វិវរណៈ 4 - ព្រះគម្ពីរខ្មែរសាកលបល្ល័ង្កនៅស្ថានសួគ៌ 1 បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល ហើយមើល៍! មានទ្វារមួយបើកចំហនៅលើមេឃ។ សំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែ និយាយមកខ្ញុំថា៖“ចូរឡើងមកទីនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញអ្វីដែលត្រូវតែកើតឡើង បន្ទាប់ពីការទាំងនេះ”។ 2 ភ្លាមនោះខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយមើល៍! មានបល្ល័ង្កមួយតាំងនៅលើមេឃ ទាំងមានមួយអង្គគង់លើបល្ល័ង្កនោះ។ 3 ព្រះអង្គដែលគង់នោះ មើលទៅស្រដៀងនឹងត្បូងចាសស្ពើរ និងត្បូងឡាំបៀ ហើយមានឥន្ទធនូនៅជុំវិញបល្ល័ង្កនោះ មើលទៅស្រដៀងនឹងត្បូងមរកត។ 4 នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយមានមកុដមាសនៅលើក្បាលរបស់ពួកគេផង។ 5 មានផ្លេកបន្ទោរ សូរសន្ធឹក និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយនៅមុខបល្ល័ង្ក មានចន្លុះប្រាំពីរកំពុងឆេះ ដែលចន្លុះទាំងនោះជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ។ 6 នៅមុខបល្ល័ង្កមានអ្វីដូចជាសមុទ្រកែវស្រដៀងនឹងកែវចរណៃ ហើយនៅកណ្ដាលបល្ល័ង្ក និងជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនដែលមានភ្នែកពេញខ្លួន ទាំងនៅខាងមុខ និងខាងក្រោយ។ 7 សត្វមានជីវិតទីមួយស្រដៀងនឹងសិង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស ហើយសត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងហើរ។ 8 សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួនទាំងនៅជុំវិញ និងខាងក្នុង។ សត្វទាំងនោះពោលឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ព្រះអង្គដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក!”។ 9 កាលណាសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង កិត្តិយស និងការអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ 10 ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖ 11 “ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងព្រះចេស្ដា ដ្បិតព្រះអង្គបាននិម្មិតបង្កើតរបស់សព្វសារពើ។ ដោយសារតែបំណងព្រះហឫទ័យរបស់ព្រះអង្គ របស់សព្វសារពើមាននៅ និងត្រូវបាននិម្មិតបង្កើត”៕ |