Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហេព្រើរ 1 - ព្រះគម្ពីរខ្មែរសាកល


សណ្ឋានរបស់ព្រះបុត្រា

1 ជាយូរមកហើយ ព្រះ​បាន​មានបន្ទូល​នឹង​ពួក​ដូនតា​តាមរយៈ​បណ្ដា​ព្យាការី ក្នុងពេលខុសៗគ្នា និង​ដោយរបៀបខុសៗគ្នា

2 ប៉ុន្តែ​នៅ​គ្រា​ចុងបញ្ចប់​នេះ ព្រះអង្គ​មានបន្ទូល​នឹង​យើង​តាមរយៈ​ព្រះបុត្រា​ដែល​ព្រះអង្គ​បាន​តែងតាំង​ជា​អ្នកទទួល​របស់​សព្វសារពើ​ជាមរតក ហើយ​បាន​បង្កើត​សាកលលោក តាមរយៈ​ព្រះបុត្រានេះ​ដែរ​។

3 ព្រះបុត្រា​ជា​រស្មី​នៃ​សិរីរុងរឿង និង​ជា​រូបតំណាង​នៃ​សណ្ឋាន​របស់​ព្រះ ហើយ​ទ្រទ្រង់​របស់​សព្វសារពើ​ដោយ​ព្រះបន្ទូល​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។ នៅពេល​បំពេញឲ្យសម្រេច​នូវ​ការជម្រះ​បាប ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះដ៏ឧត្ដុង្គឧត្ដម​នៅ​ស្ថានដ៏ខ្ពស់​។

4 ព្រះអង្គ​បាន​ប្រសើរជាង​បណ្ដា​ទូតសួគ៌​ឆ្ងាយណាស់ ដោយព្រោះ​ព្រះអង្គ​បាន​ទទួល​នាម​មួយ​ដែល​មានតម្លៃលើសជាង​នាមរបស់បណ្ដាទូតសួគ៌​ជាមរតក​។


ព្រះបុត្រាប្រសើរជាងទូតសួគ៌

5 កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​:“អ្នក​ជា​បុត្រ​របស់យើង ថ្ងៃនេះ​យើង​បាន​បង្កើត​អ្នក” ឬ​ថា​:“យើង​នឹង​ធ្វើជា​បិតា​របស់​អ្នកនេះ ហើយ​អ្នកនេះ​នឹង​ធ្វើជា​បុត្រ​របស់យើង”​?

6 យ៉ាងណាមិញ នៅពេល​ព្រះអង្គ​នាំ​បុត្រច្បង​ចូលមក​ក្នុង​ពិភពលោកនេះ​ម្ដងទៀត ព្រះអង្គ​មានបន្ទូលថា​: “ចូរឲ្យ​អស់ទាំង​ទូតសួគ៌​របស់​ព្រះ ថ្វាយបង្គំ​ព្រះបុត្រា”​។

7 អំពី​បណ្ដា​ទូតសួគ៌ ព្រះអង្គ​មានបន្ទូល​មែន​ថា​: “ព្រះ​ទ្រង់​ធ្វើឲ្យ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៅជា​ខ្យល់ ហើយ​ធ្វើឲ្យ​អ្នកបម្រើ​របស់​ព្រះអង្គ​ទៅជា​ភ្លើងសន្ធោសន្ធៅ”

8 រីឯ​អំពី​ព្រះបុត្រា​វិញ ព្រះអង្គ​មានបន្ទូលថា​: “ព្រះ​អើយ បល្ល័ង្ក​របស់ព្រះអង្គ​ស្ថិតនៅ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​; ដំបងរាជ្យ​នៃ​អាណាចក្រ​របស់ព្រះអង្គ ជា​ដំបងរាជ្យ​នៃ​សេចក្ដីយុត្តិធម៌​។

9 ព្រះអង្គ​ស្រឡាញ់​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​ស្អប់​ការឥតច្បាប់ ដោយហេតុនេះ ព្រះ គឺ​ព្រះ​របស់ព្រះអង្គ បាន​ចាក់ប្រេងអភិសេក​លើ​ព្រះអង្គ ដោយ​ប្រេង​នៃ​អំណរ ជាជាង​គូកន​របស់ព្រះអង្គ” ។

10 ព្រះអង្គ​មានបន្ទូល​ទៀត​ថា​: “ព្រះអម្ចាស់​អើយ នៅ​ដើមដំបូង ព្រះអង្គ​បាន​ចាក់គ្រឹះ​ផែនដី ហើយ​ផ្ទៃមេឃ​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

11 ផ្ទៃមេឃ និងផែនដី នឹង​សាបសូន្យ​ទៅ ប៉ុន្តែ​ព្រះអង្គ​នៅស្ថិតស្ថេរ​ជានិច្ច​; ទាំង​ផ្ទៃមេឃ ទាំង​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់​។

12 ព្រះអង្គ​នឹង​មូរ​ផ្ទៃមេឃ និងផែនដី​ដូច​អាវវែង ផ្ទៃមេឃ និងផែនដី​នឹង​ត្រូវបាន​ប្ដូរ​ដូច​សម្លៀកបំពាក់ ‍ដែរ​; ប៉ុន្តែ​ព្រះអង្គ​នៅដដែល ព្រះជន្មាយុ​របស់ព្រះអង្គ​មិន​ចេះ​អស់​ឡើយ” ។

13 កាលពីដើម តើ​ព្រះ​មានបន្ទូល​នឹង​ទូតសួគ៌​មួយណា​ថា​: “ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ធ្វើឲ្យ​ពួក​ខ្មាំងសត្រូវ​របស់អ្នក ទៅជា​កំណល់​ជើង​របស់អ្នក” ?

14 តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម