ទំនុកតម្កើង 8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ភាពថ្កុំថ្កើងរបស់ព្រះ និងកិត្តិយសរបស់មនុស្ស ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។ 1 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីល្អរបស់ព្រះអង្គ នៅលើផ្ទៃមេឃ 2 ព្រះអង្គបានតាំងឲ្យមានពាក្យសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បាននៅស្ងៀម។ 3 ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន 4 នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ ហើយកូនមនុស្ស ដែលព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? 5 ដ្បិតព្រះអង្គបានធ្វើឲ្យគេ ទាបជាងព្រះ តែបន្តិចទេ ក៏បានបំពាក់សិរីល្អ និងកិត្តិយសដល់គេ ទុកជាមកុដ។ 6 ព្រះអង្គបានតាំងគេឲ្យគ្រប់គ្រង លើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេ 7 គឺអស់ទាំងចៀម ទាំងគោ និងសត្វព្រៃ 8 សត្វហើរលើអាកាស និងត្រីនៅក្នុងសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅបាតសមុទ្រ។ 9 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! |
© 2016 United Bible Societies
Bible Society in Cambodia