Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 96 - ព្រះគម្ពីរខ្មែរសាកល


ថ្វាយបង្គំព្រះមហាក្សត្រដ៏ខ្ពស់បំផុត

1 ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ផែនដី​ទាំងមូល​អើយ ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា​!

2 ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ពីមួយថ្ងៃទៅមួយថ្ងៃ​។

3 ចូរ​ថ្លែង​អំពី​សិរីរុងរឿង​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ប្រជាជាតិ​នានា ចូរ​ថ្លែង​អំពី​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​បណ្ដាជន​ទាំងអស់​;

4 ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង​; ព្រះអង្គ​គួរឲ្យកោតខ្លាច​លើស​ព្រះ​ទាំងអស់​។

5 អស់ទាំង​ព្រះ​របស់​ប្រជាជាតិ​នានា​សុទ្ធតែជា​រូបបដិមាករឥតប្រយោជន៍ រីឯ​ព្រះយេហូវ៉ា​វិញ ព្រះអង្គ​បាន​បង្កើត​បណ្ដាមេឃ​។

6 កិត្តិយស និង​អានុភាព​នៅចំពោះ​ព្រះអង្គ ឫទ្ធានុភាព និង​សិរីរុងរឿង​នៅក្នុង​ទីវិសុទ្ធ​របស់ព្រះអង្គ​។

7 ពូជសាសន៍​ទាំងឡាយ​នៃ​ប្រជាជាតិ​នានា​អើយ ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ចូរ​ថ្វាយ​សិរីរុងរឿង និង​ឫទ្ធានុភាព​ដល់​ព្រះយេហូវ៉ា​!

8 ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា​នូវ​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​; ចូរ​នាំយក​តង្វាយ ហើយ​ចូលទៅ​ក្នុង​ទីធ្លា​របស់ព្រះអង្គ​។

9 ចូរ​ថ្វាយបង្គំ​ព្រះយេហូវ៉ា​ក្នុង​ភាពរុងរឿង​នៃ​ភាពវិសុទ្ធ​; ផែនដី​ទាំងមូល​អើយ ចូរ​ញ័ររន្ធត់​នៅចំពោះ​ព្រះអង្គ​!

10 ចូរ​និយាយ​នៅកណ្ដាលចំណោម​ប្រជាជាតិ​ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ហើយ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង វា​មិន​រង្គើ​ឡើយ​; ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីទៀងត្រង់”។

11 ចូរឲ្យ​បណ្ដាមេឃ​អរសប្បាយ ចូរឲ្យ​ផែនដី​ត្រេកអរ ចូរឲ្យ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ​គ្រហឹមឡើង

12 ចូរឲ្យ​ទីវាល និង​អ្វីៗ​ទាំងអស់​ដែល​នៅ​ទីនោះ​លោតកញ្ឆេង នោះ​អស់ទាំង​ដើមឈើ​នៅ​ព្រៃ​នឹង​ស្រែកហ៊ោសប្បាយ​នៅចំពោះ​ព្រះយេហូវ៉ា

13 ដ្បិត​ព្រះអង្គ​នឹង​យាង​មក គឺ​យាង​មក​ដើម្បី​ជំនុំជម្រះ​ផែនដី ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គ​នឹង​ជំនុំជម្រះ​បណ្ដាជន​ដោយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម