Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាកុស 13 - ព្រះគម្ពីរខ្មែរសាកល


ប្រាប់ជាមុនអំពីការបំផ្លាញព្រះវិហារ

1 នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ម្នាក់​ក្នុង​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ មើល៍! ថ្ម​ទាំងនេះ​អស្ចារ្យ​ម្ល៉េះ អគារ​ទាំងនេះ​អស្ចារ្យ​ម្ល៉េះ​!”។

2 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“តើ​អ្នក​ឃើញ​អគារ​ធំ​ៗ​ទាំងនេះ​ឬទេ​? នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


ទីសម្គាល់នៃគ្រាចុងក្រោយ

3 ព្រះយេស៊ូវ​គង់ចុះ​នៅលើ​ភ្នំ​ដើមអូលីវ​ទល់មុខ​ព្រះវិហារ​។ ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះអង្គ​ដោយឡែក​ថា៖

4 “សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការ​ទាំងអស់​នេះ​រៀបនឹង​សម្រេច?”។

5 ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​។

6 មាន​មនុស្ស​ជាច្រើន​នឹង​មក​ក្នុង​នាម​របស់ខ្ញុំ ដោយ​និយាយ​ថា​: ‘គឺ​ខ្ញុំ​ហ្នឹងហើយ ជាព្រះអង្គនោះ’ ហើយ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន​។

7 កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម កុំ​ភ័យស្លន់ស្លោ​ឡើយ​។ ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយ​ទេ​។

8 ពេលនោះ ប្រជាជាតិ​មួយ​នឹង​ក្រោកឡើង​តទល់នឹង​ប្រជាជាតិ​មួយ​ទៀត អាណាចក្រ​មួយ​តទល់នឹង​អាណាចក្រ​មួយ​ទៀត ហើយ​នៅ​កន្លែង​ផ្សេងៗ​នឹង​មាន​រញ្ជួយផែនដី និង​ទុរ្ភិក្ស។ ទាំងអស់នេះ​ជា​ការចាប់ផ្ដើម​នៃ​ការឈឺពោះឆ្លងទន្លេ​។


ប្រាប់ជាមុនអំពីការបៀតបៀន

9 “ចូរ​អ្នករាល់គ្នា​ប្រុងប្រយ័ត្ន​ខ្លួន​។ គេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ក្រុមប្រឹក្សា ហើយ​អ្នករាល់គ្នា​នឹង​ត្រូវគេ​វាយ​ក្នុង​សាលាប្រជុំ​។ ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវ​ឈរ​នៅមុខ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ​។

10 ប៉ុន្តែ​ដំណឹងល្អ​ត្រូវតែ​បាន​ប្រកាស​ដល់​ប្រជាជាតិ​ទាំងអស់​ជាមុនសិន​។

11 កាលណា​គេ​នាំ​អ្នករាល់គ្នា​ទៅ​ប្រគល់​ឲ្យ​ពួកគេ កុំ​បារម្ភជាមុនអំពី​អ្វីដែល​ត្រូវ​និយាយ​ឡើយ​។ អ្វីក៏ដោយដែល​ប្រទាន​មក​អ្នករាល់គ្នា​នៅ​ពេល​នោះ ចូរ​និយាយ​សេចក្ដីនោះ​ចុះ ដ្បិត​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ដែល​និយាយ គឺ​ជា​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។

12 បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។

13 អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ ប៉ុន្តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ អ្នកនោះ​នឹង​បាន​សង្គ្រោះ​។


គ្រានៃមហាទុក្ខវេទនា

14 “កាល​ណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស ’ ​ឈរ​នៅ​កន្លែងដែល​មិន​គួរ​ឈរ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ​។

15 កុំឲ្យ​អ្នក​ដែល​នៅលើ​ដំបូលផ្ទះ​ចុះមក​ឬ​ចូលទៅ​យក​អ្វី​ពី​ផ្ទះ​របស់​ខ្លួន​ឡើយ

16 រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​កុំឲ្យ​ត្រឡប់មក​វិញ យក​សម្លៀកបំពាក់​របស់​ខ្លួន​ដែរ​។

17 នៅ​គ្រានោះ វេទនា​ហើយ​! ស្ត្រី​ដែល​មានផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅកូន​។

18 ចូរ​អ្នករាល់គ្នា​អធិស្ឋាន ដើម្បីកុំឲ្យ​ការនេះកើតឡើង​នៅ​រដូវរងា​ឡើយ

19 ដ្បិត​នៅ​គ្រានោះ​នឹង​មាន​ទុក្ខវេទនា ដែល​តាំងពី​ដើមដំបូង​ដែល​ព្រះ​បាន​និម្មិតបង្កើតពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​បែប​នេះ​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។

20 ប្រសិនបើ​ព្រះអម្ចាស់​មិន​បន្ថយ​ថ្ងៃ​ទាំងនោះ​ទេ គ្មាន​មនុស្សណាម្នាក់បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ​ដោយយោគយល់​ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ដែល​ព្រះអង្គ​បាន​ជ្រើសរើស ព្រះអង្គ​បាន​បន្ថយ​ថ្ងៃ​ទាំងនោះ​ហើយ​។

21 “ពេលនោះ ប្រសិនបើ​មាន​អ្នកណា​ប្រាប់​អ្នករាល់គ្នា​ថា​: ‘មើល៍! ព្រះ​គ្រីស្ទ​នៅ​ទីនេះ’ ឬ​ថា​: ‘មើល៍! ព្រះអង្គ​នៅ​ទីនោះ’ កុំ​ជឿ​ឡើយ​។

22 ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ ដើម្បី​នាំ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ឲ្យវង្វេង ប្រសិនបើ​អាច​។

23 ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ទុកមុន​សព្វគ្រប់​ហើយ​។


ការយាងមកវិញរបស់កូនមនុស្ស

24 “នៅ​គ្រានោះ ក្រោយពី​ទុក្ខវេទនា​នោះ ‘ព្រះអាទិត្យ​នឹង​ងងឹត ព្រះចន្ទ​ក៏​លែង​បញ្ចេញ​ពន្លឺ

25 ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើមេឃ ហើយ​អំណាច​នានា​នៅ​លើមេឃ​នឹង​ត្រូវ​កក្រើករំពើក’។

26 ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា​ដ៏​មហិមា និង​សិរីរុងរឿង​។

27 លោក​នឹង​ចាត់​បណ្ដា​ទូតសួគ៌​ឲ្យទៅ​ប្រមូល​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​លោក​ពី​ទិសទាំងបួន ចាប់ពី​ចុងបំផុត​នៃ​ផែនដី​ដល់​ចុងបំផុត​នៃ​ផ្ទៃមេឃ​។


ពាក្យឧបមាអំពីដើមល្វា

28 “ចូរ​រៀន​ពាក្យឧបមា​នេះ​ពី​ដើមល្វា​ចុះ​: កាលណា​មែក​របស់​វា​ត្រឡប់ជា​ទន់ ហើយ​លាស់​ស្លឹក អ្នករាល់គ្នា​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។

29 អ្នករាល់គ្នា​ក៏​ដូច្នេះ​ដែរ កាលណា​អ្នករាល់គ្នា​ឃើញ​ការទាំងនេះ​កើតឡើង ចូរ​ដឹង​ថា​កូនមនុស្សនៅ​ជិត​ហើយ គឺ​នៅ​មាត់ទ្វារ​។

30 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ជំនាន់​នេះ​មិន​ផុតទៅ​ឡើយ ទាល់តែ​ការ​ទាំងអស់​នេះ​បាន​កើតឡើង​។

31 ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


គ្មានអ្នកណាដឹងអំពីថ្ងៃ ឬម៉ោងឡើយ

32 “ចំពោះ​ថ្ងៃ ឬ​ម៉ោង​នោះ គ្មានអ្នកណា​ដឹង​ឡើយ សូម្បីតែ​បណ្ដា​ទូតសួគ៌​នៅ​ស្ថានសួគ៌ ឬ​ព្រះបុត្រា​ក៏មិន​ជ្រាប​ដែរ មានតែ​ព្រះ​បិតា​ប៉ុណ្ណោះ​ដែល​ជ្រាប​។

33 ចូរ​អ្នករាល់គ្នា​ប្រុងប្រយ័ត្ន ប្រុងស្មារតី​ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ពេលកំណត់​ជា​ពេលណា​ទេ

34 គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ចាកចេញ​ពី​ផ្ទះ ហើយ​ប្រគល់​សិទ្ធិអំណាច និង​ការងារ​ដល់​ពួក​បាវបម្រើ​របស់​គាត់​រៀងៗខ្លួន ព្រមទាំង​បង្គាប់​អ្នកយាមទ្វារ​ឲ្យ​ប្រុងស្មារតី​ផង​។

35 ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថា​ម្ចាស់​ផ្ទះ​នឹង​មកវិញ​ពេលណា​ទេ គឺ​មិន​ដឹង​ថា​ពេល​ល្ងាច ឬ​ពេល​កណ្ដាលអធ្រាត្រ ឬ​ពេល​មាន់រងាវ ឬ​ពេល​ព្រឹកព្រលឹម​ឡើយ

36 ក្រែងលោ​ស្រាប់តែ​គាត់​មកវិញ ឃើញ​អ្នករាល់គ្នា​កំពុង​ដេកលក់​។

37 អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា ខ្ញុំ​ក៏​ប្រាប់​មនុស្ស​ទាំងអស់​ដែរ​ថា​: ចូរ​ប្រុងស្មារតី​ចុះ​!”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម