អរព្រះគុណព្រះជាម្ចាស់ចំពោះរាល់ថ្ងៃពិសេស និងព្រឹត្តិការណ៍ល្អៗ ដែលយើងបានឆ្លងកាត់។ ថ្ងៃទាំងនេះពិតជាថ្ងៃនៃសេចក្តីអំណរ និងការអបអរសាទរ។ ព្រះអង្គសព្វព្រះហឫទ័យណាស់ ពេលដែលឃើញយើងរស់នៅដោយសុខសាន្ត និងអំណរ។ ចូរអរព្រះគុណព្រះយេហូវ៉ានៅថ្ងៃទាំងនោះ ហើយកុំភ្លេចថា ព្រះជាម្ចាស់ជាអ្នកដែលប្រទានពេលវេលាពិសេសៗទាំងនេះដល់យើង។
ដូចដែលបានចែងនៅក្នុងទំនុកដំកើង ៣០:១១-១២ (ខ.ស.) ថា «ទ្រង់បានផ្លាស់ប្រែសេចក្តីសោកសង្រេងរបស់ទូលបង្គំ ឲ្យទៅជាការរាំច្រៀង ទ្រង់បានដោះសម្លៀកបំពាក់កាន់ទុក្ខរបស់ទូលបង្គំចេញ ហើយទ្រង់បានស្លៀកពាក់សម្លៀកបំពាក់អំណរឲ្យទូលបង្គំ ដើម្បីឲ្យទូលបង្គំច្រៀងសរសើរដល់ទ្រង់ ហើយមិននៅស្ងៀមឡើយ។ ឱព្រះយេហូវ៉ាជាព្រះរបស់ទូលបង្គំអើយ! ទូលបង្គំនឹងថ្លែងអំណរគុណដល់ទ្រង់ជានិច្ច»។ នៅក្នុងព្រះគម្ពីរ យើងអាចរកឃើញខគម្ពីរជាច្រើនទាក់ទងនឹងព្រឹត្តិការណ៍ពិសេសៗ ហើយនេះគឺជាខ្លះៗក្នុងចំណោមនោះ។
ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ?
ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។
មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!»
"ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ព្រះអង្គបានចាប់ផ្ដើមបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញភាពធំអស្ចារ្យ និងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គ ដ្បិតតើមានព្រះឯណានៅស្ថានសួគ៌ ឬនៅលើផែនដី ដែលអាចធ្វើការអស្ចារ្យ ហើយសម្ដែងឫទ្ធិបារមីដូចព្រះអង្គបាន!
ពេលព្រះអង្គយាងទៅដល់ត្រង់ផ្លូវចុះពីភ្នំដើមអូលីវ ពួកសិស្សរបស់ព្រះអង្គទាំងហ្វូងចាប់ផ្តើមមានចិត្តរីករាយ ហើយសរសើរតម្កើងព្រះ ដោយសំឡេងយ៉ាងខ្លាំង ដោយព្រោះការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អស់ទាំងអ្នកបម្រើ និងពួកអ្នកដែលកោតខ្លាចព្រះ ទាំងធំទាំងតូចអើយ ចូរសរសើរព្រះនៃយើង!»។
ព្រះបាទដាវីឌទូលដល់ព្រះយេហូវ៉ា នៅចំពោះក្រុមជំនុំទាំងអស់គ្នាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បុព្វបុរសយើងរាល់គ្នាអើយ សូមឲ្យព្រះអង្គបានព្រះពរនៅអស់កល្បជានិច្ច។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះ នៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ជាទីសម្ដែងព្រះចេស្តារបស់ព្រះអង្គ!
ចូរសរសើរតម្កើងព្រះអង្គ ដោយព្រោះស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ចូរសរសើរតម្កើងព្រះអង្គ ឲ្យសមនឹងភាពអស្ចារ្យក្រៃលែងរបស់ព្រះអង្គ!
៙ ចូរសរសើរតម្កើងព្រះអង្គដោយសូរត្រែ ចូរសរសើរតម្កើងព្រះអង្គដោយដេញពិណ និងចាប់ស៊ុង!
ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ!
ចូរសរសើរតម្កើងព្រះអង្គដោយវាយឈិងឲ្យឮរងំ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឈឹងឮសូររំពង!
គួរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើម បានសរសើរតម្កើងព្រះយេហូវ៉ា ហាលេលូយ៉ា !៚
ឯពួកគង្វាលក៏វិលត្រឡប់ទៅវិញ ទាំងថ្វាយសិរីល្អ ហើយសរសើរតម្កើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញ ដូចជាទេវតាបានប្រាប់។
ឱព្រះនៃបុព្វបុរសរបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើង ដ្បិតព្រះអង្គបានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងឥទ្ធិឫទ្ធិ ហើយឥឡូវនេះបានសម្ដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានទូលសូមពីព្រះអង្គ ដ្បិតព្រះអង្គបានសម្ដែងឲ្យយើងខ្ញុំ ស្គាល់រឿងរ៉ាវរបស់ស្តេច»។
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
មាត់ទូលបង្គំពេញដោយពាក្យ សរសើរតម្កើងព្រះអង្គ ហើយដោយពាក្យលើកតម្កើង ព្រះអង្គដរាបរាល់ថ្ងៃ។
គ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយ ដ្បិតក្រៅពីព្រះអង្គគ្មានព្រះណាទៀតសោះ ក៏គ្មានថ្មដាដែលរឹងមាំ ដូចជាព្រះរបស់យើងខ្ញុំដែរ។
លោកអែសរ៉ាលើកតម្កើងព្រះយេហូវ៉ា ជាព្រះដ៏ធំ ហើយប្រជាជនក៏ឆ្លើយ "អាម៉ែន អាម៉ែន" ទាំងប្រទូលដៃឡើង រួចឱនក្បាល ហើយក្រាបចុះមុខដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា។
នាងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយទៀត នាងពោលថា៖ «ពេលនេះ ខ្ញុំនឹងសរសើរតម្កើង ព្រះយេហូវ៉ា»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "យូដា"។ បន្ទាប់មក នាងក៏លែងមានកូនទៀត។
ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គធំណាស់ គ្មានអ្នកណាស្មើនឹងព្រះអង្គឡើយ ហើយតាមគ្រប់ទាំងសេចក្ដីដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីព្រះអង្គដែរ។
ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។
យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។
ចូរច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា ដែលគង់នៅក្រុងស៊ីយ៉ូន! ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ ពីស្នាព្រះហស្តរបស់ព្រះអង្គ!
ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ព្រះអង្គ ដល់អស់ទាំងកោះ។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយចាប់ស៊ុង ហើយលើកទំនុកថ្វាយព្រះអង្គ ដោយដេញពិណខ្សែដប់!
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា!
ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ!
៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ!
៙ ដ្បិតព្រះយេហូវ៉ាល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
នោះគាត់ក៏ទទួលព្រះឱរសមកបី រួចសរសើរតម្កើងព្រះ ដោយពាក្យថា៖
«ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គបានបើកឲ្យបាវបម្រើ របស់ព្រះអង្គចេញទៅដោយសុខសាន្ត តាមព្រះបន្ទូលរបស់ព្រះអង្គហើយ
មនុស្សទាំងអស់ធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចុះបញ្ជី។
ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះរបស់ព្រះអង្គ
ខ្ញុំនឹងថ្វាយព្រះពរព្រះយេហូវ៉ា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
តើមានអ្នកណាដែលចង់បានជីវិត ហើយស្រឡាញ់អាយុយឺនយូរ ដើម្បីឲ្យខ្លួនបានឃើញសេចក្ដីល្អឬទេ?
ត្រូវបញ្ចៀសអណ្ដាតខ្លួនពីសេចក្ដីអាក្រក់ និងបបូរមាត់ កុំពោលពាក្យបោកបញ្ឆោត។
ចូរចៀសចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញតាមចុះ។
ព្រះនេត្រព្រះយេហូវ៉ា ទតឆ្ពោះទៅរកមនុស្សសុចរិត ហើយព្រះកាណ៌ព្រះអង្គ ផ្ទៀងស្តាប់សម្រែករបស់គេ។
ព្រះភក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី នឹកចាំពីគេតទៅទៀត។
ពេលមនុស្សសុចរិតស្រែករកជំនួយ ព្រះយេហូវ៉ាព្រះសណ្ដាប់ ហើយព្រះអង្គក៏រំដោះគេឲ្យរួច ពីគ្រប់ទុក្ខលំបាករបស់គេ។
ព្រះយេហូវ៉ាគង់នៅជិតអ្នក ដែលមានចិត្តខ្ទេចខ្ទាំ ហើយសង្គ្រោះអស់អ្នក ដែលមានវិញ្ញាណសោកសង្រេង។
មនុស្សសុចរិតរងទុក្ខលំបាកជាច្រើន តែព្រះយេហូវ៉ារំដោះគេឲ្យរួច ពីទុក្ខលំបាកទាំងអស់។
ព្រលឹងរបស់ខ្ញុំនឹងអួតពីព្រះយេហូវ៉ា ចូរឲ្យមនុស្សរាបសារស្ដាប់ ហើយមានចិត្តត្រេកអរឡើង។
ព្រះអង្គរក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ។
អំពើអាក្រក់នឹងសម្លាប់មនុស្សពាល ហើយអស់អ្នកដែលស្អប់មនុស្សសុចរិត នឹងត្រូវទទួលទោស។
ព្រះយេហូវ៉ាលោះជីវិត ពួកអ្នកបម្រើរបស់ព្រះអង្គ ហើយក្នុងចំណោមអស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ គ្មានអ្នកណាម្នាក់នឹងត្រូវទោសឡើយ។
ឱ សូមតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ ចូរយើងនាំគ្នាលើកតម្កើង ព្រះនាមព្រះអង្គជាមួយគ្នា។
បន្ទាប់មក ពួកលេវី យេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា និងពេថាហ៊ីយ៉ា ពោលថា៖ «ចូរក្រោកឡើង ហើយលើកតម្កើងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដែលគង់នៅតាំងពីអស់កល្ប រហូតដល់អស់ជានិច្ច។ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ បានប្រកបដោយព្រះពរ ជាព្រះនាមដែលថ្កើងឡើងខ្ពស់លើសជាងអស់ទាំងពរ និងការសរសើរ»។
គេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង
ហើយពួកគេនៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ និងលើកតម្កើងព្រះ។ អាម៉ែន។:៚
៙ ចូលមក ចូរយើងឱនកាយ ថ្វាយបង្គំទាំងអស់គ្នា ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដែលបង្កើតយើងមក!
ឱព្រះដ៏ជាមហាក្សត្រនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ហើយសូមថ្វាយព្រះពរព្រះនាមព្រះអង្គ អស់កល្បជានិច្ច។
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ!
គេនឹងថ្លែងពីសិរីល្អនៃព្រះរាជ្យរបស់ព្រះអង្គ ហើយរៀបរាប់ពីព្រះចេស្ដារបស់ព្រះអង្គ
ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។
ព្រះរាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ហើយអំណាចរបស់ព្រះអង្គ ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។ [ព្រះយេហូវ៉ាស្មោះត្រង់ក្នុងគ្រប់សេចក្ដី ដែលព្រះអង្គមានព្រះបន្ទូល ហើយក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ ដែលព្រះអង្គធ្វើ។ ]
ព្រះយេហូវ៉ាទ្រទ្រង់អស់អ្នកដែលដួល ក៏លើកអស់អ្នកដែលត្រូវឱនចុះ ឲ្យងើបឡើងវិញ។
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
ព្រះអង្គលាព្រះហស្ត ព្រះអង្គប្រទានឲ្យជីវិតទាំងឡាយ ឲ្យឆ្អែតបានស្កប់ស្កល់។
ព្រះយេហូវ៉ាសុចរិតក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការ របស់ព្រះអង្គដែរ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
ព្រះអង្គបំពេញតាមចិត្តប៉ងប្រាថ្នារបស់អស់អ្នក ដែលកោតខ្លាចព្រះអង្គ ព្រះអង្គក៏ឮសម្រែករបស់គេ ហើយសង្គ្រោះគេ។
ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។
ព្រះយេហូវ៉ាការពារអស់អ្នក ដែលស្រឡាញ់ព្រះអង្គ តែព្រះអង្គនឹងបំផ្លាញ អស់ទាំងមនុស្សអាក្រក់វិញ។
៙ មាត់ទូលបង្គំនឹងពោលពាក្យ សរសើរតម្កើងព្រះយេហូវ៉ា ហើយសូមឲ្យមនុស្សទាំងអស់ ថ្វាយព្រះពរដល់ព្រះនាមដ៏បរិសុទ្ធ របស់ព្រះអង្គ អស់កល្បជានិច្ចតរៀងទៅ។
ព្រះយេហូវ៉ាធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។
អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។
លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។
រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។
ទោះបើដើមល្វាមិនមានផ្កា ទំពាំងបាយជូរឥតមានផ្លែ ដើមអូលីវមិនបញ្ចេញប្រេង ស្រែចម្ការឥតបង្កើតផល ហ្វូងចៀមត្រូវបាត់ចេញពីក្រោល និងគ្មានគោនៅក្នុងឃ្នងក៏ដោយ
គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ
ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ា!
ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា «ព្រះយេហូវ៉ាសោយរាជ្យ! អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌»។
ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ
ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះនាមព្រះអង្គ ចូរប្រកាសពីការសង្គ្រោះរបស់ព្រះអង្គរាល់ថ្ងៃ។
ចូរប្រកាសពីសិរីល្អរបស់ព្រះអង្គ ក្នុងចំណោមជាតិសាសន៍នានា និងពីការអស្ចារ្យរបស់ព្រះអង្គ ក្នុងចំណោមប្រជាជនទាំងឡាយ!
ដ្បិតព្រះយេហូវ៉ាប្រសើរឧត្តម ហើយគួរសរសើរក្រៃលែង ព្រះអង្គគួរជាទីស្ញែងខ្លាច លើសជាងអស់ទាំងព្រះ។
ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ ដែលថ្មដានៃការសង្គ្រោះរបស់យើង!
យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។
ហេតុនេះ យើងបានស្បថទាំងកំហឹង របស់យើងថា «ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក របស់យើងឡើយ»។
ចូរយើងនាំគ្នាចូលមកចំពោះព្រះវត្តមានព្រះអង្គ ដោយអរព្រះគុណ ចូរយើងបន្លឺសំឡេងថ្វាយព្រះអង្គ ដោយបទសរសើរ!
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គនៅអស់កល្បជានិច្ច
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ!
ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។
ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។
ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។
ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។
៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល
ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។
តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ
គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។
៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរនាំគ្នាសរសើរតម្កើង
ព្រះអង្គបានប្រហារជាតិសាសន៍ជាច្រើន ហើយសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ
គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណាន
ព្រះអង្គបានប្រគល់ស្រុករបស់គេទុកជាមត៌ក គឺជាមត៌កដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ឱព្រះយេហូវ៉ាអើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ក៏ស្ថិតស្ថេរជាអង្វែងតរៀងទៅ។
ដ្បិតព្រះយេហូវ៉ានឹងវិនិច្ឆ័យ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។
រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ
មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។
អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ឱពូជពង្សអើរ៉ុនអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
អ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់ របស់ព្រះយេហូវ៉ា គឺនៅក្នុងទីព្រះលាននៃព្រះដំណាក់ របស់ព្រះនៃយើងអើយ
ឱពូជពង្សលេវីអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម! ហាលេលូយ៉ា !
ចូរសរសើរតម្កើងព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាល្អ ចូរច្រៀងថ្វាយព្រះនាមព្រះអង្គ ដ្បិតនេះជាទីដ៏សប្បាយរីករាយ!
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ដ្បិតការដែលច្រៀងសរសើរដល់ព្រះនៃយើង ជាការប្រពៃណាស់ ដ្បិតនេះជាទីដ៏សប្បាយរីករាយ ហើយចម្រៀងសរសើរតម្កើង ស័ក្ដិសមណាស់!
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរច្រៀងបទមួយថ្មីថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ!
ចូរឲ្យអ៊ីស្រាអែលរីករាយក្នុងព្រះដែលបង្កើតខ្លួន ចូរឲ្យពួកកូននៃក្រុងស៊ីយ៉ូនបានត្រេកអរ នឹងព្រះមហាក្សត្ររបស់ខ្លួន!
គួរឲ្យគេសរសើរតម្កើងព្រះនាមព្រះអង្គ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងចាប់ស៊ុង!
ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គរាល់ៗថ្ងៃ
ចូរថ្លែងប្រាប់ពីសិរីល្អរបស់ព្រះអង្គ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ព្រះអង្គ នៅកណ្ដាលអស់ទាំងសាសន៍
ដ្បិតព្រះយេហូវ៉ាជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
ហើយទូលព្រះអង្គថា៖ «តើលោកឮក្មេងទាំងនេះថាដូចម្តេចឬទេ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឮហើយ តើអស់លោកមិនដែលបានអានទេឬថា "ព្រះអង្គបានធ្វើឲ្យពាក្យសរសើរបានគ្រប់លក្ខណ៍ ចេញពីមាត់កូនក្មេង និងកូនដែលនៅបៅ "»។
ផែនដីទាំងមូលអើយ ចូរបន្លឺឡើងដោយអំណរថ្វាយព្រះចុះ
ដ្បិត ឱព្រះអើយ ព្រះអង្គបានល្បងលយើងខ្ញុំ ក៏បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
ព្រះអង្គបាននាំយើងខ្ញុំឲ្យជាប់មង ព្រះអង្គបានដាក់បន្ទុកយ៉ាងធ្ងន់ នៅលើខ្នងយើងខ្ញុំ
ព្រះអង្គបានបើកឲ្យមនុស្សជិះលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង និងឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំ ចេញមកកន្លែងដែលមានបរិបូរ។
ទូលបង្គំនឹងយកតង្វាយដុត ចូលមកក្នុងដំណាក់ព្រះអង្គ ទូលបង្គំនឹងលាបំណន់ចំពោះព្រះអង្គ
ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ ហើយដែលមាត់ទូលបង្គំបានសន្យា នៅពេលទូលបង្គំមានអាសន្ន។
ទូលបង្គំនឹងថ្វាយសត្វធាត់ៗ ជាតង្វាយដុតដល់ព្រះអង្គ ដោយក្លិនយញ្ញបូជារបស់ចៀមឈ្មោល ទូលបង្គំនឹងថ្វាយគោឈ្មោល និងពពែឈ្មោល។ –បង្អង់
៙ អស់អ្នកដែលកោតខ្លាចព្រះអើយ ចូរចូលមកស្តាប់ចុះ ខ្ញុំនឹងរៀបរាប់ប្រាប់ពីកិច្ចការ ដែលព្រះអង្គបានធ្វើដល់ខ្ញុំ។
មាត់ខ្ញុំបានអំពាវនាវរកព្រះអង្គ ហើយអណ្ដាតខ្ញុំបានសរសើរតម្កើងព្រះអង្គ។
ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។
ប៉ុន្តែ ព្រះពិតជាបានស្តាប់ខ្ញុំមែន ព្រះអង្គយកព្រះហឫទ័យទុកដាក់ ស្តាប់សំឡេងអធិស្ឋានរបស់ខ្ញុំ។
ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ!
ហើយមានចែងទៀតថា៖ «អ្នករាល់គ្នាជាសាសន៍ដទៃអើយ ចូរសរសើរដល់ព្រះអម្ចាស់ ចូរឲ្យប្រជារាស្ដ្រទាំងអស់សរសើរតម្កើងព្រះអង្គចុះ» ។
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ របស់ព្រះអង្គ
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ គេទុកចិត្តដល់ព្រះអង្គ ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គមិនបានបោះបង់អស់អ្នក ដែលស្វែងរកព្រះអង្គឡើយ។
ចូរច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា ដែលគង់នៅក្រុងស៊ីយ៉ូន! ចូរថ្លែងប្រាប់ប្រជាជនទាំងឡាយ ពីស្នាព្រះហស្តរបស់ព្រះអង្គ!
ដ្បិតព្រះអង្គដែលសងសឹកអ្នកសម្លាប់គេ ព្រះអង្គនឹកចាំពីអ្នកទាំងនោះ ព្រះអង្គមិនភ្លេចសម្រែក របស់មនុស្សរងទុក្ខឡើយ។
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមទតមើលទុក្ខលំបាករបស់ទូលបង្គំ ដោយសារអស់អ្នកដែលស្អប់ទូលបង្គំផង ព្រះអង្គហើយ ដែលលើកទូលបង្គំឡើង ឲ្យរួចពីទ្វារនៃសេចក្ដីស្លាប់
ដើម្បីឲ្យទូលបង្គំបានថ្លែងពី អស់ទាំងសេចក្ដីសរសើររបស់ព្រះអង្គ នៅមាត់ទ្វារទាំងប៉ុន្មាននៃកូនស្រីស៊ីយ៉ូន ហើយត្រេកអរ ក្នុងការសង្គ្រោះរបស់ព្រះអង្គ។
សាសន៍នានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
មនុស្សអាក្រក់នឹងត្រូវវិលទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ។
ដ្បិតមនុស្សក្រីក្រមិនត្រូវគេភ្លេចរហូតទេ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រ ក៏មិនត្រូវវិនាសបាត់ជានិច្ចដែរ។
ឱព្រះយេហូវ៉ាអើយ សូមតើនឡើង សូមកុំឲ្យមនុស្សលោកឈ្នះឡើយ សូមឲ្យសាសន៍នានារងការជំនុំជម្រះ នៅចំពោះព្រះអង្គ។
ទូលបង្គំនឹងអរសប្បាយ ហើយរីករាយក្នុងព្រះអង្គ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងតម្កើងព្រះនាមព្រះអង្គ។
គ្រប់គ្នាក៏បន្លឺសំឡេងថា៖ «កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ»។
ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីល្អរបស់ព្រះអង្គ នៅលើផ្ទៃមេឃ
ប៉ុន្តែ ឱព្រះដែលថ្កើងឡើង នៅលើពាក្យសរសើររបស់ អ៊ីស្រាអែលអើយ ព្រះអង្គបរិសុទ្ធ។
ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរព្រះនាមព្រះអង្គ ចូរស្រែកច្រៀងថ្វាយព្រះអង្គ ដែលជិះរាជរថកាត់ទីរហោស្ថាន ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិត។
៙ ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដោយពាក្យអរព្រះគុណ ចូរលើកទំនុកថ្វាយព្រះនៃយើង ដោយចាប់ស៊ុង។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ
៙ ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គ ហើយអស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ នឹងថ្វាយព្រះពរព្រះអង្គ!
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
ទូលបង្គំនឹងអរព្រះគុណព្រះអង្គ នៅក្នុងក្រុមជំនុំធំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ក្នុងចំណោមមហាជន។
៙ ឱប្រជាជនទាំងឡាយអើយ ចូរលើកតម្កើងព្រះនៃយើង សូមបន្លឺសំឡេងសរសើរតម្កើងព្រះអង្គឡើង
ព្រះអង្គហើយដែលរក្សាព្រលឹងយើង ក្នុងចំណោមមនុស្សរស់ ក៏មិនឲ្យជើងយើងរអិលភ្លាត់ឡើយ។
ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។
ហាលេលូយ៉ា ! ឱចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរស របស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ឱពួកអ្នកបម្រើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា!
៙ សូមឲ្យព្រះនាមព្រះយេហូវ៉ា ប្រកបដោយព្រះពរ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ!
ចាប់តាំងពីទីថ្ងៃរះ រហូតដល់ទីថ្ងៃលិច ព្រះនាមព្រះយេហូវ៉ាត្រូវបានសរសើរតម្កើង!
ទូលបង្គំសរសើរតម្កើងព្រះអង្គ មួយថ្ងៃប្រាំពីរដង ព្រោះតែវិន័យដ៏សុចរិតរបស់ព្រះអង្គ។
ចូរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងនឹងសិរីល្អ ចូរឲ្យគេច្រៀងដោយអំណរ ក្នុងដំណេករបស់ខ្លួន។
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច!
អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ!