ទំនុកតម្កើង 102 - ព្រះគម្ពីរខ្មែរសាកលស្រែកហៅក្នុងទុក្ខលំបាក សេចក្ដីអធិស្ឋានរបស់មនុស្សរងទុក្ខ នៅពេលខ្សោយ ហើយបង្ហូរពាក្យត្អូញត្អែររបស់ខ្លួននៅចំពោះព្រះយេហូវ៉ា។ 1 ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមឲ្យសម្រែករបស់ទូលបង្គំបានទៅដល់ព្រះអង្គផង! 2 នៅថ្ងៃនៃទុក្ខលំបាករបស់ទូលបង្គំ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ; សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គនឹងទូលបង្គំផង; នៅថ្ងៃដែលទូលបង្គំស្រែកហៅ សូមប្រញាប់ឆ្លើយមកទូលបង្គំផង; 3 ដ្បិតថ្ងៃអាយុរបស់ទូលបង្គំបានអស់ទៅដូចជាផ្សែង ហើយឆ្អឹងទូលបង្គំបានឆេះដូចជាឡភ្លើង; 4 ចិត្តរបស់ទូលបង្គំត្រូវបានវាយ ហើយក្រៀមស្វិតដូចជាស្មៅ រហូតដល់ទូលបង្គំភ្លេចហូបអាហាររបស់ទូលបង្គំផង។ 5 ដោយសារតែសំឡេងថ្ងូររបស់ទូលបង្គំ ស្បែកទូលបង្គំក៏ជាប់នឹងឆ្អឹងទូលបង្គំ។ 6 ទូលបង្គំបានដូចជាសត្វទុងនៅទីរហោស្ថាន ក៏ដូចជាមៀមនៅទីបាក់បែក; 7 ទូលបង្គំបានចាំយាម ក៏បានដូចជាសត្វស្លាបដែលនៅឯកោលើដំបូលផ្ទះ។ 8 វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវរបស់ទូលបង្គំបានត្មះតិះដៀលទូលបង្គំ ពួកអ្នកចំអកមើលងាយទូលបង្គំ ប្រើឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគេ។ 9 ទូលបង្គំបានហូបផេះដូចជាអាហារ ហើយលាយគ្រឿងផឹករបស់ទូលបង្គំជាមួយទឹកភ្នែក 10 ដោយសារតែសេចក្ដីក្រេវក្រោធ និងព្រះពិរោធរបស់ព្រះអង្គ។ ប្រាកដមែន ព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះទូលបង្គំចោល។ 11 ថ្ងៃអាយុរបស់ទូលបង្គំប្រៀបដូចជាស្រមោលដែលជ្រេទៅ ហើយទូលបង្គំក៏ក្រៀមស្វិតដូចជាស្មៅ។ 12 រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ ព្រះអង្គគង់លើបល្ល័ង្កជារៀងរហូត; ការនឹកចាំអំពីព្រះអង្គនឹងមាននៅពីជំនាន់មួយទៅជំនាន់មួយ! 13 ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាស៊ីយ៉ូន ពីព្រោះពេលវេលាដើម្បីមេត្តាដល់នាង គឺពេលកំណត់បានមកដល់ហើយ។ 14 ប្រាកដមែន បាវបម្រើរបស់ព្រះអង្គពេញចិត្តនឹងថ្មរបស់ទីក្រុងនោះ ហើយស្រឡាញ់ធូលីរបស់នាង។ 15 ពេលនោះ ប្រជាជាតិនានានឹងកោតខ្លាចព្រះនាមរបស់ព្រះយេហូវ៉ា ហើយអស់ទាំងស្ដេចនៃផែនដីក៏កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គដែរ; 16 ដ្បិតព្រះយេហូវ៉ាសង់ស៊ីយ៉ូនឡើងវិញ ហើយលេចមកក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ 17 ព្រះអង្គទ្រង់បែរមកឯពាក្យអធិស្ឋានរបស់មនុស្សទ័លក្រ ក៏មិនមើលងាយសេចក្ដីអធិស្ឋានរបស់ពួកគេឡើយ។ 18 សូមឲ្យសេចក្ដីនេះត្រូវបានកត់ត្រាទុកសម្រាប់ជំនាន់ក្រោយ ដើម្បីឲ្យប្រជារាស្ត្រដែលនឹងត្រូវបាននិម្មិតបង្កើត បានសរសើរតម្កើងព្រះយេហូវ៉ាថា៖ 19 “ព្រះយេហូវ៉ាទ្រង់អើតមើលពីទីវិសុទ្ធដ៏ខ្ពស់បំផុតរបស់ព្រះអង្គ ព្រះអង្គរំពៃមើលពីស្ថានសួគ៌មកផែនដី 20 ដើម្បីសណ្ដាប់សម្រែកថ្ងូររបស់អ្នកទោស ហើយដោះលែងអ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ 21 ដើម្បីឲ្យពួកគេប្រកាសព្រះនាមរបស់ព្រះយេហូវ៉ានៅស៊ីយ៉ូន ហើយប្រកាសសេចក្ដីសរសើរតម្កើងនៃព្រះអង្គនៅយេរូសាឡិម 22 នៅពេលប្រជាជាតិនានា និងអាណាចក្រទាំងឡាយប្រមូលគ្នាដើម្បីបម្រើព្រះយេហូវ៉ា”។ 23 ព្រះអង្គបានធ្វើឲ្យកម្លាំងរបស់ទូលបង្គំចុះខ្សោយនៅកណ្ដាលផ្លូវ ព្រះអង្គបានបន្ថយថ្ងៃអាយុរបស់ទូលបង្គំ។ 24 ទូលបង្គំទូលថា៖ “ព្រះនៃទូលបង្គំអើយ សូមកុំដកទូលបង្គំចេញពីកណ្ដាលថ្ងៃអាយុរបស់ទូលបង្គំឡើយ! ព្រះជន្មាយុរបស់ព្រះអង្គនៅស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។ 25 នៅដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ។ 26 ផ្ទៃមេឃ និងផែនដីនឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វាចេញដូចអាវ នោះវានឹងត្រូវបានផ្លាស់ចេញ។ 27 ប៉ុន្តែព្រះអង្គនៅដដែល ព្រះជន្មាយុរបស់ព្រះអង្គមិនចេះអស់ឡើយ។ 28 កូនចៅរបស់បាវបម្រើព្រះអង្គនឹងរស់នៅ ហើយពូជពង្សរបស់ពួកគេនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរនៅចំពោះព្រះអង្គ”៕ |