Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 3 - ព្រះគម្ពីរខ្មែរសាកល


ជឿទុកចិត្តលើព្រះអម្ចាស់

1 កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក

2 ដ្បិត​វា​នឹង​បន្ថែម​អាយុវែង ឆ្នាំនៃអាយុ និង​សេចក្ដីសុខសាន្ត​ដល់​អ្នក​។

3 កុំឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ចាកចេញ​ពី​អ្នក​ឡើយ ចូរ​ចង​សេចក្ដីទាំងនេះ​ក្រវាត់​នឹង​ក​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក

4 នោះ​អ្នក​នឹង​រកបាន​សេចក្ដីសន្ដោស និង​សុភនិច្ឆ័យ​ដ៏ល្អ នៅចំពោះ​ព្រះនេត្រ​របស់​ព្រះ និង​នៅចំពោះ​ភ្នែក​មនុស្ស​។

5 ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត កុំ​ពឹងផ្អែក​លើ​ការយល់ដឹង​របស់ខ្លួន​ឡើយ​។

6 ក្នុង​គ្រប់ទាំង​ផ្លូវ​របស់អ្នក ចូរ​ទទួលស្គាល់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​តម្រង់​គន្លង​របស់អ្នក​។

7 កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;

8 ការនេះ​នឹង​បានជា​ការជាសះស្បើយ​ដល់​រូបកាយ​អ្នក និង​ជា​ការស្រស់ស្រាយឡើងវិញ​ដល់​ឆ្អឹង​អ្នក​។

9 ចូរ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះយេហូវ៉ា​ដោយ​ទ្រព្យសម្បត្តិ និង​ដោយ​ផលដំបូង​នៃ​អស់ទាំង​ផល​របស់អ្នក​ចុះ

10 នោះ​ជង្រុក​របស់អ្នក​នឹង​ត្រូវបាន​បំពេញ​យ៉ាងបរិបូរ ហើយ​ទីបញ្ជាន់ផ្លែ​របស់អ្នក​នឹង​ហូរហៀរ​ដោយ​ស្រាទំពាំងបាយជូរថ្មី​។

11 កូន​របស់ខ្ញុំ​អើយ កុំ​មើលងាយ​ការប្រៀនប្រដៅ​របស់​ព្រះយេហូវ៉ា​ឡើយ ហើយក៏​កុំ​ជិនឆ្អន់​នឹង​ការស្ដីប្រដៅ​របស់ព្រះអង្គ​ដែរ​!

12 ដ្បិត​ព្រះយេហូវ៉ា​ស្ដីបន្ទោស​អ្នកដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ដូចជា​ឪពុក​ធ្វើ​ចំពោះ​កូន​ដែល​ខ្លួន​ពេញចិត្ត​។


ប្រាជ្ញានាំមកនូវសុភមង្គល

13 មានពរ​ហើយ អ្នកដែល​រកឃើញ​ប្រាជ្ញា និង​អ្នកដែល​រកបាន​ការយល់ដឹង​!

14 ដ្បិត​កម្រៃ​ពី​ប្រាជ្ញា​ប្រសើរ​ជាង​កម្រៃ​ពី​ប្រាក់ ហើយ​ផល​របស់នាង​ប្រសើរ​ជាង​មាស​;

15 នាង​មានតម្លៃ​ជាង​ត្បូងទទឹម ហើយ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់អ្នក ក៏​មិនអាច​ប្រៀបផ្ទឹម​នឹង​នាង​បានឡើយ​។

16 អាយុវែង​នៅ​ដៃស្ដាំ​របស់នាង ហើយ​ភាពស្ដុកស្ដម្ភ និង​សិរីរុងរឿង​នៅ​ដៃឆ្វេង​របស់នាង​;

17 ផ្លូវ​របស់នាង​ជា​ផ្លូវ​នៃ​សេចក្ដីសោមនស្ស ហើយ​អស់ទាំង​គន្លង​របស់នាង​គឺ​សេចក្ដីសុខសាន្ត​។

18 នាង​ជា​ដើមឈើ​នៃ​ជីវិត​ដល់​អ្នកដែល​កាន់ខ្ជាប់​នឹង​នាង ហើយ​អ្នកដែល​ចាប់​នាង​ជាប់ នឹង​ត្រូវបាន​ហៅថាមានព្រះពរ​។

19 ព្រះយេហូវ៉ា​បាន​ចាក់គ្រឹះ​ផែនដី​ដោយ​ប្រាជ្ញា ព្រះអង្គ​បាន​តាំង​បណ្ដាមេឃ​ឡើង​ដោយ​ការយល់ដឹង​;

20 ទីជម្រៅ​បាន​ធ្លាយចេញ​ដោយ​ចំណេះដឹង​របស់ព្រះអង្គ ហើយ​ពពក​ក៏​ស្រក់​ទឹកសន្សើម​។

21 កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ប្រាជ្ញាត្រឹមត្រូវ និង​សមត្ថភាពពិចារណា កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ​!

22 សេចក្ដីទាំងនេះ​ជា​ជីវិត​សម្រាប់​ព្រលឹង​របស់អ្នក ហើយ​ជា​គ្រឿងតុបតែង​សម្រាប់​ក​របស់អ្នក​។

23 ធ្វើដូច្នេះ កូន​នឹង​ដើរ​ដោយ​សុវត្ថិភាព​ក្នុង​ផ្លូវ​របស់អ្នក ហើយ​ជើង​របស់អ្នក​នឹង​មិន​ជំពប់​ឡើយ​;

24 ប្រសិនបើ​អ្នក​ដេក អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ​; នៅពេល​អ្នក​ដេក ដំណេក​របស់អ្នក​នឹង​បាន​លក់ស្រួល​។

25 កុំ​ខ្លាច​សេចក្ដីភិតភ័យ​ដែលមក​ក្នុងមួយរំពេច​ឡើយ ហើយក៏​កុំ​ខ្លាច​ការហិនវិនាស​របស់​មនុស្ស​អាក្រក់ កាលណា​វា​ធ្លាក់មក​នោះ​ដែរ

26 ដ្បិត​ព្រះយេហូវ៉ា​ជា​ទីទុកចិត្ត​របស់អ្នក ហើយ​ព្រះអង្គ​នឹង​ការពារ​ជើង​អ្នក​ពី​អន្ទាក់​។


ប្រព្រឹត្តត្រឹមត្រូវដល់អ្នកដទៃ

27 កុំ​បង្ខាំងទុក​ការ​ល្អ​ពី​អ្នកដែលសមនឹងទទួល នៅពេល​ដៃ​របស់អ្នក​មាន​សមត្ថភាព​ធ្វើ​បាន​នោះ​ឡើយ​;

28 កុំ​និយាយ​នឹង​អ្នកជិតខាង​របស់អ្នក​ថា​៖ “ទៅ​សិន​ចុះ រួចសឹម​មកវិញ ថ្ងៃស្អែក​ខ្ញុំ​នឹង​ឲ្យ” ខណៈដែល​មាន​នៅនឹង​អ្នក​ហើយ​។

29 កុំ​ប៉ងធ្វើ​ការអាក្រក់​ទាស់នឹង​អ្នកជិតខាង​របស់អ្នក​ឡើយ ពេល​គេ​រស់នៅ​ដោយ​សុខសាន្ត​នៅក្បែរ​អ្នក​;

30 កុំ​ឈ្លោះ​ជាមួយ​គេ​ដោយគ្មានមូលហេតុ​ឡើយ នៅពេល​គេ​មិន​បាន​ប្រព្រឹត្ត​ការអាក្រក់​ដល់​អ្នក​។

31 កុំ​ច្រណែន​មនុស្ស​ហិង្សា​ឡើយ ក៏​កុំ​ជ្រើសរើស​ផ្លូវ​ណាមួយ​របស់គេ​ដែរ

32 ដ្បិត​មនុស្ស​វៀចវេរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា ប៉ុន្តែ​ព្រះអង្គ​ស្និទ្ធស្នាល​នឹង​មនុស្ស​ទៀងត្រង់​វិញ​។

33 បណ្ដាសា​របស់​ព្រះយេហូវ៉ា​ស្ថិត​នៅលើ​ផ្ទះ​របស់​មនុស្ស​អាក្រក់ ប៉ុន្តែ​ព្រះអង្គ​ប្រទានពរ​លំនៅ​របស់​មនុស្ស​សុចរិត​វិញ​;

34 ចំពោះ​មនុស្សចំអកឡកឡឺយ ព្រះអង្គ​ចំអកឡកឡឺយ​ដាក់ពួកគេ រីឯ​ចំពោះ​មនុស្ស​រាបទាប​វិញ ព្រះអង្គ​ប្រទាន​ព្រះគុណ​។

35 មនុស្ស​មានប្រាជ្ញា​នឹង​ទទួល​សិរីរុងរឿង​ជាមរតក រីឯ​មនុស្សល្ងង់​វិញ នឹង​ទទួលបាន​សេចក្ដីអាម៉ាស់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម