បងប្អូនអើយ ព្រះជាម្ចាស់បានប្រទានទេវតារបស់ទ្រង់មកការពារយើង តែយើងត្រូវដឹងពីរបៀបប្រើកម្លាំងនេះ។ ដូច្នេះ រាល់ពេលដែលយើងធ្វើដំណើរ ទោះជិតឬឆ្ងាយ ពេលចេញពីផ្ទះ សូមកុំភ្លេចអធិស្ឋាន។
ទោះបីធ្វើដំណើរទៅធ្វើការ ឬទៅលេងកម្សាន្តក៏ដោយ ចូរកុំភ្លេចប្រគល់ផែនការរបស់យើងទៅព្រះជាម្ចាស់ សូមទ្រង់ការពារការចេញចូលរបស់យើង ប្រទានពរដល់ជំហានរបស់យើង ដើម្បីអោយអ្វីៗដែលយើងធ្វើទទួលបានជោគជ័យ និងស្របតាមព្រះហឫទ័យទ្រង់ ព្រមទាំងនាំមកនូវសេចក្តីសុខដល់យើងផងដែរ។
ចូររក្សាចិត្តរបស់យើងជាប់ជានិច្ចជាមួយព្រះអម្ចាស់ ហើយកុំមើលស្រាលល្បិចកលរបស់សាតាំង។ ចូរប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសការអធិស្ឋាន ព្រោះវាដើររកស៊ីសត្វតោដែលគ្រហឹមៗ រកមើលអ្នកណាដែលវាអាចលេបបាន។
ចូរប្រគល់គម្រោងការទាំងអស់ទៅព្រះហឫទ័យព្រះជាម្ចាស់ នោះយើងនឹងទទួលបានជោគជ័យគ្រប់កិច្ចការទាំងអស់។ ដូចដែលបានចែងទុកក្នុងបទគម្ពីរសាស្តា (ទំនុកដំកើង ១២១:៨) ថា «ព្រះយេហូវ៉ានឹងការពារការចេញចូលរបស់អ្នក ចាប់ពីពេលនេះតទៅ រហូតដល់អស់កល្បជានិច្ច»។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
មើល៍ យើងចាត់ទេវតាមួយរូបឲ្យនាំមុខអ្នក ដើម្បីការពារអ្នកតាមផ្លូវ និងនាំអ្នកទៅដល់ទីកន្លែងដែលយើងបានរៀបចំទុកឲ្យ។
បន្ទាប់មក ខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?» ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំខ្លាច ឬភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះរបស់អ្នកហើយដែលយាងទៅជាមួយអ្នក។ ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ»។
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។
គឺព្រះយេហូវ៉ាហើយដែលយាងនាំមុខអ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គនឹងមិនចាកចោលអ្នក ក៏មិនលះចោលអ្នកឡើយ។ កុំខ្លាច ឬស្រយុតចិត្តឲ្យសោះ»។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
ចិត្តរបស់មនុស្សរមែងគិតសម្រេចផ្លូវរបស់ខ្លួន តែគឺព្រះយេហូវ៉ាដែលព្រះអង្គតម្រង់ជំហានគេវិញ។
ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។ ៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។
យើងនឹងចម្រើនកម្លាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមព្រះអង្គ» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវ ទៅជិតដល់ក្រុងដាម៉ាស ស្រាប់តែមានពន្លឺពីលើមេឃ ចាំងមកជុំវិញគាត់។
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។ ទោះបើគេ ជំពប់ជើង ក៏គេនឹងមិនដួលបោកក្បាលដែរ ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
៙ ដ្បិតព្រះអង្គនឹងបង្គាប់ពួកទេវតា របស់ព្រះអង្គពីដំណើរអ្នក ឲ្យបានថែរក្សាអ្នក ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក។ ទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
៙ ព្រះយេហូវ៉ានឹងថែរក្សាអ្នក ឲ្យរួចពីគ្រប់ទាំងសេចក្ដីអាក្រក់ ព្រះអង្គនឹងថែរក្សាជីវិតរបស់អ្នក។ ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
នោះឯងនឹងបានដើរតាមផ្លូវឯង ដោយសេចក្ដីសុខ ហើយជើងឯងនឹងមិនចំពប់ឡើយ។ ប្រសិនបើឯង អង្គុយចុះ ឯងនឹងមិនភ័យខ្លាចអ្វីឡើយ កាលណាឯងចូលដេក នោះឯងនឹងដេកលក់យ៉ាងស្កប់ស្កល់។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ត្រូវនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកនៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នកឲ្យដឹងថាអ្នកមានចិត្តដូចម្ដេច គឺតើនឹងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ឯអ្នកណាដែលមានគំនិតជាប់តាមព្រះអង្គ នោះព្រះអង្គនឹងថែរក្សាអ្នកនោះ ឲ្យមានសេចក្ដីសុខពេញខ្នាត ដោយព្រោះគេទុកចិត្តនឹងព្រះអង្គ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ដូច្នេះ យើងអាចនិយាយទាំងចិត្តជឿជាក់ថា «ព្រះអម្ចាស់ជាជំនួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?» ។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ប៉ុន្ដែ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីមេកំណាច។