ទំនុកតម្កើង 104 - ព្រះគម្ពីរខ្មែរសាកលថ្វាយពរព្រះអាទិករ 1 ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ព្រះអង្គទ្រង់ធំឧត្ដមណាស់ ព្រះអង្គបានពាក់សិរីរុងរឿង និងអានុភាពជាព្រះពស្ត្រ! 2 ព្រះអង្គគ្របដណ្ដប់អង្គទ្រង់ដោយពន្លឺ ដូចសម្លៀកបំពាក់ ហើយលាតផ្ទៃមេឃដូចវាំងនន។ 3 ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។ 4 ព្រះអង្គទ្រង់យកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកភ្លើងសន្ធោសន្ធៅធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។ 5 ព្រះអង្គបានតាំងផែនដីឡើងនៅលើគ្រឹះរបស់វា ដើម្បីកុំឲ្យវារង្គើឡើយ គឺជារៀងរហូតអស់កល្បជានិច្ច។ 6 ព្រះអង្គបានគ្របដណ្ដប់ផែនដីដោយទីជម្រៅដូចសម្លៀកបំពាក់; ទឹកដ៏ច្រើនឈរខ្ពស់ជាងភ្នំនានា។ 7 ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ ទឹកដ៏ច្រើនក៏រត់គេច ដោយសារតែសំឡេងផ្គរលាន់របស់ព្រះអង្គ វាក៏ប្រញាប់រត់ចេញ; 8 ទឹកដ៏ច្រើនបានឡើងទៅលើភ្នំនានា រួចចុះទៅក្នុងជ្រលងភ្នំទាំងឡាយ ឆ្ពោះទៅកន្លែងដែលព្រះអង្គបានកំណត់សម្រាប់វា។ 9 ព្រះអង្គបានដាក់ព្រំប្រទល់ មិនឲ្យវាហូររំលងបាន ដើម្បីកុំឲ្យវាត្រឡប់មកគ្របលើផែនដីវិញ។ 10 ព្រះអង្គទ្រង់ធ្វើឲ្យប្រភពទឹកផុសឡើងក្នុងជ្រលងភ្នំនានា វាក៏ហូរនៅចន្លោះភ្នំទាំងឡាយ 11 ហើយឲ្យអស់ទាំងសត្វព្រៃនៃទីវាលផឹកពីវា; លាព្រៃក៏រម្លត់សម្រេករបស់វាដែរ។ 12 បក្សាបក្សីនៅលើអាកាសរស់នៅក្បែរផ្លូវទឹកទាំងនោះ ហើយបន្លឺសំឡេងនៅតាមមែកឈើ។ 13 ព្រះអង្គស្រោចទឹកលើភ្នំនានា ពីបន្ទប់ខាងលើរបស់ព្រះអង្គ; ផែនដីនឹងឆ្អែតដោយផលនៃស្នាព្រះហស្តរបស់ព្រះអង្គ។ 14 ព្រះអង្គទ្រង់ធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វស្រុក ក៏ធ្វើឲ្យដំណាំបន្លែដុះឡើងសម្រាប់ជាការងារដល់មនុស្ស ដើម្បីឲ្យគេទាញយកអាហារពីផែនដី។ 15 ព្រះអង្គទ្រង់ធ្វើឲ្យចិត្តមនុស្សអរសប្បាយដោយស្រាទំពាំងបាយជូរ ក៏ធ្វើឲ្យមុខគេភ្លឺរលោងដោយប្រេងអូលីវ ហើយទ្រទ្រង់ចិត្តមនុស្សដោយអាហារ។ 16 ដើមឈើទាំងឡាយរបស់ព្រះយេហូវ៉ានឹងបានទឹកបរិបូរ គឺដើមស៊ីដានៅលីបង់ដែលព្រះអង្គបានដាំ 17 ជាកន្លែងដែលបក្សាបក្សីធ្វើសម្បុកនៅទីនោះ រីឯសត្វក្រសារមានដើមស្រល់ជាលំនៅរបស់វា។ 18 ភ្នំខ្ពស់ទាំងឡាយគឺសម្រាប់ពពែព្រៃ ចំណោតថ្មជាជម្រកសម្រាប់ទន្សាយថ្ម។ 19 ព្រះអង្គបានបង្កើតព្រះចន្ទដើម្បីកំណត់រដូវ រីឯព្រះអាទិត្យក៏ដឹងពេលដែលវាត្រូវលិច។ 20 ព្រះអង្គដាក់ភាពងងឹត នោះវាក៏ទៅជាយប់ ជាពេលដែលអស់ទាំងសត្វព្រៃវារចេញមក។ 21 សិង្ហស្ទាវគ្រហឹមរករំពា ព្រមទាំងស្វែងរកចំណីរបស់វាពីព្រះ។ 22 កាលណាព្រះអាទិត្យរះឡើង វាក៏ប្រមូលគ្នាទៅដេកនៅក្នុងរូងរបស់វាវិញ។ 23 មនុស្សក៏ចេញមកធ្វើការងាររបស់ខ្លួន គឺបញ្ចេញពលកម្មរហូតដល់ល្ងាច។ 24 ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គមានច្រើនយ៉ាងណាហ្ន៎! ព្រះអង្គបានបង្កើតទាំងអស់នេះដោយព្រះប្រាជ្ញាញាណ; ផែនដីពោរពេញទៅដោយអ្វីដែលព្រះអង្គបាននិម្មិតបង្កើត។ 25 នៅទីនោះ មានសមុទ្រដ៏ធំល្វឹងល្វើយ; ក្នុងនោះ មានសត្វហែលរវើកច្រើនឥតគណនា គឺសត្វមានជីវិតទាំងតូច ទាំងធំ។ 26 នៅទីនោះ មាននាវាទៅមក ក៏មានសត្វឡេវីអាថានដែលព្រះអង្គបានសូនឡើង ដើម្បីឲ្យលេងនៅទីនោះដែរ។ 27 សត្វទាំងអស់នោះរំពឹងមើលទៅព្រះអង្គ ដើម្បីឲ្យព្រះអង្គប្រទានចំណីដល់វាតាមពេល។ 28 នៅពេលព្រះអង្គប្រទានដល់វា វាក៏ប្រមូលយក នៅពេលព្រះអង្គលាព្រះហស្តរបស់ព្រះអង្គ វាក៏ឆ្អែតដោយរបស់ល្អ។ 29 នៅពេលព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ វាក៏តក់ស្លុត នៅពេលព្រះអង្គប្រមូលយកខ្យល់ដង្ហើមវា វាក៏ផុតដង្ហើម ហើយត្រឡប់ជាធូលីដីវិញ។ 30 ព្រះអង្គទ្រង់ចាត់ខ្យល់ដង្ហើមរបស់ព្រះអង្គឲ្យមក នោះវាក៏ត្រូវបាននិម្មិតបង្កើត ហើយព្រះអង្គស្ដារផ្ទៃផែនដីឡើងវិញ! 31 សូមឲ្យសិរីរុងរឿងរបស់ព្រះយេហូវ៉ានៅស្ថិតស្ថេរជារៀងរហូត សូមឲ្យព្រះយេហូវ៉ាបានអរសប្បាយនឹងស្នាព្រះហស្តរបស់ព្រះអង្គ! 32 នៅពេលព្រះអង្គទតមើលមកផែនដី វាក៏ញ័ររន្ធត់ នៅពេលព្រះអង្គទ្រង់ពាល់ភ្នំនានា វាក៏ហុយឡើង។ 33 ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។ 34 សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ; ខ្ញុំនឹងអរសប្បាយក្នុងព្រះយេហូវ៉ា។ 35 សូមឲ្យមនុស្សបាបវិនាសអស់ពីផែនដី ហើយកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ! ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ហាលេលូយ៉ា!៕ |