Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​តតាំង​នឹង​អស់​អ្នក​ដែល​តតាំង​នឹង​ទូល‌បង្គំ សូម​តយុទ្ធ​នឹង​អស់​អ្នក ដែល​តយុទ្ធ​នឹង​ទូល‌បង្គំ​ផង!

2 សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ ហើយ​ក្រោក​ឡើង​ជួយ​ទូល‌បង្គំ!

3 សូម​លើក​លំពែង និង​ដែក​ពួយ ប្រហារ​ពួក​អ្នក​ដែល​ដេញ​តាម​ទូល‌បង្គំទៅ! សូម​មាន​ព្រះ‌បន្ទូល​មក​ព្រលឹង​ទូល‌បង្គំ​ថា «យើង​ជា​ព្រះ‌សង្គ្រោះ​អ្នក!»។

4 សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ដល់​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ សូម​ឲ្យ​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ទូល‌បង្គំ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អៀន​ខ្មាស។

5 សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់ ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា បណ្ដេញ​គេ​ចេញ!

6 សូម​ឲ្យ​ផ្លូវ​របស់​គេ​ងងឹតសូន្យ​សុង ហើយ​រអិល ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា ដេញ​តាម​គេ​ផង!

7 ដ្បិត​គេ​បាន​បង្កប់​អន្ទាក់ ដើម្បីចាប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់ជីវិត​ទូល‌បង្គំដោយ​ឥត​ហេតុ។

8 សូម​ឲ្យ​គេជួប​នឹងការ​ហិន​វិនាស ដោយ​មិន​ដឹង​ខ្លួន! សូម​ឲ្យ​គេ​ជាប់​អន្ទាក់​ដែល​ខ្លួនគេ​បាន​បង្កប់​ទុក សូម​ឲ្យ​គេ​ធ្លាក់​ចូល​អន្ទាក់​នោះ ហើយ​វិនាស​អន្តរាយ​ទៅ!

9 ពេល​នោះ ព្រលឹង​ទូល‌បង្គំ នឹង​អរ​សប្បាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយត្រេក​អរ​ក្នុងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

10 អស់​ទាំង​ឆ្អឹងរបស់​ទូល‌បង្គំ​នឹង​ពោល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​អ្នក​ណា​ដូច​ព្រះ‌អង្គ? ព្រះ‌អង្គ​រំដោះ​មនុស្ស​ក្រីក្រ ឲ្យ​រួច​ពី​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន អើ ទាំង​ជន​ក្រីក្រ និង​កម្សត់​ទុគ៌ត​ឲ្យ​រួច​ពី​អ្នក​រឹប​ជាន់​ខ្លួន»។

11 មាន​សាក្សី​ក្លែង​ក្លាយ​លើក​គ្នា​ឡើង គេ​ចោទ​សួរ​ពី​រឿង​ហេតុ​ដែល​ទូល‌បង្គំ​មិន​ដឹង។

12 គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ តប​ស្នង​នឹង​អំពើ​ល្អ​របស់​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​នៅ​ឯកោ​ម្នាក់​ឯង។

13 តែ​ឯ​ទូល‌បង្គំវិញ កាល​គេ​បាន​ឈឺ ទូល‌បង្គំ​បាន​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទូល‌បង្គំ​ធ្វើ​ទុក្ខ​ខ្លួនឯង​ដោយ​តម​អាហារ ទូល‌បង្គំ​ឱន​ក្បាល​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត។

14 ទូល‌បង្គំ​បាន​ប្រព្រឹត្ត ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត​សម្លាញ់ ឬ​បង​ប្អូន​របស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ឱន​ខ្លួនទាំង​សោយ​សោក ដូច​អ្នក​ដែល​កាន់​ទុក្ខ​នៅ​ពេល​ម្តាយ​ស្លាប់។

15 ប៉ុន្ដែ ពេល​ទូល‌បង្គំ​មាន​ទុក្ខ​លំបាក គេ​អរ​សប្បាយ ហើយប្រមូល​ផ្ដុំ​គ្នា គេ​ប្រមូល​ផ្ដុំ​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយពួក​ជន​ពាល​ដែល​ទូល‌បង្គំ​ពុំ​ស្គាល់ បាន​ហែក​ហូរ​ទូល‌បង្គំ​ឥត​ឈប់‌ឈរ

16 គេ​ប្រមាថ​មើល​ងាយ​ទូល‌បង្គំ​ឥត​ស្រាកស្រាន្ត ហើយ​សង្កៀត​ធ្មេញ​ដាក់​ទូល‌បង្គំ។

17 ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ ហើយ​សង្គ្រោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​សិង្ហទាំង​នោះ​ផង។

18 ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ក្នុង​ចំណោម​មហា‌ជន។

19 សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ អរ​សប្បាយ​ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ ក៏​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំដោយ​ឥត​ហេតុ មិច​ភ្នែក​ចំអក ទូល‌បង្គំ​ដែរ។

20 ដ្បិត​គេ​មិន​និយាយ​ដោយ​មេត្រី​ទេ គឺ​គេ​តែង​តែ​បង្កើត​ពាក្យ​មួល​បង្កាច់ ទាស់​នឹង​អស់​អ្នក​ដែល​ស្ងប់​ស្ងៀម​នៅ​ក្នុង​ស្រុក។

21 គេ​ហា​មាត់​ធំ​ទាស់​នឹង​ទូល‌បង្គំ ដោយ​ពាក្យ​ថា «ន៏ ន៏! ភ្នែក​យើង​បាន​ឃើញ​ច្បាស់​ហើយ!»។

22 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម! ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!

23 សូម​តើន​ឡើង! សូម​ក្រោក​ឡើង ហើយ​ការ​ពារ​ក្ដី​ឲ្យ​ទូល‌បង្គំ​ផង ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង!

24 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​វិនិច្ឆ័យ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​កុំ​ឲ្យ​គេ​អរ​សប្បាយ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។

25 សូម​កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា «ន៏ សម​ដូច​ចិត្ត​យើង​ប្រាថ្នា​ហើយ» សូម​កុំ​ឲ្យ​គេ​ថា «យើង​បាន​លេប​វា បាត់​ហើយ»។

26 អស់​អ្នក​ដែល​អរ​សប្បាយ​នឹង​ទុក្ខ​លំបាក របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា​ចុះ! អស់​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ សូម​ឲ្យ​គេ​ហ៊ុម​ព័ទ្ធដោយ​ភាព​អាម៉ាស់ ហើយ​បាក់​មុខ​ទៅ!

27 តែ​អស់​អ្នក​ដែល​កាន់​ខាង​សេចក្ដី​សុចរិត របស់​ទូល‌បង្គំ សូម​ឲ្យ​គេ​បាន​ស្រែក​ហ៊ោ​ឡើង​ដោយ​អំណរ ហើយ​សប្បាយ​រីក​រាយ​វិញ សូម​ឲ្យ​គេ​ពោល​ឡើង​ជា‌និច្ច​ថា «ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យអ្នក​បម្រើ​ព្រះ‌អង្គ​បានចម្រុង​ចម្រើន!»។

28 ពេល​នោះ អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែងអំពី សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម