Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហេព្រើរ 11 - ព្រះគម្ពីរខ្មែរសាកល


វីរជននៃជំនឿ

1 ជំនឿ​គឺជា​ការទុកចិត្ត​លើ​អ្វីដែល​បាន​សង្ឃឹម និង​ជា​ការជឿជាក់​លើ​អ្វីដែល​មើលមិនឃើញ​។

2 ដោយសារតែ​ជំនឿនេះ មនុស្ស​ចាស់បុរាណ​ត្រូវបាន​ទទួលស្គាល់​។

3 ដោយសារតែ​ជំនឿ យើង​យល់​ថា​សាកលលោក​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះបន្ទូល​របស់​ព្រះ ដូច្នេះ​យើង​យល់​ថា​អ្វីៗ​ដែល​មើលឃើញ មិនមែន​កើតមក​ពី​អ្វីៗ​ដែល​មើលឃើញ​នោះ​ទេ​។

4 ដោយសារតែ​ជំនឿ អេបិល​បាន​ថ្វាយ​យញ្ញបូជា​ដល់​ព្រះ ជា​យញ្ញបូជា​ដែល​ប្រសើរ​ជាង​យញ្ញបូជា​របស់​កាអ៊ីន ហើយ​ដោយសារតែ​ជំនឿនោះឯង លោក​ត្រូវបាន​ទទួលស្គាល់​ថា​ជា​មនុស្ស​សុចរិត ដោយព្រោះ​ព្រះ​ទទួលស្គាល់​តង្វាយ​របស់​លោក​។ ទោះបីជា​លោក​បាន​ស្លាប់​ហើយ​ក៏ដោយ ក៏​លោក​នៅតែ​និយាយ​នៅឡើយ តាមរយៈ​ជំនឿ​។

5 ដោយសារតែ​ជំនឿ ហេណុក​ត្រូវបាន​ទទួលឡើង ដើម្បី​កុំឲ្យ​ជួប​សេចក្ដីស្លាប់​ឡើយ ហើយគេ​រក​លោក​មិនឃើញ ពីព្រោះ​ព្រះ​បាន​ទទួលយក​លោក​។ ជាការពិត មុនពេល​លោកត្រូវបាន​ទទួលឡើង​ទៅ លោក​ត្រូវ‍បាន​ទទួលស្គាល់​ថា​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។

6 បើគ្មាន​ជំនឿ នោះ​មិនអាច​គាប់ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ដែល​ចូលទៅជិត​ព្រះ ត្រូវតែ​ជឿ​ថា​ព្រះ​មាននៅ​មែន ព្រមទាំង​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទានរង្វាន់​ដល់​អ្នក​ដែល​ស្វែងរក​ព្រះអង្គ​។

7 ដោយសារតែ​ជំនឿ ណូអេ​មានចិត្តកោតខ្លាច ក៏​បាន​សាងសង់​ទូកធំ​មួយ ដើម្បី​ជា​ការរួចជីវិត​សម្រាប់​ក្រុមគ្រួសារ​របស់​លោក កាល​លោក​បាន​ទទួលការបើកសម្ដែងពីព្រះ អំពី​ហេតុការណ៍​ដែល​លោក​មិនទាន់​ឃើញ​នៅឡើយ​។ ដោយសារតែ​ជំនឿ លោក​បាន​ផ្ដន្ទាទោស​ពិភពលោក ហើយ​បាន​ក្លាយជា​អ្នកទទួល​សេចក្ដីសុចរិត​ជាមរតក ជា​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ជំនឿ​។

8 ដោយសារតែ​ជំនឿ កាល​អ័ប្រាហាំ​ត្រូវបាន​ត្រាស់ហៅ​ឲ្យ​ចេញដំណើរ​ទៅ​កន្លែង​មួយ​ដែល​ត្រូវ​ទទួល​ជា​មរតក លោក​ក៏​ស្ដាប់បង្គាប់ ហើយ​ចេញដំណើរទៅ​ទាំង​មិន​ដឹងថា​ខ្លួន​កំពុង​ទៅ​កន្លែងណា​ផង​។

9 ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ

10 ដ្បិត​លោក​បាន​រង់ចាំ​ទីក្រុង​មួយ​ដែល​មាន​គ្រឹះ ដែល​ព្រះ​ជា​អ្នកគូរប្លង់ និង​ជា​អ្នកសាងសង់​។

11 ដូចគ្នាដែរ ដោយសារតែ​ជំនឿ សារ៉ា​ដែលជា​ស្ត្រី​អារ​បាន​ទទួល​សមត្ថភាព​បង្កើត​កូន ទោះបីជា​គាត់​ហួស​វ័យ​ហើយ​ក៏ដោយ ដ្បិត​គាត់​យល់ឃើញថា​ព្រះអង្គ​ដែល​បាន​សន្យា ទ្រង់​ស្មោះត្រង់​។

12 ដូច្នេះ ពី​មនុស្ស​ម្នាក់​ដែល​ហាក់ដូចជា​ស្លាប់​ហើយ មាន​មនុស្សជាច្រើន​កើតមក ដែល​ច្រើនសន្ធឹក​ដូច​ផ្កាយ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ដែល​រាប់មិនអស់​។

13 អ្នកទាំងនេះ​សុទ្ធតែ​ស្លាប់​ទាំងមាន​ជំនឿ ដោយ​មិន​បាន​ទទួល​អ្វីៗដែលត្រូវបានសន្យា​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ឃើញ ហើយ​បាន​អបអរទទួល​ការទាំងនោះ​ពីចម្ងាយ ព្រមទាំង​សារភាព​ថា ខ្លួនឯង​ជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី​នេះ​។

14 ជាការពិត អ្នក​ដែល​និយាយ​ដូច្នេះ​បញ្ជាក់​ថា គេ​កំពុងតែ​ខំស្វែងរក​ស្រុកកំណើត​មួយ​។

15 ប្រសិនបើ​ពួកគេ​បាន​នឹក​ស្រុក​ដែល​ខ្លួន​ចាកចេញមក ម្ល៉េះសម​ពួកគេ​មាន​ឱកាស​ត្រឡប់ទៅវិញ​បាន

16 ប៉ុន្តែ​ឥឡូវនេះ ពួកគេ​ប្រាថ្នាចង់បាន​ស្រុក​មួយ​ដ៏ប្រសើរជាង ជា​ស្រុក​នៃមេឃ​។ ដោយហេតុនេះ ព្រះ​មិន​អៀនខ្មាស​នឹង​ឲ្យ​ពួកគេ​ហៅ​ព្រះអង្គ​ថា​ព្រះ​របស់​ពួកគេ​‍ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ទីក្រុង​មួយ​សម្រាប់​ពួកគេ​។

17 ដោយសារតែ​ជំនឿ អ័ប្រាហាំ​បាន​ថ្វាយ​អ៊ីសាក កាល​លោក​ត្រូវបាន​ល្បងល គឺ​លោកនេះ​ដែល​ទទួល​សេចក្ដីសន្យា បម្រុងនឹង​ថ្វាយ​កូនប្រុស​តែមួយ​របស់លោក​។

18 ចំពោះ​កូននោះ មាន​ចែង​ទុកមក​ថា​:“អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក”។

19 លោក​យល់ឃើញ​ថា ព្រះ​អាច​លើក​មនុស្ស​ឲ្យរស់ឡើងវិញ​បាន សូម្បីតែ​ពីចំណោម​មនុស្សស្លាប់​។ ដូច្នេះ បើ​និយាយក្នុងន័យធៀប លោក​បាន​ទទួល​អ៊ីសាក​មកវិញ​។

20 ដូចគ្នាដែរ ដោយសារតែ​ជំនឿ អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប និង​អេសាវ ទាក់ទងនឹង​អនាគត​។

21 ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន។

22 ដោយសារតែ​ជំនឿ យ៉ូសែប​បាន​លើកឡើង​អំពី​ការគេចចេញ​របស់​កូនចៅ​អ៊ីស្រាអែល កាល​លោក​ជិត​ស្លាប់ ក៏​បង្គាប់​ពួកគេ​អំពី​ឆ្អឹង​របស់​លោក​។

23 ដោយសារតែ​ជំនឿ កាល​ម៉ូសេ​កើតមក លោក​ត្រូវ​ឪពុកម្ដាយ​លាក់ទុក​បីខែ ពីព្រោះ​ពួកគាត់​ឃើញថា​កូន​នោះ​ស្អាត ហើយ​ពួកគាត់​មិន​ខ្លាច​រាជក្រឹត្យ​របស់​ស្ដេច​ឡើយ​។

24 ដោយសារតែ​ជំនឿ ម៉ូសេ​មិនព្រម​ឲ្យ​គេ​ហៅថា​កូន​របស់​បុត្រី​ផារ៉ោន កាល​លោក​ពេញវ័យ​ហើយ​។

25 លោក​បាន​ជ្រើសរើស​រងទុក្ខជាមួយ​ប្រជារាស្ត្រ​របស់​ព្រះ ជាជាង​មាន​ការសប្បាយ​ខាង​បាប​ដែល​នៅបានតែមួយរយៈ​។

26 លោក​ចាត់ទុកថា ការត្រូវត្មះតិះដៀល​ដើម្បី​ព្រះ​គ្រីស្ទ ជា​ទ្រព្យសម្បត្តិ​ដែល​ប្រសើរជាង​រតនសម្បត្តិ​នៅ​អេហ្ស៊ីប ដ្បិត​លោក​បាន​សម្លឹងមើល​ទៅ​រង្វាន់​នៅអនាគត​។

27 ដោយសារតែ​ជំនឿ លោក​មិន​ខ្លាច​សេចក្ដីក្រេវក្រោធ​របស់​ស្ដេច ក៏​ចាកចេញ​ពី​អេហ្ស៊ីប​។ លោក​បាន​ស៊ូទ្រាំ​ហាក់ដូចជា​ឃើញ​ព្រះអង្គ​ដែល​មនុស្ស​មើលមិនឃើញ​។

28 ដោយសារតែ​ជំនឿ លោក​ធ្វើ​ពិធី​បុណ្យរំលង ហើយ​ប្រោះ​ឈាម ដើម្បីកុំឲ្យ​មេបំផ្លាញ​កូនច្បង​បាន​ប៉ះ​ជនជាតិអ៊ីស្រាអែល​ឡើយ​។

29 ដោយសារតែ​ជំនឿ ពួកគេ​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ឆ្លងកាត់​លើ​ដីគោក រីឯ​ពួក​ជនជាតិអេហ្ស៊ីប​ដែល​សាកល្បង ក៏​ត្រូវ​សមុទ្រ​លេប​បាត់ទៅ​។

30 ដោយសារតែ​ជំនឿ កំពែងក្រុង​យេរីខូរ​បាន​រលំ ដោយ​ត្រូវបាន​ឡោមព័ទ្ធ​ប្រាំពីរ​ថ្ងៃ​។

31 ដោយសារតែ​ជំនឿ រ៉ាហាប​ស្ត្រីពេស្យា​មិន​បាន​វិនាសជាមួយ​ពួក​អ្នក​ដែល​មិនព្រមជឿ ពីព្រោះ​នាង​បាន​ទទួល​ពួក​អ្នកស៊ើបការណ៍​ដោយ​មេត្រីភាព​។

32 តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត​? ដ្បិត​ខ្ញុំ​គ្មាន​ពេល​រៀបរាប់ប្រាប់​អំពី​គេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល និង​បណ្ដា​ព្យាការី​ទេ​។

33 ដោយសារតែ​ជំនឿ អ្នកទាំងនេះ​បាន​ច្បាំងដណ្ដើមយក​អាណាចក្រ​នានា ធ្វើឲ្យគេអនុវត្តតាម​សេចក្ដីសុចរិតយុត្តិធម៌ ទទួលបាន​សេចក្ដីសន្យា បិទ​មាត់​សិង្ហ

34 ពន្លត់​អំណាច​ភ្លើង រួចផុត​ពី​មុខដាវ ទទួលកម្លាំង​ឲ្យ​ចេញពី​ភាពខ្សោយ បាន​ខ្លាំងពូកែ​ក្នុង​សង្គ្រាម ហើយ​បំបាក់​ទ័ព​បរទេស​។

35 មាន​ស្ត្រី‍​ខ្លះ​ទទួលបាន​មនុស្សស្លាប់​របស់​ខ្លួន​មកវិញ តាមរយៈ​ការរស់ឡើងវិញ​ទៀតផង​។ រីឯ​អ្នកខ្លះទៀត​បាន​រងទារុណកម្ម ទាំង​មិន​ព្រមទទួល​ការដោះលែង ដើម្បី​ទទួលបាន​ការរស់ឡើងវិញ​ដ៏ប្រសើរជាង​;

36 អ្នក​ខ្លះទៀត​ទទួល​ការសាកល្បង​ដោយ​ការចំអកឡកឡឺយ និង​ការវាយនឹងខ្សែតី​; ខ្លះ​ទៀត​រង​ការជាប់ឃុំឃាំង និង​ការជាប់គុក​;

37 ពួកគេ​ត្រូវគេ​គប់ដុំថ្មសម្លាប់ ត្រូវគេ​អារផ្ដាច់ជាពីរ ត្រូវគេ​សម្លាប់​ដោយ​មុខដាវ ដើរសាត់អណ្ដែត​ដោយ​ស្លៀកពាក់​ស្បែកចៀម និង​ស្បែក​ពពែ រងការខ្វះខាត ត្រូវគេ​សង្កត់សង្កិន និង​ត្រូវគេ​ធ្វើបាប​។

38 ពិភពលោក​មិន​ស័ក្ដិសម​នឹង​ពួកគេ​ទេ‍។ ពួកគេ​ដើរសាត់អណ្ដែត​តាម​ទីរហោស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ដី​។

39 អ្នកទាំងនេះ​សុទ្ធតែ​ត្រូវបាន​ទទួលស្គាល់​ដោយសារតែ​ជំនឿ ប៉ុន្តែ​មិន​បាន​ទទួល​អ្វីដែលត្រូវបានសន្យា​នោះ​ឡើយ

40 ដោយព្រោះ​ព្រះ​បាន​រៀបចំ​អ្វីដែល​ប្រសើរជាង​សម្រាប់​យើង ដើម្បីកុំឲ្យ​ពួកគេ​បានគ្រប់លក្ខណ៍​ដោយគ្មាន​យើង​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម