ទំនុកតម្កើង 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦អ្វីៗសព្វសារពើថ្លែងពីសិរីល្អរបស់ព្រះ ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។ 1 ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។ 2 ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត ឲ្យបានដឹង។ 3 មិនមែនដោយភាសា ឬពាក្យសម្ដី ឬដោយឮសំឡេងនៃរបស់ទាំងនោះឡើយ។ 4 ប៉ុន្តែ សំឡេង នៃរបស់ទាំងនោះ ចេញទៅពាសពេញលើផែនដី ហើយពាក្យនៃរបស់ទាំងនោះ លាន់ឮទៅដល់ជើងមេឃ។ នៅលើមេឃ ព្រះអង្គបានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ 5 ព្រះអាទិត្យក៏ចេញមកដូចជាកូនកំលោះ ចេញពីក្រឡាបន្ទំ ក៏ដូចជាមនុស្សខ្លាំងពូកែ យាត្រាតាមផ្លូវរបស់ខ្លួនដោយអំណរ។ 6 ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយត្រាច់ចរវង់ទៅដល់ជើងមេឃម្ខាង គ្មានអ្វីកំបាំងពីកម្ដៅព្រះអាទិត្យបានឡើយ។ 7 ៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា 8 ព្រះឱវាទរបស់ព្រះយេហូវ៉ាសុទ្ធតែត្រឹមត្រូវ ក៏ធ្វើឲ្យចិត្តរីករាយសប្បាយ បទបញ្ជារបស់ព្រះយេហូវ៉ាស្អាតបរិសុទ្ធ ក៏បំភ្លឺភ្នែក 9 ការកោតខ្លាចដល់ព្រះយេហូវ៉ា នោះស្អាតបរិសុទ្ធ ក៏ស្ថិតស្ថេរនៅជាដរាប។ វិន័យរបស់ព្រះយេហូវ៉ាសុទ្ធតែពិតត្រង់ ហើយសុចរិតគ្រប់ជំពូក។ 10 សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។ 11 មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។ 12 តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។ 13 សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ ពីអំពើបាបដែលធ្វើដោយល្មើស ដែរ សូមកុំឲ្យអំពើបាបនោះ មានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានឥតសៅហ្មង ហើយរួចផុតពីអំពើរំលងដ៏ធំ។ 14 ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។ |
© 2016 United Bible Societies
Bible Society in Cambodia