Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេភេសូរ 3 - ព្រះគម្ពីរខ្មែរសាកល


ព័ន្ធកិច្ចរបស់ប៉ូលសម្រាប់សាសន៍ដទៃ

1 ហេតុនេះហើយបានជា​ខ្ញុំ ប៉ូល ធ្វើជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ សម្រាប់​អ្នករាល់គ្នា​ដែល​ជា​សាសន៍ដទៃ​។

2 អ្នករាល់គ្នា​ពិតជា​បាន‍ឮ​អំពី​តួនាទី​នៃ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា

3 គឺថា​មាន​អាថ៌កំបាំង​ត្រូវបាន​សម្ដែង​ដល់​ខ្ញុំ តាមរយៈ​ការបើកសម្ដែង ដូចដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​កាលពីមុន​។

4 ពេល​អ្នករាល់គ្នា​អាន​សេចក្ដីនោះ អ្នករាល់គ្នា​អាច​យល់​ពី​ការយល់ដឹង​របស់ខ្ញុំ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះ​គ្រីស្ទ​បាន​។

5 អាថ៌កំបាំងនេះ​មិន​ត្រូវបាន​សម្ដែង​ដល់​មនុស្សជាតិ​ជំនាន់​មុនៗ ដូចដែល​ត្រូវបាន​បើកសម្ដែង​ដល់​ពួក​សាវ័ក និង​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នាបច្ចុប្បន្ននេះ តាមរយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ​។

6 អាថ៌កំបាំងនេះ​គឺ សាសន៍ដទៃ​នឹង​បានជា​អ្នករួមទទួលមរតក ជា​អ្នក​រួមក្នុងរូបកាយតែមួយ និង​ជា​អ្នករួមចំណែក​ក្នុង​សេចក្ដីសន្យា​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាមរយៈ​ដំណឹងល្អ​។

7 ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ​របស់​ដំណឹងល្អនេះ​ស្របតាម​អំណោយទាន​នៃ​ព្រះគុណ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ខ្ញុំ​តាមរយៈ​កិច្ចការ​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​។

8 ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ

9 និង​ដើម្បី​ធ្វើឲ្យ​មនុស្ស​ទាំងអស់​ឃើញ​ថា គម្រោង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពីបុរាណមក ក្នុង​ព្រះ​ដែល​និម្មិតបង្កើត​អ្វីៗ​ទាំងអស់ ជា​អ្វី

10 ដើម្បីឲ្យ​ព្រះប្រាជ្ញាញាណ​គ្រប់វិស័យ​របស់​ព្រះ​ត្រូវបាន​បើកឲ្យស្គាល់​ដល់​មេគ្រប់គ្រង និង​អំណាច​នៅ​លើមេឃ តាមរយៈ​ក្រុមជំនុំ នៅឥឡូវនេះ​។

11 ការទាំងនេះ​គឺ​ស្របតាម​បំណង​ព្រះហឫទ័យ​ដ៏អស់កល្ប ដែល​ព្រះអង្គ​បាន​ធ្វើឲ្យសម្រេច​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​។

12 នៅក្នុង​ព្រះគ្រីស្ទ និង​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ យើង​មាន​ផ្លូវចូល​ទៅឯ​ព្រះ ដោយ​ភាពក្លាហាន ទាំង​ទុកចិត្ត​។

13 ដូច្នេះ ខ្ញុំ​សុំ​អ្នករាល់គ្នា​កុំឲ្យ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ទុក្ខវេទនា​របស់ខ្ញុំ​ដើម្បី​អ្នករាល់គ្នា​ឡើយ ដ្បិត​ទុក្ខវេទនានេះ​ជា​សិរីរុងរឿង​របស់អ្នករាល់គ្នា​។


អធិស្ឋានសុំកម្លាំងខាងវិញ្ញាណ

14 ហេតុនេះហើយបានជា​ខ្ញុំ​លុតជង្គង់​នៅចំពោះ​ព្រះ​បិតា

15 ដែល​ពូជអម្បូរ​ទាំងអស់​នៅ​លើមេឃ និង​នៅលើ​ផែនដី បាន​ទទួលឈ្មោះ​ពី​ព្រះអង្គ​——

16 ដើម្បីឲ្យ​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​មាំមួន​ក្នុង​បុគ្គល​ខាងក្នុង​ដោយ​ព្រះចេស្ដា តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ ស្របតាម​ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ

17 និង​ឲ្យ​ព្រះ​គ្រីស្ទ​គង់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​តាមរយៈ​ជំនឿ ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​បាន​ចាក់ឫស និង​ចាក់គ្រឹះរឹងមាំ​ក្នុង​សេចក្ដីស្រឡាញ់

18 ដើម្បីឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​យល់​ជាមួយនឹង​វិសុទ្ធជន​ទាំងអស់ ថា​សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ​មាន​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​ប៉ុនណា

19 ហើយ​ឲ្យ​ស្គាល់​សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ដែល​ហួសវិស័យ​លើសពី​ចំណេះដឹង​របស់មនុស្ស ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​គ្រប់ទាំង​ភាពពេញលេញ​របស់​ព្រះ​។

20 ចំពោះ​ព្រះ​ដែល​អាច​ធ្វើ​យ៉ាងលើសលប់​ហួសពី​អ្វីៗ​ទាំងអស់​ដែល​យើង​ទូល​សុំ ឬ​គិតស្មាន​ក្ដី ដោយ​ព្រះចេស្ដា​ដែល​ចេញឥទ្ធិពល​នៅក្នុង​យើង​——

21 សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ​នៅក្នុង​ក្រុមជំនុំ និង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ រហូតដល់​គ្រប់​ជំនាន់​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម