Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ យ៉ូហាន 1 - ព្រះគម្ពីរខ្មែរសាកល


ព្រះបន្ទូលនៃជីវិត

1 អ្វីដែល​មាន​តាំងពី​ដើមដំបូង​មក ដែល​យើង​បាន​ឮ ដែល​យើង​បាន​ឃើញ​ផ្ទាល់ភ្នែក ដែល​យើង​បាន​សម្លឹង និង​ពាល់​ផ្ទាល់ដៃ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​——

2 គឺ​ជីវិត​នេះហើយ ដែល​ត្រូវបាន​សម្ដែង​។ យើង​បាន​ឃើញ ហើយ​ធ្វើបន្ទាល់ ព្រមទាំង​ប្រកាស​ដល់​អ្នករាល់គ្នា​នូវ​ជីវិតអស់កល្បជានិច្ច ដែល​ស្ថិតនៅ​ជាមួយ​ព្រះ​បិតា ហើយ​ត្រូវបាន​សម្ដែង​ដល់​យើង​។

3 អ្វីដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ យើង​ក៏​ប្រកាស​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ការប្រកបគ្នា​ជាមួយ​យើង​ដែរ​; ជាការពិត ការប្រកបគ្នា​របស់យើង​ជា​ការប្រកបគ្នា​ជាមួយ​ព្រះ​បិតា និង​ជាមួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។

4 យើង​សរសេរ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អំណរ​របស់យើង​ត្រូវបាន​បំពេញ​។


ការប្រកបជាមួយព្រះ

5 នេះ​ជា​សារ​ដែល​យើង​បាន​ឮ​ពី​ព្រះគ្រីស្ទ​មក ហើយ​ប្រកាស​ដល់​អ្នករាល់គ្នា គឺថា​ព្រះ​ជា​ពន្លឺ ហើយ​ក្នុង​ព្រះអង្គ​គ្មាន​សេចក្ដីងងឹត​ណា​ឡើយ​។

6 ប្រសិនបើ​យើង​និយាយ​ថា យើង​មាន​ការប្រកបគ្នា​ជាមួយ​ព្រះ ប៉ុន្តែ​ដើរ​ក្នុង​សេចក្ដីងងឹត​វិញ នោះ​យើង​កំពុង​ភូតភរ ហើយ​មិន​ប្រព្រឹត្តតាម​សេចក្ដីពិត​ទេ​;

7 ប៉ុន្តែ​ប្រសិនបើ​យើង​ដើរ​ក្នុង​ពន្លឺ ដូចដែល​ព្រះអង្គ​គង់នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​ការប្រកប​ជាមួយ​គ្នាទៅវិញទៅមក ហើយ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​ព្រះបុត្រា​របស់​ព្រះ សម្អាត​យើង​ពី​គ្រប់​បាប​ទាំងអស់​។

8 ប្រសិនបើ​យើង​និយាយ​ថា យើង​គ្មាន​បាប នោះ​យើង​កំពុង​បញ្ឆោត​ខ្លួនឯង ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​យើង​ទេ​;

9 ប្រសិនបើ​យើង​សារភាព​បាប​របស់យើង នោះដោយសារ​ព្រះអង្គ​ទ្រង់​ស្មោះត្រង់ និង​សុចរិតយុត្តិធម៌ ដូច្នេះ​ព្រះអង្គ​នឹង​លើកលែងទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​សេចក្ដីទុច្ចរិត​ទាំងអស់​។

10 ប្រសិនបើ​យើង​និយាយ​ថា យើង​មិន​បាន​ប្រព្រឹត្តបាប នោះ​យើង​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​ស្ថិតនៅ​ក្នុង​យើង​ទេ។

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម