ម៉ាថាយ 11 - ព្រះគម្ពីរខ្មែរសាកលស្ដីអំពីយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក 1 កាលមួយមានកើតឡើងដូច្នេះ: បន្ទាប់ពីព្រះយេស៊ូវបានបង្គាប់សិស្សទាំងដប់ពីរនាក់ចប់ហើយ ព្រះអង្គក៏យាងចាកចេញពីទីនោះ ដើម្បីបង្រៀន និងប្រកាសនៅក្នុងទីក្រុងនានារបស់គេ។ 2 រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្សរបស់គាត់ឲ្យទៅ 3 ទូលសួរព្រះអង្គថា៖ “តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?”។ 4 ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរទៅប្រាប់យ៉ូហានអំពីអ្វីៗដែលអ្នករាល់គ្នាបានឮ និងបានឃើញ 5 គឺមនុស្សខ្វាក់ភ្នែកមើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់ត្រូវបានលើកឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្របានឮដំណឹងល្អ។ 6 មានពរហើយ អ្នកណាក៏ដោយដែលមិនជំពប់ដួលដោយសារតែខ្ញុំ”។ 7 នៅពេលពួកសិស្សរបស់យ៉ូហានចេញទៅហើយ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងហ្វូងមនុស្សអំពីយ៉ូហានថា៖“តើអ្នករាល់គ្នាចេញទៅមើលអ្វីនៅទីរហោស្ថាន? ទៅមើលដើមត្រែងយោលយោកដោយខ្យល់ឬ? 8 បើមិនដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលមនុស្សដែលដណ្ដប់ដោយសម្លៀកបំពាក់ទន់ៗឬ? មើល៍! អ្នកដែលស្លៀកសម្លៀកបំពាក់ទន់ៗ គេនៅក្នុងដំណាក់ស្ដេចទេ។ 9 ដូច្នេះ តើអ្នករាល់គ្នាចេញទៅមើលអ្វី? ទៅមើលព្យាការីឬ? មែនហើយ! ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ប្រសើរជាងព្យាការីទៅទៀត។ 10 គឺអ្នកនេះហើយ ដែលមានសរសេរទុកមកអំពីគាត់ថា: ‘មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក ដែលនឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក’។ 11 “ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សដែលកើតពីស្ត្រីមក មិនដែលមានអ្នកណាធំជាងយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកនោះទេ; ប៉ុន្តែអ្នកតូចជាងគេនៅក្នុងអាណាចក្រស្ថានសួគ៌ ក៏ធំជាងយ៉ូហានទៅទៀត។ 12 តាំងពីគ្រារបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់ពេលនេះ អាណាចក្រស្ថានសួគ៌ត្រូវគេខំប្រឹងដណ្ដើមយក ហើយមនុស្សដែលខំប្រឹង កំពុងដណ្ដើមយកអាណាចក្រនោះ។ 13 ដ្បិតអស់ទាំងគម្ពីរព្យាការី និងក្រឹត្យវិន័យបានព្យាកររហូតមកដល់យ៉ូហាន។ 14 ប្រសិនបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលរៀបនឹងមក។ 15 អ្នកដែលមានត្រចៀកចូរស្ដាប់ចុះ! ជំនាន់មិនអើពើ 16 “តើខ្ញុំនឹងប្រៀបប្រដូចជំនាន់នេះទៅនឹងអ្វី? គឺប្រៀបដូចជាក្មេងៗអង្គុយតាមផ្សារ ដែលស្រែកទៅក្មេងឯទៀតៗ 17 ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។ 18 ដ្បិតយ៉ូហានបានមក ទាំងមិនហូបមិនផឹក គេក៏ថា: ‘គាត់មានអារក្សចូល!’ 19 រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។ 20 បន្ទាប់មក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមស្ដីបន្ទោសទីក្រុងនានាដែលការអស្ចារ្យរបស់ព្រះអង្គភាគច្រើនត្រូវបានធ្វើនៅទីនោះ ពីព្រោះពួកគេមិនបានកែប្រែចិត្ត។ 21 “វេទនាដល់អ្នកហើយ ខូរ៉ាស៊ីនអើយ! វេទនាដល់អ្នកហើយ បេតសៃដាអើយ! ពីព្រោះប្រសិនបើការអស្ចារ្យដែលបានធ្វើក្នុងចំណោមអ្នករាល់គ្នា បានធ្វើនៅទីរ៉ុស និងស៊ីដូនវិញ ម្ល៉េះសមពួកគេបានកែប្រែចិត្តតាំងពីយូរមកហើយ ដោយពាក់ក្រណាត់ធ្មៃ និងអង្គុយក្នុងផេះផង។ 22 ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ទីរ៉ុស និងស៊ីដូននឹងងាយទ្រាំជាងអ្នករាល់គ្នា! 23 រីឯអ្នកវិញ កាពើណិមអើយ តើអ្នកនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ឬ? ទេ! អ្នកនឹងធ្លាក់ទៅស្ថានមនុស្សស្លាប់វិញ។ ដ្បិតប្រសិនបើការអស្ចារ្យដែលបានធ្វើនៅក្នុងអ្នក បានធ្វើនៅសូដុមវិញ ម្ល៉េះសមទីក្រុងនោះបាននៅគង់វង្សរហូតមកដល់សព្វថ្ងៃហើយ។ 24 ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ដែនដីសូដុមនឹងងាយទ្រាំជាងអ្នកទៅទៀត!”។ ព្រះអម្ចាស់ប្រទានការសម្រាក 25 ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។ 26 មែនហើយ ព្រះបិតាអើយ! ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យយ៉ាងដូច្នេះ។ 27 ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។ 28 “អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ ចូរមករកខ្ញុំ! ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ 29 ចូរលីនឹមរបស់ខ្ញុំ ហើយរៀនពីខ្ញុំចុះ ពីព្រោះខ្ញុំមានចិត្តស្លូត និងរាបទាប។ នោះអ្នករាល់គ្នានឹងរកបានសេចក្ដីសម្រាកសម្រាប់ព្រលឹងរបស់អ្នករាល់គ្នា។ 30 ជាការពិត នឹមរបស់ខ្ញុំស្រួល ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ”៕ |