២ ពេត្រុស 2:1 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ដូចដែលមានព្យាការីក្លែងក្លាយនៅក្នុងចំណោមប្រជាជនយ៉ាងណា ក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងនោះដែរ។ ពួកគេនឹងនាំសេចក្ដីបង្រៀនខុសឆ្គងនៃសេចក្ដីវិនាសមកដោយសម្ងាត់ ថែមទាំងនាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯង ដោយបដិសេធសូម្បីតែព្រះអម្ចាស់ដែលប្រោសលោះពួកគេ។ Khmer Christian Bible ដូចដែលធ្លាប់មានអ្នកនាំព្រះបន្ទូលក្លែងក្លាយនៅក្នុងចំណោមប្រជាជនជាយ៉ាងណា នោះក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាជាយ៉ាងនោះដែរ ពួកគេនឹងនាំសេចក្ដីបង្រៀនដែលនាំឲ្យហិនវិនាសចូលមកដោយសំងាត់ ពួកគេបដិសេធសូម្បីតែព្រះអម្ចាស់ដែលបានលោះពួកគេ ហើយក៏នាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯងទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីសម័យដើម មានព្យាការី*ក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ត្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានគ្រូក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់ព្រះអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្តរាយយ៉ាងទាន់ហន់មិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងក្លាយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្ដីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង អាល់គីតាប កាលពីសម័យដើម មានណាពីក្លែងក្លាយស្ថិតនៅក្នុងចំណោមប្រជារាស្ដ្រ។ ក្នុងចំណោមបងប្អូនក៏ដូច្នោះដែរ គឺនឹងមានតួនក្លែងក្លាយមកស៊កសៀត បញ្ចូលលទ្ធិខុស ដែលបណ្ដាលឲ្យវិនាស គេបដិសេធពុំព្រមទទួលស្គាល់អ៊ីសាជាអម្ចាស់ ដែលបានលោះគេឲ្យរួចពីបាបនោះទេ គេមុខជាត្រូវវិនាសអន្ដរាយយ៉ាងទាន់ហន់មិនខាន។ |
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
រីឯអ្នកណាក៏ដោយដែលបដិសេធខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងបដិសេធអ្នកនោះនៅមុខព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។
ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យដ៏ធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែអ្នកដែលត្រូវបានជ្រើសតាំង ប្រសិនបើអាច។
ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះគ្រីស្ទ’ ហើយពួកគេនឹងបោកបញ្ឆោតមនុស្សជាច្រើន។
“ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។
ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យ ដើម្បីនាំអ្នកដែលត្រូវបានជ្រើសតាំងឲ្យវង្វេង ប្រសិនបើអាច។
រីឯអ្នកដែលបដិសេធខ្ញុំនៅមុខមនុស្ស អ្នកនោះនឹងត្រូវបានបដិសេធនៅមុខបណ្ដាទូតសួគ៌របស់ព្រះដែរ។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរប្រុងប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ឬ ‘ពេលកំណត់ជិតដល់ហើយ’។ កុំទៅតាមពួកគេឡើយ។
វេទនាហើយ កាលណាមនុស្សទាំងអស់និយាយល្អអំពីអ្នករាល់គ្នា ដ្បិតដូនតារបស់គេក៏បានប្រព្រឹត្តដល់ពួកព្យាការីក្លែងក្លាយយ៉ាងដូច្នោះដែរ។
ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។
ជាការពិត ត្រូវតែមានការបែកជាបក្សពួកក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យជាក់ច្បាស់ថាអ្នកណាពិត ក្នុងចំណោមអ្នករាល់គ្នា។
ពីព្រោះអ្នករាល់គ្នាត្រូវបានលោះមកវិញដោយតម្លៃថ្លៃ។ ដូច្នេះ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយរូបកាយរបស់អ្នករាល់គ្នាចុះ៕
តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។
ព្រះគ្រីស្ទបានប្រោសលោះយើងពីបណ្ដាសានៃក្រឹត្យវិន័យ ដោយព្រះអង្គត្រូវបណ្ដាសាជំនួសយើង ដ្បិតមានសរសេរទុកមកថា:“អស់អ្នកដែលត្រូវបានព្យួរនៅលើឈើ ត្រូវបណ្ដាសាហើយ”។
អ្នកទាំងនោះយកចិត្តទុកដាក់នឹងអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ គឺដោយចង់បំបែកអ្នករាល់គ្នាចេញ ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពួកគេវិញ។
ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក
នៅក្នុងព្រះអង្គ យើងមានការប្រោសលោះ គឺការលើកលែងទោសការបំពាន ដោយព្រះលោហិតរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃព្រះគុណរបស់ព្រះអង្គ
ដូច្នេះ យើងមិនត្រូវធ្វើជាកូនក្មេងដែលរសាត់អណ្ដែត និងរង្គើដោយខ្យល់នៃគោលលទ្ធិនានា ដោយឧបាយកលរបស់មនុស្ស និងដោយការប៉ិនប្រសប់ក្នុងកលល្បិចដ៏ពេញដោយការបោកបញ្ឆោតទៀតឡើយ។
ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ព្រះរបស់ពួកគេគឺក្រពះរបស់ខ្លួន ហើយសិរីរុងរឿងរបស់ពួកគេនៅក្នុងសេចក្ដីគួរខ្មាសរបស់ខ្លួន; ពួកគេគិតតែពីខាងលោកីយ៍ប៉ុណ្ណោះ។
កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ ដោយចេះតែចូលចិត្តបន្ទាបខ្លួន ហើយថ្វាយបង្គំទូតសួគ៌ ទាំងចូលជ្រៅក្នុងការស្រមើស្រមៃដែលខ្លួនបានឃើញ ក៏អួតបំប៉ោងក្នុងគំនិតខាងសាច់ឈាមរបស់ខ្លួនដោយគ្មានហេតុផល
ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។
ប្រសិនបើអ្នកណាមិនគិតគូរដល់សាច់ញាតិរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានបដិសេធជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ដ្បិតនឹងមានគ្រាមួយដែលគេនឹងមិនទ្រាំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវឡើយ ផ្ទុយទៅវិញ គេនឹងមានត្រចៀករមាស់ ហើយប្រមូលសម្រាប់ខ្លួនឯងនូវគ្រូជាច្រើនដែលស្របនឹងសេចក្ដីប៉ងប្រាថ្នារបស់គេ។
ត្រូវតែបិទមាត់អ្នកទាំងនោះ។ ពួកគេផ្ដួលរំលំក្រុមគ្រួសារទាំងមូល ដោយបង្រៀនអ្វីដែលពួកគេមិនត្រូវបង្រៀន ដើម្បីបានកម្រៃទុច្ចរិត។
ចំពោះមនុស្សបង្កើតការបាក់បែក ក្រោយពីទូន្មានម្ដង ឬពីរដងហើយ ក៏កុំឲ្យពាក់ព័ន្ធនឹងពួកគេទៀតឡើយ
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន
ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ស្ដីអំពីអ្នកដែលបោកបញ្ឆោតអ្នករាល់គ្នា។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
ដែលពួកគេបានប្រាប់អ្នករាល់គ្នាថា៖ “នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកដែលដើរតាមតណ្ហារបស់ខ្លួនក្នុងការមិនគោរពព្រះ”។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
វាបោកបញ្ឆោតមនុស្សដែលរស់នៅលើផែនដីដោយទីសម្គាល់ដែលត្រូវបានប្រទានឲ្យវាធ្វើនៅមុខសត្វតិរច្ឆាននោះ ទាំងប្រាប់មនុស្សដែលរស់នៅលើផែនដីឲ្យធ្វើរូបសំណាកមួយថ្វាយសត្វតិរច្ឆាននោះដែលត្រូវរបួសដោយមុខដាវ ប៉ុន្តែនៅមានជីវិត។
យើងស្គាល់កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។
យើងស្គាល់ទុក្ខវេទនា និងភាពក្រីក្ររបស់អ្នកហើយ ប៉ុន្តែតាមពិតអ្នកជាអ្នកមានទេ។ យើងស្គាល់ពាក្យមួលបង្កាច់របស់ពួកដែលហៅខ្លួនឯងថាជាជនជាតិយូដាហើយ ប៉ុន្តែតាមពិតមិនមែនជាជនជាតិយូដា គឺជាពួកខាងសាលាប្រជុំរបស់សាតាំងវិញ។
យើងស្គាល់កិច្ចការរបស់អ្នក មើល៍! យើងបានដាក់ទ្វារមួយដែលបើកចំហនៅមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ ដ្បិតអ្នកមានកម្លាំងតែបន្តិចមែន ប៉ុន្តែអ្នកបានកាន់តាមពាក្យរបស់យើង ហើយមិនបានបដិសេធនាមរបស់យើងឡើយ។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ
ពួកគេស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់ដ៏វិសុទ្ធ និងពិតត្រង់អើយ! តើព្រះអង្គមិនជំនុំជម្រះ និងរកយុត្តិធម៌ឲ្យឈាមរបស់យើងខ្ញុំ ទាស់នឹងអ្នកដែលរស់នៅលើផែនដី ដល់ពេលណា?”។