វិវរណៈ 10 - ព្រះគម្ពីរខ្មែរសាកលទូតសួគ៌ដ៏ខ្លាំងពូកែ និងក្រាំងតូច 1 បន្ទាប់មក ខ្ញុំបានឃើញទូតសួគ៌ខ្លាំងពូកែមួយរូបទៀតចុះមកពីលើមេឃ ទាំងដណ្ដប់ដោយពពក ហើយមានឥន្ទធនូនៅលើក្បាលរបស់គាត់។ មុខគាត់ដូចព្រះអាទិត្យ ជើងគាត់ដូចសសរភ្លើង 2 ហើយមានក្រាំងតូចមួយបើកជាស្រេចក្នុងដៃគាត់។ ទូតសួគ៌នោះក៏ដាក់ជើងស្ដាំលើសមុទ្រ ហើយជើងឆ្វេងលើដីគោក 3 រួចគាត់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងដូចសិង្ហគ្រហឹម។ នៅពេលគាត់ស្រែកឡើង ផ្គរលាន់ទាំងប្រាំពីរក៏បន្លឺសំឡេងរបស់វាឡើង។ 4 ពេលផ្គរលាន់ទាំងប្រាំពីរបានបន្លឺសំឡេងឡើង ខ្ញុំរៀបនឹងកត់ត្រាទុក ប៉ុន្តែខ្ញុំបានឮសំឡេងមួយពីលើមេឃថា៖ “ចូរបិទត្រាសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះចុះ កុំកត់ត្រាទុកសេចក្ដីទាំងនោះឡើយ”។ 5 បន្ទាប់មក ទូតសួគ៌ដែលខ្ញុំបានឃើញឈរលើសមុទ្រ និងលើដីគោកនោះ បានលើកដៃស្ដាំរបស់គាត់ទៅមេឃ 6 ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបាននិម្មិតបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ គាត់បានស្បថថា៖ “គ្មានពេលទៀតឡើយ! 7 នៅគ្រាដែលទូតសួគ៌ទីប្រាំពីររៀបនឹងផ្លុំត្រែ អាថ៌កំបាំងរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេច ដូចដែលព្រះអង្គបានប្រកាសដល់បណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ”។ 8 បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកខ្ញុំម្ដងទៀតថា៖ “ចូរទៅយកក្រាំងដែលបើកជាស្រេចក្នុងដៃទូតសួគ៌ដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ”។ 9 ខ្ញុំក៏ទៅរកទូតសួគ៌នោះ ហើយសុំគាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់ក៏និយាយនឹងខ្ញុំថា៖ “ចូរយក ហើយហូបវាចុះ! វានឹងត្រឡប់ជាល្វីងក្នុងពោះរបស់អ្នក ប៉ុន្តែនឹងផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់អ្នក”។ 10 ខ្ញុំក៏យកក្រាំងតូចនោះពីដៃរបស់ទូតសួគ៌ ហើយហូបវាទៅ នោះវាផ្អែមដូចទឹកឃ្មុំក្នុងមាត់របស់ខ្ញុំ ប៉ុន្តែក្រោយពីហូបអស់ វាត្រឡប់ជាល្វីងក្នុងពោះរបស់ខ្ញុំ។ 11 បន្ទាប់មក គេប្រាប់ខ្ញុំថា៖ “អ្នកត្រូវតែព្យាករម្ដងទៀតអំពីជនជាតិ ប្រជាជាតិ ភាសា និងស្ដេចជាច្រើន”៕ |