Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 42 - ព្រះគម្ពីរខ្មែរសាកល


អ្នកបម្រើរបស់ព្រះយេហូវ៉ា

1 “មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់ អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។ យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់ ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។

2 គាត់​មិន​ស្រែកគំហក ឬ​បន្លឺសំឡេង​ឡើយ ហើយក៏​គ្មានអ្នកណា​នឹង​ឮ​សំឡេង​របស់គាត់​នៅតាម​ផ្លូវ​ដែរ​។

3 គាត់​នឹង​មិន​កាច់​ដើមត្រែង​ដែល​ទក់​ទេ ហើយក៏​មិន​ពន្លត់​ប្រឆេះ​ដែល​ជិតរលត់​ដែរ​; គាត់​នឹង​នាំ​សេចក្ដីយុត្តិធម៌​មក​ដោយ​សេចក្ដីពិតត្រង់​។

4 គាត់​មិន​ចុះខ្សោយ ឬ​ធ្លាក់ទឹកចិត្ត​ឡើយ រហូតទាល់តែ​បាន​ស្ថាបនា​សេចក្ដីយុត្តិធម៌​ឡើង​នៅលើ​ផែនដី ហើយ​កោះ​ទាំងឡាយ​នឹង​រំពឹង​លើ​ក្រឹត្យវិន័យ​របស់គាត់”។

5 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ដែល​និម្មិតបង្កើត​ផ្ទៃមេឃ ហើយ​សន្ធឹង​វា ជា​ព្រះដែល​លាត​ផែនដី និង​អ្វីដែលចេញមក​ពី​ទីនោះ ជា​ព្រះដែល​ប្រទាន​ខ្យល់ដង្ហើម​ដល់​បណ្ដាជន​នៅលើ​ផែនដី ហើយ​ប្រទាន​វិញ្ញាណ​ដល់​អ្នកដែល​ដើរ​នៅ​ទីនោះ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖

6 “គឺ​យើង​ជា​យេហូវ៉ា បាន​ហៅ​អ្នក​ក្នុង​សេចក្ដីសុចរិត យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក​។ យើង​នឹង​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​ប្រជាជន និង​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា

7 ដើម្បី​បើក​ភ្នែក​មនុស្ស​ខ្វាក់ ដើម្បី​នាំ​អ្នកទោស​ចេញ​ពី​គុក និង​នាំ​ពួកអ្នកដែល​អង្គុយ​ក្នុង​សេចក្ដីងងឹត​ចេញ​ពី​ទីឃុំឃាំង​។

8 គឺ​យើង​ហើយ ជា​យេហូវ៉ា នេះ​ជា​នាម​របស់យើង​។ យើង​មិន​ប្រគល់​សិរីរុងរឿង​របស់យើង​ដល់​អ្នកដទៃ ក៏​មិន​ប្រគល់​សេចក្ដីសរសើរតម្កើង​របស់យើង​ដល់​រូបឆ្លាក់​ឡើយ​។

9 មើល៍! ការ​ពីមុន​បាន​សម្រេច​ហើយ ហើយ​យើង​នឹង​ប្រកាស​ការថ្មី​។ យើង​នឹង​តំណាលឲ្យ​អ្នករាល់គ្នា​ស្ដាប់ មុន​ការទាំងនោះ​លេចឡើង”។


ចម្រៀងសរសើរតម្កើង

10 ពួកអ្នកដែល​ចុះទៅ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រមទាំង​កោះ និង​ពួកអ្នក​រស់នៅ​ទីនោះ​អើយ ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ច្រៀង​ចម្រៀងសរសើរតម្កើង​ដល់​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​!

11 ចូរឲ្យ​ទីរហោស្ថាន និង​ទីក្រុង​ទាំងឡាយ​ក្នុង​នោះ គឺ​ភូមិ​នានា​ដែល​ជនជាតិកេដារ​រស់នៅ បន្លឺសំឡេងឡើង​! ចូរឲ្យ​អ្នកដែល​រស់នៅ​សិឡា​ច្រៀងដោយអំណរ ចូរឲ្យ​ពួកគេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ​!

12 ចូរឲ្យ​ពួកគេ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះយេហូវ៉ា ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​នៅតាម​កោះ​នានា​!

13 ព្រះយេហូវ៉ា​នឹង​យាង​ចេញទៅ ដូច​មនុស្ស​ខ្លាំងពូកែ ព្រះអង្គ​នឹង​បណ្ដាល​ព្រះហឫទ័យឆេះឆួល​ឡើង ដូច​អ្នកចម្បាំង​; ព្រះអង្គ​នឹង​ស្រែកឡើង មែនហើយ ព្រះអង្គ​នឹង​ស្រែកយ៉ាងខ្លាំង ហើយ​មានជ័យជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​។

14 “យើង​បាន​នៅស្ងៀម​ជាយូរមកហើយ យើង​បាន​រក្សាភាពស្ងៀមស្ងាត់ ហើយ​ទប់ចិត្ត​។ ប៉ុន្តែឥឡូវនេះ យើង​នឹង​ស្រែកឡើង​ដូច​ស្ត្រី​សម្រាលកូន យើង​នឹង​ដង្ហក់ ហើយ​ត្រដរខ្យល់​ផង​។

15 យើង​នឹង​ធ្វើឲ្យ​ភ្នំ និង​ទីទួល​ទៅជាស្ងាត់ជ្រងំ ហើយ​ធ្វើឲ្យ​អស់ទាំង​រុក្ខជាតិ​នៅ​ទីនោះ​ក្រៀមស្វិត​ទៅ​; យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​ទៅជា​កោះ ហើយ​ធ្វើឲ្យ​ស្រះ​នានា​រីងស្ងួត​ដែរ​។

16 យើង​នឹង​នាំ​មនុស្ស​ខ្វាក់ភ្នែក​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​មិន​ស្គាល់ យើង​នឹង​ដឹកនាំ​ពួកគេ​តាម​គន្លង​ដែល​ពួកគេ​មិន​ស្គាល់​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីងងឹត​ទៅជា​ពន្លឺ​នៅចំពោះ​ពួកគេ ហើយ​ធ្វើឲ្យ​ទីរដិបរដុប​ទៅជា​រាបស្មើ​វិញ​។ គឺ​ការ​ទាំងនេះ​ហើយ ដែល​យើង​នឹង​ធ្វើ យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។

17 រីឯ​ពួកអ្នកដែល​ទុកចិត្តលើ​រូបឆ្លាក់ ហើយ​និយាយ​ទៅកាន់​រូបសិត​ថា​: ‘ពួកព្រះអង្គ​ជា​ព្រះ​នៃយើងខ្ញុំ’ អ្នកទាំងនោះ​នឹង​ថយទៅវិញ ហើយ​អាម៉ាស់មុខយ៉ាងខ្លាំង”។


អ៊ីស្រាអែលខ្វាក់ និងថ្លង់

18 “មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ចុះ​! មនុស្ស​ខ្វាក់ភ្នែក​អើយ ចូរ​ប្រឹងមើល ដើម្បីឲ្យ​បាន​ឃើញ​ចុះ​!

19 តើ​នរណា​ខ្វាក់ភ្នែក ក្រៅពី​អ្នកបម្រើ​របស់យើង​? តើ​នរណា​ថ្លង់​ដូច​អ្នកនាំសារ​ដែល​យើង​បាន​ចាត់​? តើ​នរណា​ខ្វាក់ភ្នែក​ដូច​អ្នកដែល​មានមេត្រី​នឹងយើង ឬ​ខ្វាក់ភ្នែក​ដូច​បាវបម្រើ​របស់​ព្រះយេហូវ៉ា​?

20 អ្នក​បាន​ឃើញ​ការ​ជាច្រើន ប៉ុន្តែ​មិន​យកចិត្តទុកដាក់​ទេ ត្រចៀក​នៅចំហ ប៉ុន្តែ​ស្ដាប់មិនឮសោះ”។

21 ព្រះយេហូវ៉ា​បាន​សព្វព្រះហឫទ័យ​នឹង​លើកស្ទួយ​ក្រឹត្យវិន័យ ព្រមទាំង​លើកតម្កើងសិរីរុងរឿង ដោយយល់ដល់​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។

22 ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​; ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​; ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។

23 តើ​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​នឹង​ផ្ទៀងត្រចៀក​នឹង​សេចក្ដីនេះ ក៏​នឹង​យកចិត្តទុកដាក់ ហើយ​ស្ដាប់​សម្រាប់​ថ្ងៃខាងមុខ​?

24 តើ​នរណា​បាន​ប្រគល់​យ៉ាកុប​ឲ្យទៅជា​ជ័យភណ្ឌ ហើយ​ប្រគល់​អ៊ីស្រាអែល​ទៅ​ពួកអ្នក​រឹបជាន់​? តើ​មិនមែន​ព្រះយេហូវ៉ា​ទេ​ឬ ដែល​យើងរាល់គ្នា​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ ក៏​មិន​ព្រម​ដើរតាម​មាគ៌ា​របស់ព្រះអង្គ ហើយ​មិន​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​?

25 ដូច្នេះ ព្រះអង្គ​បាន​ចាក់​ភ្លើង​នៃ​ព្រះពិរោធ​របស់ព្រះអង្គ និង​សង្គ្រាម​ដ៏កាចសាហាវ ទៅលើ​អ៊ីស្រាអែល​; ភ្លើងនោះ​បាន​បញ្ឆេះ​ពួកគេ​នៅ​ជុំវិញ ប៉ុន្តែ​ពួកគេ​មិន​យល់ ភ្លើងនោះ​បាន​ដុត​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម