Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 106 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​លន់​តួ​បាប​របស់​សាសន៍​អ៊ីស្រា‌អែល

1 ហាលេលូយ៉ា ! ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

2 តើ​អ្នក​ណា​អាច​រៀប​រាប់​អំពី​ស្នាព្រះហស្ដ ដ៏​អស្ចារ្យរបស់ព្រះ‌យេហូវ៉ា ឬ​ប្រកាស​អំពីការ​ទាំង​ប៉ុន្មាន ដើម្បីសរសើរ​តម្កើង​ព្រះ‌អង្គ​បាន?

3 មាន​ពរ​ហើយ អស់​អ្នក​ដែល​រក្សា​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត គ្រប់​ពេល​វេលា។

4 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ ប្រោស​ប្រណី​ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​ទូល‌បង្គំផង! ពេល​ព្រះ‌អង្គ​សង្គ្រោះ​គេ សូម​ជួយ​ទូល‌បង្គំ

5 ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ រួម​ជាមួយ​ជាតិ​សាសន៍របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​មត៌ក​របស់​ព្រះ‌អង្គ។

6 ៙ ទាំង​យើង​ខ្ញុំ និង​បុព្វ‌បុរស​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​យើង​បានប្រព្រឹត្ត​អំពើ​អាក្រក់។

7 កាល​នៅ​ស្រុក​អេស៊ីព្ទ បុព្វ‌បុរស​របស់​យើង​ខ្ញុំ មិន​បាន​ពិចារណាអំពី​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ទេ ក៏​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ គឺ​គេ​បាន​បះ‌បោរ​នៅ​មាត់​សមុទ្រ គឺ​នៅ​សមុទ្រ​ក្រហម ។

8 ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

9 ព្រះ‌អង្គ​បាន​បន្ទោស​សមុទ្រ​ក្រហម សមុទ្រ​នោះ​ក៏​រីង​ទៅ ហើយ​ព្រះ‌អង្គ​បាន​នាំ​គេ​ដើរ​កាត់​ទី​ជម្រៅ ដូច​ដើរ​កាត់​វាល​ខ្សាច់។

10 ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​អំណាចរបស់​ខ្មាំង​សត្រូវ។

11 ទឹក​សមុទ្រ​បាន​ហូរ​គ្រប​លើ​បច្ចា‌មិត្ត​របស់​គេ គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។

12 ពេល​នោះ គេ​ក៏​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ។

13 ៙ ប៉ុន្ដែ មិន​យូរ​ប៉ុន្មាន គេ​ក៏​ភ្លេច​ពី​កិច្ច‌ការ​របស់​ព្រះ‌អង្គ ហើយ​មិន​បាន​រង់‌ចាំ​ស្តាប់​ដំ‌បូន្មាន របស់​ព្រះ‌អង្គ​ឡើយ។

14 គឺ​គេ​មាន​ចិត្ត​ខ្មួល‌ខ្មាញ់​នៅ​ទី​រហោ‌ស្ថាន ហើយ​ល្បង‌ល​ព្រះ​នៅ​ទី​ហួត‌ហែង

15 ព្រះ‌អង្គ​ក៏បាន​ប្រទាន​តាម​សំណូម​របស់​គេ តែ​ក៏​ចាត់​ឲ្យ​មាន​សេចក្ដី​ក្រៀម​ស្ងួត នៅ​ក្នុង​ចិត្ត​គេ​វិញ។

16 ៙ កាល​មនុស្ស​ក្នុង​ជំរំ​ច្រណែន​នឹងលោក​ម៉ូសេ ហើយ​នឹង​លោក​អើរ៉ុន ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា

17 នោះ​ផែនដី​ក៏​ប្រេះ​ហា ហើយ​ស្រូប​យក​ដាថាន រួច​គ្រប​លើ​បក្ស​ពួក​របស់​អ័ប៊ីរ៉ាម​ទៀត​ផង។

18 មាន​ភ្លើង​ឆេះ​ឡើង​ក្នុង​បក្ស​ពួក​របស់​គេ អណ្ដាត​ភ្លើង​ក៏​ឆាប​ឆេះ មនុស្ស​អាក្រក់​ទាំង​នោះទៅ។

19 ៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។

20 គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ ជំនួស​ព្រះ​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ ។

21 គេ​បាន​ភ្លេច​ព្រះ​ដែល​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម នៅ​ស្រុក​អេស៊ីព្ទ

22 គឺ​ជា​ការ​យ៉ាង​អស្ចារ្យ​នៅ​ស្រុក​ហាំ និង​ការ​គួរ​ស្ញែង​ខ្លាច​នៅ​សមុទ្រ​ក្រហម។

23 ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា​នឹង​បំផ្លាញ​គេ ប៉ុន្តែ លោក​ម៉ូសេជា​អ្នក ដែល​ព្រះ‌អង្គបាន​ជ្រើស​រើស លោក​បាន​ឈរ​ក្នុង​ទីបែក​បាក់ នៅ​ចំពោះ​ព្រះ‌អង្គ ដើម្បី​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ ក្រែង​ព្រះ‌អង្គ​បំផ្លាញ​គេ។

24 ៙ បន្ទាប់មក គេ​បាន​មើល‌ងាយ ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។

25 គេនាំ​គ្នា​រទូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន ហើយមិន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង របស់​ព្រះ‌យេហូវ៉ា​ឡើយ។

26 ដូច្នេះ ព្រះ‌អង្គ​ក៏​លើក​ព្រះ‌ហស្ត​ឡើង ស្បថ​នឹង​គេ​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​ដួល​ស្លាប់ នៅ​ក្នុង​ទី​រហោ‌ស្ថាន

27 ហើយ​ឲ្យ​ពូជ‌ពង្ស​របស់​គេ​ដួល​ស្លាប់ នៅ​កណ្ដាល​ជាតិ​សាសន៍​នានា ព្រម​ទាំង​កម្ចាត់‌កម្ចាយ​គេ ឲ្យ​ទៅ​នៅ​ពាស​ពេញ​ស្រុក​របស់​សាសន៍​ដទៃ។

28 ៙ បន្ទាប់​មក គេ​ទៅ​ភ្ជាប់​ខ្លួន នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិ‌ភោគ​សំណែន ដែល​បាន​ថ្វាយទៅ​ព្រះ​ដែល​គ្មាន​ជីវិត

29 គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ញាល់ ដោយ‌សារ​អំពើ​របស់​គេ ហើយ​គ្រោះ​កាច​ក៏​កើត​ឡើង ក្នុង​ចំណោម​ពួក‌គេ។

30 ពេល​នោះ ភីនេ‌ហាស​ក៏ឈរ​ឡើង ហើយ​ធ្វើ​អន្តរាគមន៍ រួច​គ្រោះ​កាច​នោះ​ក៏​ស្ងប់​ទៅវិញ។

31 ការ​នោះ​បាន​រាប់​ជា​សុចរិត​ដល់​ភីនេ‌ហាស ជា​រៀង​រហូត ដល់​មនុស្ស​គ្រប់​ជំនាន់​តរៀង​ទៅ។

32 ៙ ពួក‌គេ​បាន​ធ្វើ​ឲ្យព្រះ‌អង្គ​ខ្ញាល់ នៅត្រង់​ទឹក​មេរីបា​ទៀត ហើយ​ការ​នោះ​ជា​ហេតុ​នាំ​ឲ្យ​លោក​ម៉ូសេ មាន​ទោសដោយ​សារ​តែ​ពួក‌គេ

33 ដ្បិត​គេ​ធ្វើឲ្យ​ចិត្ត​លោកជូរ​ល្វីង ហើយ​បបូរ​មាត់​លោក​ក៏​និយាយ​ចេញ​មក ដោយ​មិន​បាន​គិត។

34 ៙ គេ​មិន​បាន​បំផ្លាញ​ប្រជាជន​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ទេ

35 តែ​គេបែរ​ជា​ប្រព្រឹត្ត​ច្របូក‌ច្របល់ ជា​មួយជាតិ​សាសន៍​ដទៃ ហើយ​រៀនប្រព្រឹត្ត​ដូចជា​សាសន៍ ទាំង​នោះ​ទៅ​វិញ។

36 គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​សាសន៍​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។

37 គេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស

38 គេ​កម្ចាយ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា ឲ្យ​រូប​ព្រះ​នៅ​ស្រុក​កាណាន ហើយ​ស្រុក​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក ដោយ‌សារ​ឈាម។

39 ដូច្នេះ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​អំពើ​ដែល​ប្រព្រឹត្ត ហើយ​បាន​ក្បត់​ព្រះដោយ​សារ​អំពើ​របស់​គេ។

40 ៙ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹងប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្អប់​ខ្ពើម​មត៌ក​របស់​ព្រះ‌អង្គ។

41 ព្រះ‌អង្គបាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ ជាតិ​សាសន៍​ដទៃ ដើម្បី​ឲ្យអស់​អ្នក​ដែល​ស្អប់​គេ បាន​គ្រប់‌គ្រង​លើ​គេ។

42 ខ្មាំង​សត្រូវ​របស់​គេ​បាន​សង្កត់‌សង្កិន​គេ ហើយ​បង្ក្រាប​គេ ឲ្យ​នៅ​ក្រោម​អំណាច​របស់​ខ្លួន។

43 ព្រះ‌អង្គ​បាន​រំដោះ​គេ​ជា​ច្រើន​លើក​ច្រើន​គ្រា ប៉ុន្តែ គេ​នៅ​តែ​តាំង​ចិត្ត​បះ​បោរ ហើយ​គេ​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ទាប​ថោក ដោយ​សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

44 ទោះ​ជា​ដូច្នេះ​ក្ដី ក៏​ព្រះ‌អង្គ​នៅ​តែ​យោគ​យល់ ពី​ទុក្ខ​ព្រួយ​របស់​គេ នៅ​ពេល​ព្រះ‌អង្គឮ​សម្រែក​របស់​គេ។

45 ដោយ​យល់​ដល់​ពួក‌គេ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ព្រះ‌អង្គ ហើយ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។

46 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចាប់ពួក‌គេ​យក​ទៅ ជា​ឈ្លើយ មាន​ចិត្ត​អាណិត​អាសូរ​ដល់​គេ។

47 ៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង សូម​ប្រមូល​យើង​ខ្ញុំ​ពី​កណ្ដាល ជាតិ​សាសន៍​ដទៃ​មកវិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បានអរ​ព្រះគុណ ដល់​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយបាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ។

48 ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប​ជា‌និច្ច! ត្រូវ​ឲ្យ​មនុស្ស​ទាំង‌អស់​ពោល​ថា អាម៉ែន! ហាលេលូយ៉ា !

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម