អ្នក​បាន​ទទួល និង​បាន​ឮ​យ៉ាងដូចម្ដេច រួច​កាន់តាម និង​កែប្រែចិត្ត​ចុះ​។ ប្រសិនបើ​អ្នក​មិន​ភ្ញាក់ស្មារតី​ទេ យើង​នឹង​មក​ដូចជា​ចោរ ហើយ​អ្នក​នឹង​មិន​ដឹង​សោះឡើយ​ថា​យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​។

4 យ៉ាងណាមិញ អ្នក​មាន​មនុស្ស​ខ្លះ​នៅ​សើដេស ដែល​មិន​បាន​ធ្វើឲ្យ​សម្លៀកបំពាក់​របស់​ខ្លួន​សៅហ្មង អ្នកទាំងនោះ​នឹង​ដើរ​ជាមួយ​យើង​ដោយ​ស្លៀកពាក់​ស ពីព្រោះ​ពួកគេ​ស័ក្ដិសម​នឹងបានដូច្នេះ។

5 អ្នក​ដែល​មានជ័យជម្នះ​នឹង​បាន​ស្លៀក​សម្លៀកបំពាក់​ស​ដូច្នេះ ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​របស់​អ្នកនោះ​ចេញ​ពី​បញ្ជី​ជីវិត​ជាដាច់ខាត​។ យើង​នឹង​ទទួលស្គាល់​ឈ្មោះ​របស់​អ្នកនោះ​នៅចំពោះ​ព្រះ​បិតា​របស់យើង និង​នៅចំពោះ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៀតផង​។

6 អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’។


សំបុត្រដល់ក្រុមជំនុំនៅភីឡាដិលភា

7 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​:

8 យើង​ស្គាល់​កិច្ចការ​របស់អ្នក មើល៍! យើង​បាន​ដាក់​ទ្វារ​មួយ​ដែល​បើកចំហ​នៅមុខ​អ្នក ដែល​គ្មានអ្នកណា​អាច​បិទ​បាន​ឡើយ ដ្បិត​អ្នក​មាន​កម្លាំង​តែបន្តិច​មែន ប៉ុន្តែ​អ្នក​បាន​កាន់តាម​ពាក្យ​របស់យើង ហើយ​មិន​បាន​បដិសេធ​នាម​របស់យើង​ឡើយ​។

9 មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។

10 ដោយព្រោះ​អ្នក​បាន​រក្សា​ពាក្យ​របស់យើង​អំពី​ការស៊ូទ្រាំ យើងក៏​នឹង​រក្សា​អ្នក​ពី​គ្រា​នៃ​ការសាកល្បង​ដែល​រៀបនឹង​មក​លើ​ពិភពលោក​ទាំងមូល​ដែរ ជា​គ្រា​ដែល​នឹង​មកដល់​ដើម្បី​សាក​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី។

11 យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! ចូរ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នក​មាន​ចុះ ដើម្បីកុំឲ្យអ្នកណា​ដណ្ដើមយក​មកុដ​របស់អ្នក​ឡើយ​។

12 អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ទៅជា​សសរ​មួយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ​នៃយើង ហើយ​អ្នកនោះ​នឹង​មិន​ចាកចេញ​ទៅ​ខាងក្រៅ​ទៀត​ឡើយ​។ យើង​នឹង​ចារឹក​ព្រះនាម​របស់​ព្រះ​នៃយើង និង​ឈ្មោះ​ទីក្រុង​របស់​ព្រះ​នៃយើង គឺ​យេរូសាឡិម​ថ្មី​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​នៃយើង ព្រមទាំង​នាម​ថ្មី​របស់យើង នៅលើ​អ្នកនោះ​។

13 អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’។


សំបុត្រដល់ក្រុមជំនុំនៅឡៅឌីសេ

14 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ឡៅឌីសេ​ថា​: ‘ព្រះអង្គ​ដែល​ជា​អាម៉ែន ជា​សាក្សី​ស្មោះត្រង់ និង​ពិតត្រង់ ជា​ដើមកំណើត​នៃ​អ្វីដែល​ព្រះ​បាន​និម្មិតបង្កើត មានបន្ទូល​ដូច្នេះ​:

15 យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មិន​ត្រជាក់ ហើយក៏មិន​ក្ដៅ​ដែរ​។ យើង​ចង់ឲ្យ​អ្នក​ត្រជាក់ ‍ឬក៏​ក្ដៅ​។

16 ដូច្នេះ ដោយព្រោះ​អ្នក​នៅ​ស្ទើរៗ គឺ​មិន​ក្ដៅ ‍ហើយក៏មិន​ត្រជាក់ យើង​នឹង​ខ្ជាក់​អ្នក​ចេញពី​មាត់​របស់យើង​។

17 ដ្បិត​អ្នក​និយាយ​ថា​: “ខ្ញុំ​ជា​អ្នកមាន ខ្ញុំ​មានស្ដុកស្ដម្ភ គ្មាន​តម្រូវការ​អ្វីឡើយ” ប៉ុន្តែ​អ្នក​មិន​ដឹង​ថា អ្នក​ជា​មនុស្ស​វេទនា ជា​មនុស្ស​គួរឲ្យអាណិត ក្រខ្សត់ ខ្វាក់ភ្នែក និង​នៅ​អាក្រាត​នោះ​ទេ​។

18 យើង​ណែនាំ​អ្នក​ឲ្យ​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បីឲ្យ​អ្នក​មានស្ដុកស្ដម្ភ ហើយ​ឲ្យ​ទិញ​សម្លៀកបំពាក់​ស​ដើម្បី​ស្លៀកពាក់ កុំឲ្យ​គេ​ឃើញ​សេចក្ដីគួរខ្មាស​នៃ​ភាពអាក្រាត​របស់អ្នក​ឡើយ ព្រមទាំង​ឲ្យ​ទិញ​ថ្នាំ​លាប​ភ្នែក​អ្នក ដើម្បីឲ្យ​អ្នក​បាន​មើលឃើញ​។

19 យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។

20 មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។

21 អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។

22 អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម