Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

វិវរណៈ 22 - ព្រះគម្ពីរខ្មែរសាកល


ប្រភពនៃជីវិត

1 បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម

2 កាត់​កណ្ដាល​ផ្លូវ​របស់​ទីក្រុងនោះ​។ នៅសងខាង​ទន្លេ មាន​ដើមឈើ​នៃ​ជីវិត​ដែល​បង្កើត​ផ្លែ​ដប់ពីរ​ប្រភេទ គឺ​ផ្ដល់​ផ្លែ​ជារៀងរាល់ខែ ហើយ​ស្លឹក​របស់​ដើមឈើ​នោះ ក៏​សម្រាប់​ការប្រោសឲ្យជា​ដល់​ប្រជាជាតិ​នានា​។

3 នៅទីនោះ​នឹង​លែង​មាន​បណ្ដាសា​អ្វី​ទៀត​ឡើយ​។ បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម នឹង​ស្ថិតនៅ​ក្នុង​ទីក្រុងនោះ ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ

4 ព្រមទាំង​ឃើញ​ព្រះភក្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះនាម​របស់​ព្រះអង្គ​នឹង​នៅលើ​ថ្ងាស​របស់​ពួកគេ​។

5 នៅទីនោះ​នឹង​លែង​មាន​យប់​ទៀត ហើយ​ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង និង​ពន្លឺ​ព្រះអាទិត្យ​ឡើយ ដ្បិត​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ ហើយ​ពួកគេ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


ពេលកំណត់ជិតមកដល់ហើយ

6 រួច​ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ​។ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​បណ្ដា​ព្យាការី បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក ដើម្បី​បង្ហាញឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ”។

7 “មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! មានពរ​ហើយ អ្នក​ដែល​រក្សា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​!”។

8 ខ្ញុំ យ៉ូហាន ជា​អ្នក​ដែល​បាន​ឮ និង​បាន​ឃើញ​ការទាំងនេះ​។ នៅពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ ខ្ញុំ​ក៏​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​ទូតសួគ៌​ដែល​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ការទាំងនេះ

9 ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក ជាមួយ​បងប្អូន​របស់អ្នក ដែលជា​ព្យាការី និង​ជាមួយ​អ្នក​ដែល​រក្សា​ព្រះបន្ទូល​របស់​សៀវភៅ​នេះ​ដែរ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ!”។

10 ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “កុំ​បិទត្រា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ឡើយ ដ្បិត​ពេលកំណត់​ជិតដល់​ហើយ​។

11 អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌ ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្តអំពើអយុត្តិធម៌​ចុះ​; អ្នក​ដែល​ស្មោកគ្រោក ចូរឲ្យ​អ្នកនោះ​បន្ត​នៅស្មោកគ្រោក​ចុះ​; អ្នក​ដែល​សុចរិត ចូរឲ្យ​អ្នកនោះ​បន្ត​ប្រព្រឹត្ត​សេចក្ដីសុចរិត​ចុះ​; អ្នក​ដែល​វិសុទ្ធ ចូរឲ្យ​អ្នកនោះ​បន្ត​ត្រូវបាន​ធ្វើឲ្យវិសុទ្ធ​ចុះ”។

12 “មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ ទាំង​យក​រង្វាន់​របស់យើង​មក​ជាមួយ ដើម្បី​តបសង​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​!

13 យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ដើម និង​ជា​ចុង ជា​ដើមដំបូង និង​ជា​ទីបញ្ចប់​។

14 “មានពរ​ហើយ អ្នក​ដែល​លាងសម្អាត​អាវវែង​របស់​ខ្លួន ​ដើម្បីឲ្យ​ខ្លួនឯង​មាន​សិទ្ធិ​ដល់​ដើមឈើ​នៃ​ជីវិត ហើយ​អាច​ចូលទៅ​ក្នុង​ទីក្រុង​តាម​ទ្វារ​!

15 រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។

16 “យើង យេស៊ូវ បាន​ចាត់​ទូត ​របស់យើង​ឲ្យមក​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា សម្រាប់​ក្រុមជំនុំ​ទាំងឡាយ​។ យើង​ជា​ឫស និង​ជា​ពូជពង្ស​របស់​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏ភ្លឺចិញ្ចាច”។

17 ព្រះវិញ្ញាណ និង​កូនក្រមុំ​ពោលថា​៖ “សូម​យាង​មក​!” អ្នក​ដែល​ឮ ក៏​ចូរ​និយាយថា​៖ “សូម​យាង​មក​!”។ អ្នក​ដែល​ស្រេក ចូរឲ្យ​អ្នកនោះ​ចូលមក​; អ្នក​ដែល​ចង់បាន ចូរឲ្យ​អ្នកនោះ​ទទួល​ទឹក​នៃ​ជីវិត​ដោយ​ឥតបង់ថ្លៃ​។

18 ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អស់អ្នក​ដែល​ឮ​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ថា ប្រសិនបើ​អ្នកណា​បន្ថែម​អ្វី​ទៅក្នុង​សេចក្ដីទាំងនេះ ព្រះ​នឹង​បន្ថែម​គ្រោះកាច​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នកនោះ

19 ប្រសិនបើ​អ្នកណា​ដក​អ្វី​ចេញ​ពី​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ ព្រះ​នឹង​ដក​ចំណែក​របស់​អ្នកនោះ​ចេញ​ពី​ដើមឈើ​នៃ​ជីវិត និង​ពី​ក្រុង​ដ៏វិសុទ្ធ ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​។

20 ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖“មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!”។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​!

21 សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ស្ថិតនៅ​ជាមួយ​វិសុទ្ធជន​ទាំងអស់​! អាម៉ែន​៕​:​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម