ទំនុកតម្កើង 149 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យសរសើរតម្កើងដល់ព្រះដែលព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះសាសន៍អ៊ីស្រាអែល 1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរច្រៀងបទមួយថ្មីថ្វាយព្រះយេហូវ៉ា ចូរសរសើរតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំរបស់ពួកអ្នកបរិសុទ្ធ! 2 ចូរឲ្យអ៊ីស្រាអែលរីករាយក្នុងព្រះដែលបង្កើតខ្លួន ចូរឲ្យពួកកូននៃក្រុងស៊ីយ៉ូនបានត្រេកអរ នឹងព្រះមហាក្សត្ររបស់ខ្លួន! 3 គួរឲ្យគេសរសើរតម្កើងព្រះនាមព្រះអង្គ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងចាប់ស៊ុង! 4 ដ្បិតព្រះយេហូវ៉ាសព្វព្រះហឫទ័យ នឹងប្រជារាស្ត្រព្រះអង្គ ព្រះអង្គតាក់តែងមនុស្សរាបសា ដោយការសង្គ្រោះ។ 5 ចូរឲ្យពួកអ្នកបរិសុទ្ធរីករាយឡើងនឹងសិរីល្អ ចូរឲ្យគេច្រៀងដោយអំណរ ក្នុងដំណេករបស់ខ្លួន។ 6 សូមឲ្យមានការសរសើរតម្កើងយ៉ាងខ្ពស់ ពីព្រះនៅក្នុងមាត់របស់គេ ហើយឲ្យមានដាវមុខពីរ នៅជាប់នឹងដៃរបស់គេដែរ 7 ដើម្បីសម្រេចការសងសឹក ដល់សាសន៍ដទៃទាំងប៉ុន្មាន និងដាក់ទោសដល់ប្រជាជនទាំងឡាយ 8 ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចរបស់គេ ហើយដាក់ខ្នោះដែក ដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេ 9 ដើម្បីសម្រេចការវិនិច្ឆ័យដល់សាសន៍ទាំងនោះ ដូចជាបានចែងទុកមកហើយ! ការនេះជាកិត្តិយស ដល់អស់អ្នកបរិសុទ្ធរបស់ព្រះអង្គ ហាលេលូយ៉ា ! |
© 2016 United Bible Societies
Bible Society in Cambodia