អេសាយ 45 - ព្រះគម្ពីរខ្មែរសាកល1 ព្រះយេហូវ៉ាមានបន្ទូលទៅកាន់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ គឺស៊ីរូសជាអ្នកដែលព្រះអង្គកាន់ដៃស្ដាំរបស់ទ្រង់ ដើម្បីបង្ក្រាបប្រជាជាតិនានានៅមុខទ្រង់ ហើយបន្ធូរខ្សែក្រវាត់របស់ពួកស្ដេច ដើម្បីបើកទ្វារនៅមុខទ្រង់ ហើយទ្វារក្រុងនឹងមិនបិទឡើយ—— ព្រះអង្គមានបន្ទូលទៅកាន់ទ្រង់ដូច្នេះថា៖ 2 “យើងនឹងទៅខាងមុខអ្នក ហើយធ្វើឲ្យទីរដិបរដុបបានរាបស្មើ; យើងនឹងបំបាក់ទ្វារលង្ហិន ហើយកាត់រនុកដែកចោល។ 3 យើងនឹងឲ្យទ្រព្យសម្បត្តិដែលនៅទីងងឹត និងកំណប់ដែលនៅទីស្ងាត់កំបាំងដល់អ្នក ដើម្បីឲ្យអ្នកបានដឹងថា យើងជាយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ដែលហៅអ្នកចំឈ្មោះ។ 4 ដោយយល់ដល់យ៉ាកុបអ្នកបម្រើរបស់យើង និងអ៊ីស្រាអែលអ្នកដែលត្រូវបានជ្រើសរើសរបស់យើង យើងនឹងហៅអ្នកចំឈ្មោះ។ យើងនឹងឲ្យនាមមួយដល់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ។ 5 យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ គ្មានព្រះណាក្រៅពីយើងឡើយ។ យើងនឹងក្រវាត់អ្នក ទោះបីជាអ្នកមិនស្គាល់យើងក៏ដោយ 6 ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិចថា គ្មានព្រះណាក្រៅពីយើងឡើយ យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។ 7 យើងបានសូនពន្លឺឡើង ហើយនិម្មិតបង្កើតភាពងងឹត; យើងបានធ្វើឲ្យមានសេចក្ដីសុខសាន្ត ហើយនិម្មិតបង្កើតមហន្តរាយ។ គឺយើងជាយេហូវ៉ា បានធ្វើគ្រប់ការទាំងនេះ។ 8 ផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក! ចូរឲ្យពពកបង្អុរសេចក្ដីសុចរិត ចូរឲ្យផែនដីបើកឡើង ដើម្បីឲ្យសេចក្ដីសង្គ្រោះបង្កើតផល ដើម្បីឲ្យសេចក្ដីសុចរិតចេញពន្លកជាមួយគ្នា! គឺយើងជាយេហូវ៉ា បាននិម្មិតបង្កើតទាំងអស់នេះ”។ 9 វេទនាហើយ! អ្នកដែលតតាំងនឹងអ្នកដែលបានសូនខ្លួនឡើង! គេគ្រាន់តែជាភាជនៈដីមួយក្នុងចំណោមភាជនៈដីទាំងអស់នៅលើផែនដីប៉ុណ្ណោះ។ តើដីឥដ្ឋនិយាយនឹងអ្នកដែលសូនខ្លួនថា៖ “ឯងកំពុងធ្វើអ្វី? ម្ដេចក៏សមិទ្ធផលរបស់ឯងគ្មានដៃចាប់ដូច្នេះ?” ឬ? 10 វេទនាហើយ! អ្នកដែលនិយាយនឹងឪពុកថា៖ “ពុកបានបង្កើតអ្វី?” ឬនិយាយនឹងម្ដាយថា៖ “ម៉ែបានសម្រាលអ្វី?”។ 11 ព្រះយេហូវ៉ាជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកដែលសូនពួកគេឡើង មានបន្ទូលដូច្នេះថា៖ “ចូរសួរយើងអំពីការដែលនឹងមកដល់ ហើយបង្គាប់យើងទាក់ទងនឹងកូនចៅរបស់យើង និងកិច្ចការនៃដៃរបស់យើងចុះ។ 12 គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ; គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។ 13 យើងបានដាស់ស៊ីរូសឡើងដោយសេចក្ដីសុចរិត ព្រមទាំងតម្រង់គ្រប់ទាំងផ្លូវរបស់គាត់។ គាត់នឹងសង់ទីក្រុងរបស់យើងឡើងវិញ ហើយដោះលែងជនជម្លៀសរបស់យើង មិនមែនដើម្បីប្រាក់ចំណូលទេ ក៏មិនមែនដើម្បីរង្វាន់ដែរ”។ ព្រះយេហូវ៉ានៃពលបរិវារ មានបន្ទូលដូច្នេះហើយ។ ព្រះយេហូវ៉ាជាព្រះសង្គ្រោះតែមួយអង្គគត់ 14 ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។ 15 ព្រះនៃអ៊ីស្រាអែល ជាព្រះសង្គ្រោះអើយ ព្រះអង្គពិតជាព្រះដែលលាក់អង្គទ្រង់! 16 អស់ទាំងជាងធ្វើរូបបដិមាករនឹងអាម៉ាស់មុខ ហើយអៀនខ្មាស ពួកគេនឹងចេញទៅទាំងទទួលការអាប់យសជាមួយគ្នា។ 17 រីឯអ៊ីស្រាអែលនឹងត្រូវព្រះយេហូវ៉ាសង្គ្រោះដោយសេចក្ដីសង្គ្រោះដ៏អស់កល្ប; អ្នករាល់គ្នានឹងមិនអាម៉ាស់មុខ ឬអៀនខ្មាសឡើយ គឺរហូតអស់កល្បជាអង្វែងតរៀងទៅ។ 18 ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។ 19 យើងមិនបាននិយាយក្នុងទីលាក់កំបាំង ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។ យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា: ‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។ យើងជាយេហូវ៉ា យើងនិយាយសេចក្ដីសុចរិត យើងប្រកាសសេចក្ដីទៀងត្រង់។ 20 ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។ 21 ចូរចូលមកជិត ហើយប្រកាសចុះ! មែនហើយ ចូរប្រឹក្សាគ្នាចុះ! តើនរណាបានតំណាលការនេះឲ្យស្ដាប់តាំងពីបុរាណមក? តើនរណាបានប្រកាសការនេះតាំងពីដើមមក? តើមិនមែនយើងជាយេហូវ៉ាទេឬ? គ្មានព្រះណាទៀតក្រៅពីយើងឡើយ ដែលជាព្រះដ៏សុចរិតយុត្តិធម៌ និងជាព្រះសង្គ្រោះ; ក្រៅពីយើង គ្មានអ្នកណាឡើយ។ 22 អស់អ្នកនៅចុងបំផុតនៃផែនដីអើយ ចូរបែរមករកយើង ហើយទទួលការសង្គ្រោះចុះ! ដ្បិតយើងហ្នឹងហើយ គឺជាព្រះ គ្មានអ្នកណាទៀតឡើយ។ 23 យើងបានស្បថដោយអាងខ្លួនយើង; ពាក្យនេះបានចេញពីមាត់របស់យើងក្នុងសេចក្ដីសុចរិត ដែលមិនត្រឡប់មកវិញឡើយ គឺថា: ‘គ្រប់ទាំងជង្គង់នឹងលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្ដាតនឹងស្បថ’។ 24 គេនឹងនិយាយអំពីយើងថា: ‘សេចក្ដីសុចរិតយុត្តិធម៌ និងព្រះចេស្ដា មានតែនៅក្នុងព្រះយេហូវ៉ាប៉ុណ្ណោះ!’”។ គេនឹងមកឯព្រះអង្គ ហើយអស់អ្នកដែលបានក្ដៅក្រហាយនឹងព្រះអង្គ នឹងអាម៉ាស់មុខ។ 25 អស់ទាំងពូជពង្សអ៊ីស្រាអែលនឹងត្រូវបានរាប់ជាសុចរិតក្នុងព្រះយេហូវ៉ា ហើយពួកគេនឹងអួត៕ |