Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 90 - ព្រះគម្ពីរខ្មែរសាកល


ភាគ ៤ (ទំនុកតម្កើង 90-106) ជីវិតមនុស្សដែលរមែងតែងតែស្លាប់
សេចក្ដីអធិស្ឋាន​របស់​ម៉ូសេ​មនុស្សរបស់ព្រះ​។

1 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​បានជា​លំនៅ​ដល់​យើងខ្ញុំ​ពីជំនាន់មួយទៅជំនាន់មួយ​!

2 មុន​ភ្នំ​នានា​ត្រូវបាន​បង្កើត មុន​ព្រះអង្គ​បាន​បង្កើត​ផែនដី និង​ពិភពលោក ព្រះអង្គ​ជា​ព្រះ​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច​។

3 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​មនុស្ស​ត្រឡប់​ទៅជា​ធូលីដី​វិញ ហើយ​មានបន្ទូលថា​៖ “មនុស្សលោក​អើយ ចូរ​ត្រឡប់ទៅវិញ​ទៅ​!”។

4 ដ្បិត​មួយពាន់​ឆ្នាំ​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ក៏​ដូចជា​ថ្ងៃ​ម្សិលមិញ​ដែល​កន្លងផុតទៅ ឬ​ដូចជា​មួយ​យាម​នៅក្នុង​ពេលយប់​។

5 ព្រះអង្គ​បាន​បោស​ពួកគេ​ចេញដូចទឹកជំនន់ នោះ​ពួកគេ​ក៏​ដេកលក់​; នៅ​ពេលព្រឹក ពួកគេ​លាស់ឡើង​ដូចជា​ស្មៅ​——

6 នៅ​ពេលព្រឹក​វា​ចេញពន្លក ហើយ​លាស់ឡើង លុះ​ពេលល្ងាច​វា​ស្លោក ហើយ​ក្រៀមស្វិត​ទៅ​។

7 មែនហើយ យើងខ្ញុំ​បាន​សាបសូន្យ​ដោយសារតែ​ព្រះពិរោធ​របស់ព្រះអង្គ យើងខ្ញុំ​បាន​តក់ស្លុត​ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​។

8 ព្រះអង្គ​បាន​ដាក់​អំពើទុច្ចរិត​របស់យើងខ្ញុំ​នៅចំពោះ​ព្រះអង្គ ក៏​បាន​ដាក់​អំពើ​លាក់កំបាំង​របស់យើងខ្ញុំ​នៅក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​។

9 អស់ទាំង​ថ្ងៃ​របស់យើងខ្ញុំ​បាន​កន្លងផុតទៅ​នៅក្រោម​ព្រះពិរោធ​របស់ព្រះអង្គ អាយុជីវិត​របស់យើងខ្ញុំ​ក៏​ត្រូវបាន​បញ្ចប់​ដូចជា​សូរថ្ងូរ​។

10 ថ្ងៃ​នៃ​អាយុ​របស់យើងខ្ញុំ​គឺ​ចិតសិប​ឆ្នាំ ឬ​បើ​មានកម្លាំង ក៏បានដល់​ប៉ែតសិប​ឆ្នាំ​ប៉ុណ្ណោះ​; ប៉ុន្តែ​អ្វីដែល​គួរឲ្យអួត​ក្នុង​ឆ្នាំទាំងនោះ មានតែ​ការនឿយហត់ និង​ទុក្ខព្រួយ ដ្បិត​វា​កន្លងផុតទៅ​យ៉ាងរហ័ស ហើយ​យើងខ្ញុំ​ក៏​ហោះទៅបាត់​។

11 តើ​នរណា​ស្គាល់​អំណាច​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​? តើ​នរណា​ស្គាល់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ ស្របតាម​ការកោតខ្លាច​ដែល​ព្រះអង្គ​សមនឹងទទួល​?

12 ដូច្នេះ សូម​បង្រៀន​យើងខ្ញុំ​ឲ្យ​ចេះ​រាប់​ថ្ងៃអាយុ​របស់យើងខ្ញុំ​ផង ដើម្បីឲ្យ​យើងខ្ញុំ​ទទួលបាន​ចិត្ត​នៃ​ប្រាជ្ញា​។

13 ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​ទើប​ព្រះអង្គ​បែរមកវិញ​? សូម​អាណិតមេត្តា​បាវបម្រើ​របស់ព្រះអង្គ​ផង​!

14 សូម​ចម្អែត​យើងខ្ញុំ​នៅ​ពេលព្រឹកព្រលឹម​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​យើងខ្ញុំ​បាន​ស្រែកដោយអំណរ ហើយ​អរសប្បាយ​ក្នុង​អស់ទាំង​ថ្ងៃ​របស់យើងខ្ញុំ​។

15 ដូចដែល​ថ្ងៃ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើទុក្ខ​យើងខ្ញុំ និង​ឆ្នាំ​ទាំងឡាយ​ដែល​យើងខ្ញុំ​បាន​ជួប​ការអាក្រក់​នោះ ច្រើន​យ៉ាងណា សូម​ធ្វើឲ្យ​យើងខ្ញុំ​បាន​អរសប្បាយ​យ៉ាងនោះដែរ​។

16 សូម​សម្ដែង​កិច្ចការ​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ ហើយ​សម្ដែង​អានុភាព​របស់ព្រះអង្គ​ដល់​កូនចៅ​របស់ពួកគេ​ផង​។

17 សូមឲ្យ​សេចក្ដីសន្ដោស​របស់​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​បាន​ស្ថិត​លើ​យើងខ្ញុំ​ផង សូម​ធ្វើឲ្យ​ស្នាដៃ​របស់យើងខ្ញុំ​បាន​ស្ថិតស្ថេរ​សម្រាប់​យើងខ្ញុំ​ផង​; មែនហើយ សូម​ព្រះអង្គ​ធ្វើឲ្យ​ស្នាដៃ​របស់យើងខ្ញុំ​បាន​ស្ថិតស្ថេរ​ផង​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម