អេសាយ 65 - ព្រះគម្ពីរខ្មែរសាកលចម្លើយរបស់ព្រះយេហូវ៉ា 1 ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងត្រូវបានស្វែងរកដោយពួកអ្នកដែលមិនបានសួររកយើង; យើងត្រូវបានរកឃើញដោយពួកអ្នកដែលមិនបានប្រឹងរកយើង។ ចំពោះប្រជាជាតិមួយដែលមិនត្រូវបានហៅតាមនាមរបស់យើង យើងបាននិយាយថា: ‘មើល៍! យើងនៅទីនេះ! មើល៍! យើងនៅទីនេះ!’។ 2 យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជាជនដែលបះបោរ ដែលដើរតាមផ្លូវមិនល្អ គឺតាមគំនិតរបស់ខ្លួន 3 ជាប្រជាជនដែលបង្ករឿងដាក់មុខយើងជានិច្ច ដោយថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតគ្រឿងក្រអូបនៅលើឥដ្ឋ 4 ជាពួកអ្នកអង្គុយនៅតាមផ្នូរ ហើយស្នាក់នៅពេលយប់នៅទីលាក់កំបាំង ជាពួកអ្នកស៊ីសាច់ជ្រូក ហើយមានសម្លសាច់អសោចនៅក្នុងភាជនៈរបស់ពួកគេ 5 ជាពួកអ្នកដែលពោលថា: ‘ចូរឈរនៅដោយឡែកទៅ កុំចូលមកជិតអញឡើយ ពីព្រោះអញវិសុទ្ធជាងឯង’។ អ្នកទាំងនោះជាផ្សែងនៅរន្ធច្រមុះរបស់យើង ជាភ្លើងដែលឆេះវាល់ព្រឹកវាល់ល្ងាច។ 6 មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ 7 នូវអំពើទុច្ចរិតរបស់អ្នករាល់គ្នា និងអំពើទុច្ចរិតរបស់ដូនតាអ្នករាល់គ្នាផង ដោយព្រោះអ្នករាល់គ្នាបានដុតគ្រឿងក្រអូបនៅលើភ្នំនានា ហើយត្មះតិះដៀលយើងនៅលើទីទួលទាំងឡាយ ដូច្នេះយើងនឹងវាល់សំណងនៃទង្វើពីមុនរបស់ពួកគេ ដាក់លើទ្រូងរបស់ពួកគេ”។ 8 ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ដូចដែលគេរកបានស្រាទំពាំងបាយជូរថ្មីក្នុងចង្កោមទំពាំងបាយជូរមួយ ហើយពោលថា: ‘កុំបំផ្លាញវាឡើយ ពីព្រោះមានពរនៅក្នុងវា’ យ៉ាងណា យើងក៏ធ្វើយ៉ាងនោះដែរ ដោយយល់ដល់អ្នកបម្រើរបស់យើង ដើម្បីកុំឲ្យបំផ្លាញទាំងអស់ឡើយ។ 9 យើងនឹងឲ្យមានពូជពង្សមួយចេញពីយ៉ាកុប ក៏នឹងឲ្យមានអ្នកដែលទទួលភ្នំរបស់យើងជាមរតកចេញពីយូដា; ពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងទទួលស្រុកនោះជាមរតក ហើយពួកអ្នកបម្រើរបស់យើងនឹងរស់នៅទីនោះ។ 10 សារ៉ូននឹងបានជាវាលស្មៅរបស់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរនឹងបានជាកន្លែងដែលហ្វូងគោដេក សម្រាប់ប្រជារាស្ត្ររបស់យើងដែលស្វែងរកយើង។ 11 រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា ដែលភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ដែលរៀបតុអាហារថ្វាយ ‘ព្រះមានលាភ’ ដែលចាក់ស្រាលាយឲ្យពេញថ្វាយ ‘ព្រះវាសនា’ 12 យើងនឹងតម្រូវអ្នករាល់គ្នាសម្រាប់ដាវ នោះអ្នកទាំងអស់គ្នានឹងលុតចុះឲ្យកាប់សម្លាប់ ដ្បិតយើងបានហៅ ប៉ុន្តែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនស្ដាប់តាមឡើយ ហើយអ្នករាល់គ្នាបានប្រព្រឹត្តអ្វីដែលអាក្រក់ក្នុងភ្នែករបស់យើង ក៏បានជ្រើសរើសអ្វីដែលយើងមិនពេញចិត្តផង”។ 13 ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ! 14 មើល៍! ពួកអ្នកបម្រើរបស់យើងនឹងស្រែកហ៊ោសប្បាយដោយមានអំណរនៃចិត្ត ប៉ុន្តែអ្នករាល់គ្នានឹងស្រែកឡើងដោយមានការឈឺចាប់នៃចិត្ត ក៏នឹងទ្រហោយំដោយមានការឈឺផ្សាខាងវិញ្ញាណ! 15 អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។ 16 អ្នកដែលឲ្យពរខ្លួនឯងនៅលើផែនដី នឹងឲ្យពរខ្លួនឯងដោយនូវព្រះដ៏ពិតត្រង់ អ្នកដែលស្បថនៅលើផែនដី នឹងស្បថដោយអាងព្រះដ៏ពិតត្រង់ ដ្បិតទុក្ខវេទនាពីមុនត្រូវបានភ្លេច ហើយត្រូវបានបំបាំងពីភ្នែករបស់យើងហើយ”។ ផ្ទៃមេឃថ្មី និងផែនដីថ្មី 17 “ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី រីឯអ្វីៗពីមុននឹងមិនត្រូវបាននឹកចាំឡើយ ក៏នឹងមិនចូលមកក្នុងគំនិតទៀតដែរ; 18 ផ្ទុយទៅវិញ ចូររីករាយ ហើយត្រេកអរជារៀងរហូតចំពោះអ្វីដែលយើងបាននិម្មិតបង្កើតនោះ ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតយេរូសាឡិមសម្រាប់ជាអំណរ ក៏នឹងនិម្មិតបង្កើតប្រជាជនរបស់នាងសម្រាប់ជាសេចក្ដីរីករាយ។ 19 យើងនឹងត្រេកអរនឹងយេរូសាឡិម យើងនឹងរីករាយនឹងប្រជារាស្ត្ររបស់យើង; សំឡេងយំសោក និងសំឡេងកាន់ទុក្ខ នឹងមិនឮនៅក្នុងទីក្រុងនោះទៀតឡើយ។ 20 នៅទីនោះនឹងលែងមានទារកដែលរស់បានតែប៉ុន្មានថ្ងៃ ឬមនុស្សចំណាស់ដែលរស់មិនបានពេញអាយុរបស់ខ្លួននោះទៀតឡើយ ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុមួយរយឆ្នាំ គឺរាប់ជាក្មេង ហើយអ្នកណាដែលអាយុមិនដល់មួយរយឆ្នាំ គឺរាប់ជាអ្នកដែលត្រូវបណ្ដាសា។ 21 គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ គេនឹងធ្វើចម្ការទំពាំងបាយជូរ ហើយហូបផលរបស់វា។ 22 គ្មានការដែលគេសាងសង់ តែអ្នកផ្សេងរស់នៅទីនោះវិញនោះទេ គ្មានការដែលគេដាំ តែអ្នកផ្សេងហូបវិញនោះឡើយ ដ្បិតអាយុរបស់ប្រជារាស្ត្រយើងនឹងបានដូចជាអាយុរបស់ដើមឈើ ហើយពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើងនឹងរីករាយនឹងកិច្ចការនៃដៃរបស់ពួកគេបានយូរ។ 23 ពួកគេនឹងមិនធ្វើការនឿយហត់ជាឥតប្រយោជន៍ឡើយ ក៏មិនបង្កើតកូនសម្រាប់សេចក្ដីអន្តរាយដែរ ដ្បិតពួកគេជាពូជពង្សដ៏មានព្រះពររបស់ព្រះយេហូវ៉ា ហើយកូនចៅរបស់ពួកគេក៏ដូច្នោះជាមួយពួកគេដែរ។ 24 ពេលនោះ មុនពេលពួកគេស្រែកហៅ យើងនឹងឆ្លើយ ខណៈដែលពួកគេកំពុងតែនិយាយនៅឡើយ យើងនឹងស្ដាប់។ 25 ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នា តោនឹងស៊ីចំបើងដូចគោ រីឯពស់នឹងមានធូលីជាអាហាររបស់វា វានឹងមិនធ្វើអាក្រក់ ក៏មិនបំផ្លាញនៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕ |