អេសាយ 40 - ព្រះគម្ពីរខ្មែរសាកលប្រជារាស្ត្ររបស់ព្រះទទួលការកម្សាន្តចិត្ត 1 ព្រះរបស់អ្នករាល់គ្នាមានបន្ទូលថា៖ “ចូរកម្សាន្តចិត្ត ចូរកម្សាន្តចិត្តប្រជារាស្ត្ររបស់យើង! 2 ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម ហើយប្រកាសទៅនាងថា: ‘ពលកម្មដ៏លំបាករបស់នាងបានបញ្ចប់ហើយ សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា ចំពោះអស់ទាំងបាបរបស់នាង’”។ 3 មានសំឡេងមួយស្រែកនៅទីរហោស្ថានថា៖ “ចូររៀបចំផ្លូវរបស់ព្រះយេហូវ៉ា ចូរតម្រង់មហាវិថីនៅវាលរហោស្ថានថ្វាយព្រះរបស់យើង! 4 ជ្រលងភ្នំទាំងអស់នឹងត្រូវបានលើកឡើង ហើយអស់ទាំងភ្នំ និងទីទួលនឹងត្រូវបានពង្រាប រីឯទីគ្រលិកគ្រលុកនឹងទៅជាទីរាប ហើយទីរដិបរដុបនឹងទៅជាទីស្មើ 5 នោះសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងត្រូវបានបើកសម្ដែង ហើយមនុស្សទាំងអស់នឹងឃើញជាមួយគ្នា។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាបានមានបន្ទូលហើយ”។ 6 មានសំឡេងមួយនិយាយថា៖ “ចូរស្រែកប្រកាសចុះ!” ខ្ញុំក៏សួរថា៖ “តើខ្ញុំត្រូវស្រែកប្រកាសថាដូចម្ដេច?”។ “មនុស្សទាំងអស់ប្រៀបដូចជាស្មៅ ហើយអស់ទាំងលម្អរបស់ពួកគេក៏ប្រៀបដូចជាផ្កានៅទីវាលដែរ។ 7 ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ ដោយព្រោះខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាបក់មកលើវា; ប្រាកដមែន បណ្ដាជនជាស្មៅ។ 8 ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ រីឯព្រះបន្ទូលរបស់ព្រះនៃយើង នៅស្ថិតស្ថេរជារៀងរហូត”។ 9 ស៊ីយ៉ូនជាអ្នកប្រកាសដំណឹងល្អអើយ ចូរអ្នកឡើងទៅលើភ្នំខ្ពស់ចុះ! យេរូសាឡិមជាអ្នកប្រកាសដំណឹងល្អអើយ ចូរបន្លឺសំឡេងរបស់អ្នកឡើងជាខ្លាំងចុះ! ចូរបន្លឺឡើង កុំខ្លាចឡើយ ចូរប្រាប់ទីក្រុងទាំងឡាយនៃយូដាថា៖ “មើល៍! ព្រះរបស់អ្នករាល់គ្នា!”។ 10 មើល៍! ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងយាងមកប្រកបដោយព្រះចេស្ដា ហើយព្រះពាហុរបស់ព្រះអង្គនឹងគ្រប់គ្រងឲ្យព្រះអង្គ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ! 11 ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។ 12 តើនរណាបានវាល់ទឹកទាំងឡាយដោយទូកដៃ ហើយវាស់ផ្ទៃមេឃដោយចំអាម ព្រមទាំងដាក់ធូលីនៃផែនដីក្នុងរង្វាល់ ហើយថ្លឹងភ្នំទាំងឡាយដោយជញ្ជីង និងទីទួលនានាដោយត្រាជូ? 13 តើនរណាបានស្ទង់ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ឬធ្វើជាទីប្រឹក្សារបស់ព្រះអង្គដើម្បីបង្រៀនព្រះអង្គ? 14 តើព្រះអង្គបានប្រឹក្សាជាមួយអ្នកណា? តើនរណាបានធ្វើឲ្យព្រះអង្គមានការយល់ច្បាស់ ហើយបង្រៀនព្រះអង្គក្នុងគន្លងនៃសេចក្ដីយុត្តិធម៌ ក៏បង្រៀនព្រះអង្គនូវចំណេះដឹង ព្រមទាំងធ្វើឲ្យព្រះអង្គស្គាល់ផ្លូវនៃការយល់ដឹង? 15 មើល៍! ប្រជាជាតិនានាប្រៀបដូចជាតំណក់មួយពីធុងទឹក ហើយត្រូវបានចាត់ទុកដូចជាធូលីនៅលើត្រាជូ; មើល៍! ព្រះអង្គទ្រង់លើកកោះនានាឡើង ដូចជារបស់ម៉ដ្ដ។ 16 រីឯលីបង់មិនល្មមសម្រាប់ដុត ហើយសត្វព្រៃនៅទីនោះ ក៏មិនល្មមសម្រាប់តង្វាយដុតដែរ។ 17 ប្រជាជាតិទាំងអស់ប្រៀបដូចជាភាពទទេនៅចំពោះព្រះអង្គ ពួកគេត្រូវព្រះអង្គចាត់ទុកថាតិចជាងគ្មានទៅទៀត ហើយឥតបានការផង។ 18 ដូច្នេះ តើអ្នករាល់គ្នាប្រដូចព្រះនឹងនរណា? តើអ្នករាល់គ្នាប្រៀបធៀបព្រះអង្គជាមួយទ្រង់ទ្រាយអ្វី? 19 តើជាមួយរូបឆ្លាក់ដែលសិប្បករម្នាក់បានសិតធ្វើ ហើយជាងទងស្រោបដោយមាស ព្រមទាំងធ្វើខ្សែប្រាក់ឲ្យវាឬ? 20 រីឯអ្នកដែលខ្វះខាតចំពោះតង្វាយនោះ គេក៏ជ្រើសរើសយកឈើដែលមិនពុកវិញ គេស្វែងរកសិប្បករមានជំនាញឲ្យតាំងរូបឆ្លាក់មួយឡើង មិនឲ្យរង្គើចេញឡើយ។ 21 តើអ្នករាល់គ្នាមិនដឹងទេឬ? តើអ្នករាល់គ្នាមិនឮទេឬ? តើគ្មានអ្នកណាប្រាប់អ្នករាល់គ្នា តាំងពីដើមដំបូងទេឬ? តើអ្នករាល់គ្នាមិនបានយល់ច្បាស់ តាំងពីកំណើតគ្រឹះនៃផែនដីទេឬ? 22 គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។ គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។ 23 ព្រះអង្គបានធ្វើឲ្យពួកមេគ្រប់គ្រងទៅជាគ្មានតម្លៃ ហើយធ្វើឲ្យពួកចៅក្រមនៃផែនដីបានដូចជាភាពទទេ។ 24 ពួកគេត្រូវបានដាំសឹងតែមិនទាន់ហើយ ក៏ត្រូវបានសាបព្រោះសឹងតែមិនទាន់ហើយ ដើមរបស់ពួកគេចាក់ឫសទៅក្នុងដីសឹងតែមិនទាន់ហើយផង ព្រះអង្គក៏ផ្លុំលើពួកគេ នោះពួកគេក្រៀមស្វិតទៅ ហើយខ្យល់ព្យុះក៏យកពួកគេទៅដូចជាចំបើង។ 25 ដូច្នេះ អង្គដ៏វិសុទ្ធមានបន្ទូលថា៖ “តើអ្នករាល់គ្នាប្រដូចយើងនឹងអ្នកណាឲ្យយើងស្មើនឹងអ្នកនោះ?”។ 26 ចូរងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ ហើយមើលចុះ! តើនរណាបាននិម្មិតបង្កើតរបស់ទាំងនេះ? គឺព្រះអង្គដែលនាំពលបរិវារនៅទីនោះចេញមកតាមចំនួន ទាំងហៅពួកវានីមួយៗតាមឈ្មោះ ដោយព្រះចេស្ដាដ៏ធំ និងឫទ្ធានុភាពដ៏ខ្លាំងក្លា; គ្មានណាមួយខានឡើយ។ 27 យ៉ាកុបអើយ ហេតុអ្វីបានជានិយាយ អ៊ីស្រាអែលអើយ ហេតុអ្វីបានជាពោលថា៖ “ផ្លូវរបស់អញត្រូវបានលាក់ពីព្រះយេហូវ៉ា ហើយយុត្តិធម៌របស់អញបានរំលងផុតពីព្រះរបស់អញ” ដូច្នេះ? 28 តើអ្នកមិនបានដឹងទេឬ? តើអ្នកមិនបានឮទេឬ? ព្រះដ៏អស់កល្ប គឺព្រះយេហូវ៉ាជាព្រះអាទិករនៃចុងបំផុតនៃផែនដី។ ព្រះអង្គមិនល្វើយឡើយ ក៏មិនអស់កម្លាំងផង; ការយល់ដឹងរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។ 29 ព្រះអង្គប្រទានកម្លាំងដល់អ្នកដែលល្វើយ ហើយចម្រើនភាពមាំមួនដល់អ្នកដែលគ្មានកម្លាំង។ 30 ថ្វីត្បិតតែយុវជនបានល្វើយ និងអស់កម្លាំង ហើយមនុស្សកំលោះបានដួលស្ដូកក៏ដោយ 31 ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕ |