ទំនុកតម្កើង 113 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះជាជំនួយរបស់មនុស្សទុគ៌ត 1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ឱពួកអ្នកបម្រើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា! 2 ៙ សូមឲ្យព្រះនាមព្រះយេហូវ៉ា ប្រកបដោយព្រះពរ ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ! 3 ចាប់តាំងពីទីថ្ងៃរះ រហូតដល់ទីថ្ងៃលិច ព្រះនាមព្រះយេហូវ៉ាត្រូវបានសរសើរតម្កើង! 4 ព្រះយេហូវ៉ាគង់នៅខ្ពស់លើអស់ទាំងសាសន៍ ហើយសិរីល្អរបស់ព្រះអង្គ ខ្ពស់ជាងផ្ទៃមេឃ! 5 ៙ តើមានអ្នកណាឲ្យដូចព្រះយេហូវ៉ា ជាព្រះនៃយើង? ព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ 6 ព្រះអង្គឱនទតមើលផ្ទៃមេឃ និងផែនដី។ 7 ព្រះអង្គលើកមនុស្សក្រីក្រឡើងចេញពីធូលីដី ហើយមនុស្សកម្សត់ទុគ៌តចេញពីគំនរសំរាម 8 ដើម្បីតាំងឲ្យគេអង្គុយជាមួយពួកអ្នកធំ គឺជាមួយពួកអ្នកធំនៃប្រជារាស្ត្រព្រះអង្គ។ 9 ព្រះអង្គប្រទានឲ្យស្ត្រីអារមានផ្ទះសំបែង ហើយឲ្យនាងមានកូនដោយរីករាយ ហាលេលូយ៉ា ! |
© 2016 United Bible Societies
Bible Society in Cambodia