សុភាសិត 16 - ព្រះគម្ពីរខ្មែរសាកល1 គម្រោងនៃចិត្តជារបស់មនុស្ស រីឯចម្លើយនៃអណ្ដាតមកពីព្រះយេហូវ៉ា។ 2 អស់ទាំងផ្លូវរបស់មនុស្ស បរិសុទ្ធក្នុងភ្នែកខ្លួនឯង ប៉ុន្តែព្រះយេហូវ៉ាស្ទង់ចិត្តវិញ។ 3 ចូរផ្ទុកផ្ដាក់កិច្ចការរបស់អ្នកនឹងព្រះយេហូវ៉ាចុះ នោះគម្រោងរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។ 4 ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។ 5 អស់អ្នកដែលមានចិត្តឆ្មើងឆ្មៃជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា អ្នកនោះពិតជាមិនរួចទោសឡើយ។ 6 អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។ 7 កាលណាផ្លូវរបស់មនុស្សម្នាក់គាប់ព្រះហឫទ័យព្រះយេហូវ៉ា សូម្បីតែសត្រូវរបស់អ្នកនោះក៏ព្រះអង្គធ្វើឲ្យនៅសុខសាន្តជាមួយគាត់ដែរ។ 8 មានរបស់តែបន្តិចដោយសេចក្ដីសុចរិត ប្រសើរជាងមានផលច្រើនដោយភាពអយុត្តិធម៌។ 9 ចិត្តរបស់មនុស្សគិតគូរអំពីផ្លូវរបស់ខ្លួន ប៉ុន្តែព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យជំហានរបស់គេបានស្ថិតស្ថេរ។ 10 សេចក្ដីសម្រេចរបស់ព្រះនៅលើបបូរមាត់របស់ស្ដេច មាត់របស់ស្ដេចនឹងមិនប្រព្រឹត្តខុសក្នុងការជំនុំជម្រះឡើយ។ 11 ជញ្ជីង និងត្រាជូត្រឹមត្រូវមកពីព្រះយេហូវ៉ា កូនជញ្ជីងទាំងអស់ក្នុងថង់ជាស្នាព្រះហស្តរបស់ព្រះអង្គ។ 12 ការធ្វើអាក្រក់ ជាទីស្អប់ខ្ពើមដល់ស្ដេច ដ្បិតបល្ល័ង្កត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។ 13 បបូរមាត់នៃសេចក្ដីយុត្តិធម៌ជាទីគាប់ព្រះទ័យដល់ស្ដេច; ទ្រង់ស្រឡាញ់អ្នកដែលនិយាយទៀងត្រង់។ 14 សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។ 15 ក្នុងពន្លឺនៃព្រះភក្ត្រស្ដេចមានជីវិត ហើយការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាពពកនាំភ្លៀងចុងរដូវ។ 16 បានប្រាជ្ញាប្រសើរជាងបានមាសយ៉ាងណាហ្ន៎! បានការយល់ដឹងប្រសើរជាងប្រាក់ដែលសម្រិតសម្រាំង។ 17 វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។ 18 មុនសេចក្ដីអន្តរាយ មានអំនួត មុនការដួលរលំ មានភាពក្រអឺតក្រទមក្នុងវិញ្ញាណ។ 19 មានចិត្តបន្ទាបខ្លួនជាមួយមនុស្សកម្សត់ដ៏តូចទាប ប្រសើរជាងចែកជ័យភណ្ឌជាមួយមនុស្សក្រអឺតក្រទម។ 20 អ្នកដែលយកចិត្តទុកដាក់នឹងព្រះបន្ទូល អ្នកនោះនឹងរកឃើញសេចក្ដីល្អ ហើយអ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា អ្នកនោះមានពរហើយ! 21 មនុស្សដែលមានប្រាជ្ញានៅក្នុងចិត្ត ត្រូវបានហៅថាមានការយល់ច្បាស់ ហើយភាពផ្អែមពីរោះនៃបបូរមាត់ បង្កើនសេចក្ដីអប់រំ។ 22 សុភនិច្ឆ័យជាប្រភពទឹកនៃជីវិតដល់អ្នកដែលមានវា រីឯការវាយប្រដៅដល់មនុស្សល្ងីល្ងើ ជាភាពល្ងីល្ងើ។ 23 ចិត្តរបស់មនុស្សមានប្រាជ្ញាបង្គាប់មាត់របស់ខ្លួន ហើយក៏បង្កើនសេចក្ដីអប់រំដល់បបូរមាត់របស់ខ្លួនដែរ។ 24 ពាក្យសម្ដីសប្បុរសជាផ្លិតឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាការប្រោសឲ្យជាដល់ឆ្អឹងផង។ 25 មានផ្លូវមួយមើលទៅដូចជាត្រឹមត្រូវនៅចំពោះមនុស្ស ប៉ុន្តែចុងបញ្ចប់របស់វាជាផ្លូវនៃសេចក្ដីស្លាប់។ 26 ចំណង់អាហាររបស់អ្នកប្រឹងប្រែងធ្វើការ គឺប្រឹងប្រែងធ្វើការសម្រាប់ខ្លួនអ្នកនោះឯង ដ្បិតមាត់របស់ខ្លួនជំរុញខ្លួនគេ។ 27 មនុស្សអប្រិយបើកកកាយការអាក្រក់ ហើយបបូរមាត់គេប្រៀបដូចជាភ្លើងឆេះរោល។ 28 មនុស្សនៃសេចក្ដីកំហូចបង្កទំនាស់ ហើយមនុស្សនិយាយអេចអូចបំបែកបំបាក់សម្លាញ់ភ្ងា។ 29 មនុស្សហិង្សាល្បួងអ្នកជិតខាងរបស់ខ្លួន ហើយនាំគេទៅក្នុងផ្លូវមិនល្អ។ 30 អ្នកដែលបើកភ្នែកព្រឹមៗ គឺគិតគូរសេចក្ដីកំហូច; អ្នកដែលខាំបបូរមាត់ គឺប្រព្រឹត្តការអាក្រក់រួចហើយ។ 31 សក់ស្កូវជាមកុដដ៏រុងរឿង គឺរកឃើញនៅក្នុងផ្លូវនៃសេចក្ដីសុចរិត។ 32 អ្នកដែលយឺតនឹងខឹងប្រសើរជាងមនុស្សខ្លាំងពូកែ ហើយអ្នកដែលគ្រប់គ្រងចិត្តរបស់ខ្លួន ក៏ប្រសើរជាងអ្នកដែលចាប់បានទីក្រុងមួយដែរ។ 33 ឆ្នោតត្រូវបានបោះទៅលើភ្លៅ ប៉ុន្តែការសម្រេចទាំងអស់មកពីព្រះយេហូវ៉ា៕ |