Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ហិបសញ្ញា​នៅ​ក្នុងត្រសាល

1 គេ​យក​ហិប​នៃ​ព្រះ​មក​ដាក់​នៅ​កណ្ដាល​ត្រសាល ដែល​ព្រះបាទ​ដាវីឌ​បាន​ដំឡើង​ទុក រួច​ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ។

2 កាល​ព្រះបាទ​ដាវីឌ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

3 រួច​ទ្រង់​ចែក​នំបុ័ង​មួយ​ដុំ សាច់​មួយ​ដុំ និង​ផ្លែ​ទំពាំង‌បាយ​ជូរ​មួយ​ផែន ឲ្យ​ដល់​សាសន៍​អ៊ីស្រា‌អែល​គ្រប់ៗ​គ្នា ទាំង​ប្រុស​ទាំង​ស្រី។

4 ទ្រង់​ក៏​តម្រូវ​ពួក​លេវី​ខ្លះ ឲ្យ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​រំឭក អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

5 គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិ‌ធា អេលាប បេ‌ណា‌យ៉ា អូបិឌ-អេដុម និង​យីអែល សុទ្ធ​តែ​កាន់​ពិណ និង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈិង​ឲ្យ​ឮ​រងំ

6 ឯ​បេ‌ណា‌យ៉ា និង​យ៉ាហា‌សៀល ជា​ពួក​សង្ឃ ក៏​ផ្លុំ​ត្រែ​ជា‌និច្ច នៅ​ចំពោះ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ។


ទំនុក​អព្រះគុណ​របស់​ព្រះបាទ​ដាវីឌ

7 នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា តាម​រយៈ​អេសាភ និង​ពួក​បង‌ប្អូន​លោក​ថា៖

8 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ចូរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ចុះ ចូរ​សម្ដែង​ពី​អស់​ទាំង​ការ​នៃ​ព្រះ‌អង្គ នៅ​កណ្ដាល​គ្រប់​ទាំង​សាសន៍

9 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ​ចុះ ចូរ​នឹក​ថ្លែង​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ

10 ចូរ​មាន​ចិត្ត​រីក‌រាយ ដោយ​នូវ​ព្រះ‌នាម​បរិសុទ្ធ​របស់​ព្រះ‌អង្គ ចូរ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង

11 ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ចូរ​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ជា‌និច្ច

12 ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ព្រះ‌អង្គ និង​ពី​សេចក្ដី​យុត្តិ‌ធម៌​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​មក

13 ឱ​ពូជ​ពង្ស​អ៊ីស្រា‌អែល ជា​ពួក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ពួក​កូន​ចៅ​យ៉ាកុប ជា​ពួក​អ្នក​ជ្រើស‌រើស​របស់​ព្រះ‌អង្គ​អើយ

14 ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សេចក្ដី​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នៅ​ពេញ‌ពាស​លើ​ផែនដី

15 ចូរ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ​ជា​ដរាប គឺ​ជា​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ដល់​មនុស្ស​ទាំង​ពាន់​តំណ

16 ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង នឹង​លោក​អ័ប្រា‌ហាំ ហើយ​ជា​សេចក្ដី​សម្បថ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​អ៊ីសាក

17 ព្រម​ទាំង​បញ្ជាក់​សេចក្ដី​នោះ​ឯង​ទុក​ជា​ច្បាប់​ដល់​យ៉ាកុប ហើយ​ដល់​អ៊ីស្រា‌អែល សម្រាប់​ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច

18 ដោយ​ព្រះ‌បន្ទូល​ថា យើង​និង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មត៌ក​របស់​ឯង

19 ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​គ្នា​តិច​នៅ​ឡើយ គឺ​មាន​គ្នា​តិច​ណាស់ ក៏​គ្រាន់​តែ​ស្នាក់​នៅ​ស្រុក​នេះ​ប៉ុណ្ណោះ​ផង

20 គេ​ចេញ​ដំណើរ​ពី​នគរ​មួយ​ទៅ​នគរ​មួយ ហើយ​ពី​សាសន៍​មួយ​ដល់​សាសន៍​មួយ​ទៀត

21 ព្រះ‌អង្គ​មិន​បើក​ឲ្យ​មនុស្ស​ណា​សង្កត់‌សង្កិន​គេ​ឡើយ ព្រះ‌អង្គ​បាន​បន្ទោស​ដល់​ទាំង​ពួក​ស្តេច​ដោយ​ព្រោះ​គេ​ផង

22 ដោយ​ព្រះ‌បន្ទូល​ថា កុំ​ពាល់​ពួក​ដែល​យើង​បាន​ចាក់​ប្រេង​ឲ្យ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​បាប​ដល់​ពួក​ហោរា​របស់​យើង​ដែរ

23 ឱ​លោកីយ៍​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​សម្ដែង​ពី​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់ៗ​ថ្ងៃ

24 ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​សាសន៍

25 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ

26 ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប​ទទេ តែ​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ

27 ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លម្អ នោះ​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធា‌នុភាព និង​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ព្រះ‌អង្គ

28 ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​មាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា

29 ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​មួយ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ‌អង្គ ដោយ​សិរី​លម្អ​នៃ​សេចក្ដី​បរិសុទ្ធ

30 គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ

31 ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​សោយ‌រាជ្យ

32 ចូរ​ឲ្យ​សមុទ្រ និង​បណ្ដា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចម្ការ និង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង

33 ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដើម្បី​ជំនុំ​ជម្រះ​ផែនដី

34 ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​អស់​កល្ប​ជា‌និច្ច

35 ចូរ​ទូល​ថា ឱ​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​យើង​ខ្ញុំ​អើយ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​បំប្រួម​យើង​ខ្ញុំ ហើយ​ប្រោស​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​ពោល​ពាក្យ​អរ​ព្រះ‌គុណ ដល់​ព្រះ‌នាម​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​រីក‌រាយ ក្នុង​សេចក្ដី​សរសើរ​តម្កើង​ដល់​ព្រះ‌អង្គ

36 សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ បន្ទាប់​មក ប្រជា​‌ជន​ទាំង​អស់​ក៏​ថា អាម៉ែន ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌យេហូវ៉ា។


ការ​ថ្វាយ​បង្គំទៀង​ទាត់

37 ព្រះបាទ​ដាវីឌ​ទុក​ឲ្យ​អេសាភ និង​បង‌ប្អូន​លោក​នៅ​ចំពោះ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ធ្វើ​ការ‌ងារ​នៅ​ទី​នោះ តាម​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ​ជា‌និច្ច

38 ហើយ​ក៏​មាន​អូបិឌ-អេដុម ព្រម​ទាំង​បង‌ប្អូន​របស់​លោក ចំនួន​ហុក​សិប​ប្រាំ​បី​នាក់ ឯអូបិឌ-អេដុម ជា​កូន​យេឌូ‌ថិន និង​ហូសា ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។

39 ចំណែក​សង្ឃ​សាដុក និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក​បាន​តាំង​ឲ្យ​នៅ​មុខ​រោង​ឧបោ‌សថ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​លើ​ទី​ខ្ពស់ ត្រង់​គីបៀន

40 ដើម្បី​ថ្វាយ​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា ដែល​សម្រាប់​តង្វាយ​ដុត រាល់​ព្រឹក រាល់​ល្ងាច​ជា‌និច្ច តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល។

41 មាន​ទាំង​ហេម៉ាន និង​យេឌូ‌ថិន​នៅ​ជា‌មួយ​ដែរ ព្រម​ទាំង​ពួក​អ្នក​ឯ​ទៀត ដែល​បាន​តម្រូវ​ដោយ​ឈ្មោះ ដើម្បី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​ព្រះ‌អង្គ​នៅ​អស់​កល្ប​ជា‌និច្ច។

42 ហេម៉ាន និង​យេឌូ‌ថិន មាន​ត្រែ និង​ឈិង សម្រាប់​ពួក​អ្នក​ភ្លេង និង​ប្រដាប់​ឯ​ទៀត​សម្រាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូ‌ថិន នៅ​ត្រង់​មាត់​ទ្វារ។

43 រួច​បណ្ដា‌ជន​ក៏​វិល​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​ទៅ ហើយ​ព្រះបាទ​ដាវីឌ​ក៏​ត្រឡប់​ទៅ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ញាតិ​វង្ស​របស់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម