អេសាយ 44 - ព្រះគម្ពីរខ្មែរសាកលអ៊ីស្រាអែលទទួលព្រះពរ 1 ប៉ុន្តែឥឡូវនេះ យ៉ាកុបអ្នកបម្រើរបស់យើងអើយ អ៊ីស្រាអែលដែលយើងបានជ្រើសរើសអើយ ចូរស្ដាប់ចុះ! 2 ព្រះយេហូវ៉ាដែលបង្កើតអ្នក ដែលសូនអ្នកឡើងតាំងពីផ្ទៃម្ដាយ ជាព្រះអង្គដែលជួយអ្នក គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យ៉ាកុបអ្នកបម្រើរបស់យើងអើយ យេស៊ូរុនដែលយើងបានជ្រើសរើសអើយ កុំខ្លាចឡើយ! 3 ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកដែលស្រេក ព្រមទាំងស្ទឹងទៅលើដីហួតហែងផង; យើងនឹងចាក់វិញ្ញាណរបស់យើងទៅលើពូជពង្សរបស់អ្នក ព្រមទាំងពររបស់យើងទៅលើកូនចៅរបស់អ្នកដែរ។ 4 ពួកគេនឹងដុះឡើងនៅក្នុងស្មៅ ដូចជាដើមសូលនៅក្បែរផ្លូវទឹក។ 5 ម្នាក់នឹងពោលថា: ‘ខ្ញុំជារបស់ព្រះយេហូវ៉ា’ ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះរបស់យ៉ាកុប រីឯម្នាក់ទៀតនឹងសរសេរលើដៃរបស់ខ្លួនថា ‘របស់ព្រះយេហូវ៉ា’ ហើយដាក់ឈ្មោះខ្លួនតាមឈ្មោះរបស់អ៊ីស្រាអែល”។ គ្មានព្រះណាក្រៅពីព្រះយេហូវ៉ា 6 ព្រះយេហូវ៉ាជាព្រះមហាក្សត្រនៃអ៊ីស្រាអែល ហើយជាព្រះប្រោសលោះរបស់ពួកគេ គឺព្រះយេហូវ៉ានៃពលបរិវារ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាដើម និងជាចុង។ គ្មានព្រះណាក្រៅពីយើងឡើយ។ 7 តើនរណាដូចយើង? ចូរឲ្យអ្នកនោះប្រកាសចុះ! ចូរឲ្យអ្នកនោះថ្លែង ព្រមទាំងរៀបរាប់ការនោះនៅចំពោះយើង តាំងពីពេលដែលយើងបានតាំងឲ្យមានជាតិសាសន៍ពីបុរាណចុះ! ចូរឲ្យអ្នកនោះថ្លែងអំពីអ្វីៗដែលនឹងមកដល់ និងអ្វីៗដែលនឹងកើតឡើងចុះ! 8 កុំភ័យខ្លាចឡើយ ក៏កុំតក់ស្លុតដែរ! តើយើងមិនបានប្រកាស ហើយប្រាប់ដល់អ្នកតាំងពីដើមទេឬ? ឥឡូវនេះ អ្នករាល់គ្នាជាសាក្សីរបស់យើងហើយ! តើមានព្រះណាក្រៅពីយើងឬ? គ្មានថ្មដាណាឡើយ យើងក៏មិនស្គាល់ដែរ!”។ 9 អស់អ្នកដែលបង្កើតរូបឆ្លាក់គឺឥតបានការ ហើយរបស់ដែលពួកគេពេញចិត្តនោះ ក៏ឥតប្រយោជន៍ដែរ។ សាក្សីរបស់ពួកគេមើលមិនឃើញ ហើយមិនដឹងផង ដូច្នេះពួកគេនឹងអាម៉ាស់មុខ។ 10 តើនរណាបានសូនព្រះឡើង ឬសិតរូបបដិមាករដែលឥតប្រយោជន៍ដូច្នេះ? 11 មើល៍! អស់ទាំងគូកនរបស់រូបនោះនឹងអាម៉ាស់មុខ ដ្បិតខ្លួនសិប្បករទាំងនោះគ្រាន់តែជាមនុស្សប៉ុណ្ណោះ។ ចូរឲ្យពួកគេទាំងអស់គ្នាជួបជុំ ហើយឈរឡើងចុះ! ពួកគេនឹងភ័យខ្លាច ទាំងអាម៉ាស់មុខជាមួយគ្នា! 12 ជាងលោហៈដំនៅលើភ្លើងធ្យូងដោយឧបករណ៍ ហើយច្នៃវាឲ្យចេញរូបរាងដោយញញួរ ព្រមទាំងធ្វើវាដោយដើមដៃដ៏មានកម្លាំងរបស់ខ្លួន។ គាត់ក៏ឃ្លាន ហើយអស់កម្លាំងផង ក៏ល្វើយទៅដោយសារមិនបានផឹកទឹក។ 13 ជាងឈើលាតខ្សែរង្វាស់គូសរាងវាដោយខ្មៅដៃ ហើយឈូសវាដោយដែកឈូស ក៏គូសរាងវាដោយប្រពាយ រួចធ្វើវាឲ្យដូចរូបរាងមនុស្ស គឺឲ្យដូចលម្អរបស់មនុស្ស ដើម្បីតម្កល់ក្នុងផ្ទះ។ 14 គាត់កាប់រំលំដើមស៊ីដាសម្រាប់ខ្លួន ក៏ជ្រើសរើសយកដើមស្រល់ និងដើមអូក ហើយឲ្យវាដុះរឹងមាំក្នុងចំណោមដើមឈើក្នុងព្រៃសម្រាប់ខ្លួនគាត់។ គាត់ដាំដើមអូរ៉ែន ហើយទឹកភ្លៀងក៏ធ្វើឲ្យវាធំឡើង។ 15 ដូច្នេះ ឈើទាំងនោះក៏បានសម្រាប់មនុស្សដុត។ គាត់យកខ្លះពីក្នុងវាមកដុតកម្ដៅខ្លួន គាត់បង្កាត់ភ្លើង ហើយដុតនំប៉័ង ក៏ធ្វើព្រះមួយដើម្បីថ្វាយបង្គំ; គាត់ធ្វើវាជារូបឆ្លាក់មួយ ហើយក្រាបចុះនៅចំពោះរូបនោះ។ 16 ឈើពាក់កណ្ដាលគាត់ដុតក្នុងភ្លើង ហើយអាំងសាច់នៅលើឈើពាក់កណ្ដាលនោះ។ គាត់ហូបសាច់អាំងនោះ ក៏ឆ្អែតទៅ ទាំងកម្ដៅខ្លួនផង រួចពោលថា៖ “ហាសហា! ក្ដៅស្រួលណាស់! ខ្ញុំបានកក់ក្ដៅហើយ”។ 17 រីឯឈើដែលសល់ គាត់ធ្វើជាព្រះ ជារូបឆ្លាក់សម្រាប់ខ្លួន ក៏ក្រាបចុះនៅចំពោះវា ហើយថ្វាយបង្គំ ព្រមទាំងអធិស្ឋានទៅវាថា៖ “សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ”។ 18 ពួកគេមិនដឹងទេ ហើយក៏មិនយល់ដែរ ដ្បិតព្រះអង្គបានបាំងភ្នែករបស់ពួកគេមិនឲ្យឃើញ ព្រះអង្គបានបាំងចិត្តរបស់ពួកគេមិនឲ្យចាប់ភ្លឹក។ 19 គ្មានអ្នកណាសញ្ចឹងគិត ហើយគេគ្មានចំណេះដឹង ក៏គ្មានការយល់ដឹងនឹងនិយាយថា៖ “អញបានដុតឈើពាក់កណ្ដាលក្នុងភ្លើង ក៏បានដុតនំប៉័ងលើរងើក។ អញបានអាំងសាច់ ហើយហូបផង។ ម្ដេចក៏អញត្រូវធ្វើរបស់គួរឲ្យស្អប់ខ្ពើមដោយឈើដែលសល់ដូច្នេះ? តើអញគួរក្រាបចុះនៅចំពោះដុំឈើឬ?”។ 20 អ្នកនោះស៊ីផេះជាអាហារ; ចិត្តដែលត្រូវបានបោកបញ្ឆោតបានបង្វែរអ្នកនោះ; អ្នកនោះមិនអាចដោះខ្លួន ក៏មិនអាចនិយាយថា៖ “អ្វីដែលនៅក្នុងដៃស្ដាំខ្ញុំ តើមិនមែនជាសេចក្ដីកុហកទេឬ?” បានដែរ។ 21 យ៉ាកុបអើយ អ៊ីស្រាអែលអើយ ចូរនឹកចាំអំពីសេចក្ដីទាំងនេះចុះ ដ្បិតអ្នកជាអ្នកបម្រើរបស់យើង; យើងបានសូនអ្នកឡើង អ្នកជាអ្នកបម្រើរបស់យើង; អ៊ីស្រាអែលអើយ យើងនឹងមិនភ្លេចអ្នកឡើយ។ 22 យើងបានលុបការបំពានរបស់អ្នកចេញ ដូចជាពពកដ៏ក្រាស់ ក៏បានលុបបាបរបស់អ្នកចេញ ដូចជាអ័ព្ទផង។ ចូរត្រឡប់មកឯយើងវិញ ដ្បិតយើងបានលោះអ្នកហើយ! 23 ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។ ស្ដារអ៊ីស្រាអែលឡើងវិញតាមរយៈស៊ីរូស 24 ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង; 25 យើងជាអ្នកដែលបញ្ឈប់ទីសម្គាល់របស់ព្យាការីក្លែងក្លាយ ហើយធ្វើឲ្យគ្រូទាយទៅជាឆ្កួត; យើងជាអ្នកដែលបង្វែរមនុស្សមានបញ្ញា ហើយធ្វើឲ្យចំណេះដឹងរបស់ពួកគេទៅជាល្ងីល្ងើ; 26 យើងជាអ្នកដែលបញ្ជាក់ពាក្យរបស់អ្នកបម្រើយើង ហើយបំពេញឲ្យសម្រេចតាមផែនការរបស់អ្នកនាំសារយើង; យើងជាអ្នកដែលនិយាយអំពីយេរូសាឡិមថា: ‘នាងនឹងមានគេរស់នៅ’ ហើយនិយាយអំពីទីក្រុងនានានៃយូដាថា: ‘នាងនឹងត្រូវបានសង់ឡើងវិញ ហើយយើងនឹងស្ដារទីបាក់បែករបស់នាងឡើងវិញ’។ 27 យើងជាអ្នកដែលនិយាយទៅទីជម្រៅថា: ‘ចូររីងទៅ ហើយយើងនឹងធ្វើឲ្យទន្លេទាំងឡាយរបស់អ្នករីងស្ងួត’។ 28 យើងជាអ្នកដែលនិយាយអំពីស៊ីរូសថា: ‘គាត់ជាអ្នកគង្វាលរបស់យើង! គាត់នឹងបំពេញឲ្យសម្រេចតាមអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’ ហើយនិយាយអំពីយេរូសាឡិមថា: ‘ចូរឲ្យនាងត្រូវបានសង់ឡើងវិញ’ ក៏និយាយអំពីព្រះវិហារថា: ‘ចូរឲ្យនាងត្រូវបានចាក់គ្រឹះ’”៕ |