Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 104 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ​ជា​អាទិករ និង​ជា​អ្នក​ផ្គត់​ផ្គង់

1 ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព

2 ក៏​គ្រប​ដណ្ដប់​ព្រះ‌អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

3 ព្រះ‌អង្គ​ចាក់ធ្នឹម​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ លើ​ជលសា ព្រះ‌អង្គ​យក​ពពក​ធ្វើ​ជា​រាជ​រថ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​យាង​លើ​ស្លាប​នៃ​ខ្យល់

4 ព្រះ‌អង្គ​យក​ខ្យល់​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ព្រះ‌អង្គ ហើយ​យក​អណ្ដាត​ភ្លើង ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

5 ៙ ព្រះ‌អង្គ​បានដាក់​ផែនដីនៅ​លើ​គ្រឹះ​របស់​វា មិន​ឲ្យ​ផែន​ដី​រង្គើ​សោះ​ឡើយ។

6 ព្រះ‌អង្គ​បាន​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​គ្រប​ដោយ​អាវ មហា​សាគរ​ក៏​ឡើង​ខ្ពស់​ជាង​ភ្នំ​ផង។

7 ពេល​ព្រះ‌អង្គ​បន្ទោស ទឹក​ទាំង​នោះ​ក៏​រត់​ចេញ ពេល​មាន​សូរ​ផ្គរ​របស់​ព្រះ‌អង្គ វា​ក៏​រត់​ទៅបាត់។

8 ភ្នំ​ទាំង​ឡាយ​ងើប​ឡើង ហើយ​ជ្រលង​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ស្រុត​ចុះ ទៅ​រក​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កំណត់​ឲ្យវា។

9 ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ កុំ​ឲ្យ​ទឹក​ហូរ​រំលង ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត។

10 ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុះ​ឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ

11 សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ឯ​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។

12 បក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។

13 ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។

14 ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី

15 ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។

16 ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។

17 បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ឯ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។

18 ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។

19 ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។

20 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​នោះ​ជា​រាត្រី​កាល ជា​ពេល​ដែល​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន សសៀរ​ចេញ​មក។

21 សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា វា​ស្វែង​រក​អាហារ​របស់​វា​ពី​ព្រះ។

22 កាល​ព្រះ​អាទិត្យ​រះ​ឡើង វា​ក៏​ដក​ខ្លួន​ថយ ចូល​ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។

23 ឯ​មនុស្ស​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួន ហើយ​គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។

24 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

25 ន៎ុះន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។

26 មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។

27 ៙ គ្រប់​សត្វ​ទាំងអស់​នោះ​សង្ឃឹម​លើ​ព្រះ‌អង្គ គឺ​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​កំណត់។

28 ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​ឲ្យ វា​ក៏​ទទួល​យក កាល​ព្រះ‌អង្គ​លា​ព្រះ‌ហស្ត វា​ក៏​បាន​ឆ្អែត​ដោយ​របស់​ល្អ។

29 កាល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ វា​ក៏​ថប់​ព្រួយ កាល​ព្រះ‌អង្គ​ដក​យក​ដង្ហើម​របស់​វា​ចេញ វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី។

30 កាល​ព្រះ‌អង្គ​ចាត់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​ទៅ វា​ក៏​កើត​ឡើង ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែនដី ស្រស់​បស់​ឡើង​វិញ។

31 ៙ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច សូម​ឲ្យ​ព្រះ‌យេហូវ៉ា​រីក‌រាយ នឹង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ

32 កាលព្រះ‌អង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់​ញ័រ កាល​ព្រះ‌អង្គ​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង។

33 ដរាប​ណា​ខ្ញុំនៅ​មាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ដរាប ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​រ​បស់​ខ្ញុំ កាល​ខ្ញុំ​នៅមាន​ជីវិត។

34 សូម​ឲ្យ​ការ​សញ្ជឹង​គិត​របស់​ខ្ញុំ បានគាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ ដ្បិត​ខ្ញុំ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា។

35 សូម​ឲ្យ​មនុស្ស​បាប​វិនាស​បាត់​ពី​ផែនដី ហើយ​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយ។ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហាលេលូយ៉ា !

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម