ទំនុកតម្កើង 33 - ព្រះគម្ពីរខ្មែរសាកលសរសើរតម្កើងដល់ព្រះអាទិករ 1 មនុស្សសុចរិតអើយ ចូរស្រែកហ៊ោសប្បាយក្នុងព្រះយេហូវ៉ា! ដ្បិតការសរសើរតម្កើងពីមនុស្សទៀងត្រង់ជាការសមគួរ។ 2 ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយពិណហាប ចូរច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់! 3 ចូរច្រៀងចម្រៀងថ្មីថ្វាយព្រះអង្គ ចូរលេងភ្លេងយ៉ាងស្ទាត់ជំនាញដោយសម្រែកហ៊ោសប្បាយ! 4 ដ្បិតព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៀងត្រង់ ហើយអស់ទាំងកិច្ចការរបស់ព្រះអង្គបានធ្វើក្នុងភាពស្មោះត្រង់។ 5 ព្រះអង្គទ្រង់ស្រឡាញ់សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌; ផែនដីបានពេញដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ា។ 6 បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។ 7 ព្រះអង្គប្រមូលទឹកសមុទ្រជាគំនរ ព្រះអង្គដាក់ទីជម្រៅនៅក្នុងឃ្លាំង។ 8 ចូរឲ្យផែនដីទាំងមូលកោតខ្លាចព្រះយេហូវ៉ា ចូរឲ្យអស់អ្នកដែលរស់នៅក្នុងពិភពលោកភិតភ័យនឹងព្រះអង្គ 9 ដ្បិតព្រះអង្គបានមានបន្ទូល នោះក៏កើតមាន ព្រះអង្គបានបង្គាប់ នោះក៏នៅស្ថិតស្ថេរ។ 10 ព្រះយេហូវ៉ាបានធ្វើឲ្យផែនការរបស់ប្រជាជាតិនានាខ្ទេចសូន្យ ព្រះអង្គបានធ្វើឲ្យគម្រោងរបស់ប្រជាជនទាំងឡាយបរាជ័យ។ 11 ដំបូន្មានរបស់ព្រះយេហូវ៉ានៅជារៀងរហូត អស់ទាំងគម្រោងព្រះហឫទ័យរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។ 12 មានពរហើយ ប្រជាជាតិដែលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ជាប្រជារាស្ត្រដែលព្រះអង្គបានជ្រើសរើសទុកជាមរតករបស់អង្គទ្រង់! 13 ព្រះយេហូវ៉ាបានទតមើលពីស្ថានសួគ៌ ក៏ទតឃើញមនុស្សលោកទាំងអស់។ 14 ព្រះអង្គទ្រង់សង្កេតមើលអស់អ្នកដែលរស់នៅលើផែនដី ពីទីគង់នៅរបស់ព្រះអង្គ។ 15 ព្រះអង្គសូនចិត្តពួកគេទាំងអស់គ្នា ហើយឈ្វេងយល់អស់ទាំងកិច្ចការរបស់ពួកគេ។ 16 ស្ដេចមិនត្រូវបានសង្គ្រោះដោយកងទ័ពច្រើនឡើយ ហើយមនុស្សខ្លាំងពូកែក៏មិនត្រូវបានរំដោះឲ្យរួចដោយកម្លាំងដ៏ខ្លាំងដែរ; 17 ឯសេះក៏ឥតប្រយោជន៍សម្រាប់ការរួចជីវិតដែរ វាមិនអាចរំដោះបានដោយកម្លាំងដ៏ខ្លាំងរបស់វាឡើយ។ 18 មើល៍! ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើអ្នកដែលកោតខ្លាចព្រះអង្គ គឺនៅលើអ្នកដែលរំពឹងលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ 19 ដើម្បីរំដោះព្រលឹងរបស់ពួកគេពីសេចក្ដីស្លាប់ និងដើម្បីរក្សាជីវិតរបស់ពួកគេនៅពេលមានទុរ្ភិក្ស។ 20 ព្រលឹងរបស់យើងរង់ចាំព្រះយេហូវ៉ា ព្រះអង្គជាជំនួយរបស់យើង និងជាខែលរបស់យើង។ 21 ដ្បិតចិត្តរបស់យើងអរសប្បាយក្នុងព្រះអង្គ យើងបានជឿទុកចិត្តលើព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ 22 ព្រះយេហូវ៉ាអើយ ដូចដែលយើងខ្ញុំបានរំពឹងលើព្រះអង្គ សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គស្ថិតលើយើងខ្ញុំផង!៕ |