Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 16 - ព្រះគម្ពីរខ្មែរសាកល


ប៉ូលលើកសរសើរភីបេ

1 ខ្ញុំ​សូម​លើកសរសើរ​ភីបេ​បងប្អូន​របស់យើង​ដល់​អ្នករាល់គ្នា នាង​ជា​អ្នកជំនួយ​ដល់​ក្រុមជំនុំ​នៅ​កេងគ្រា

2 ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់​តាមបែបសមគួរ​នឹង​វិសុទ្ធជន ហើយ​ជួយ​នាង​ក្នុង​ការ​អ្វីក៏ដោយដែល​នាង​ត្រូវការ​ពី​អ្នករាល់គ្នា ពីព្រោះ​នាង​ជា​អ្នកផ្គត់ផ្គង់​មនុស្ស​ជាច្រើន រួមទាំង​ខ្លួនខ្ញុំ​ផង​។


ពាក្យសួរសុខទុក្ខដល់គ្រីស្ទាននៅរ៉ូម

3 សូម​ជួយ​សួរសុខទុក្ខ​ព្រីស៊ីឡា និង​អ័គីឡា​អ្នករួមការងារ​ជាមួយខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ផង​។

4 ពួកគាត់​បាន​ប្រថុយជីវិត​របស់​ខ្លួន​ជំនួស​ជីវិត​របស់ខ្ញុំ​។ មិនត្រឹមតែ​ខ្ញុំ​ម្នាក់ប៉ុណ្ណោះទេ ដែល​អរគុណ​ពួកគាត់ គឺទាំង​ក្រុមជំនុំ​ទាំងអស់​របស់​សាសន៍ដទៃ​ក៏​អរគុណ​ពួកគាត់​ដែរ។

5 សូម​ជួយ​សួរសុខទុក្ខ​ក្រុមជំនុំ​នៅ​ផ្ទះ​របស់​ពួកគាត់​ដែរ​។ សូម​ជួយ​សួរសុខទុក្ខ​អេប៉ាយនេត​ជាទីស្រឡាញ់​របស់ខ្ញុំ ដែល​ជា​ផលដំបូង​នៅ​អាស៊ី​សម្រាប់​ព្រះ​គ្រីស្ទ​។

6 សូម​ជួយ​សួរសុខទុក្ខ​ម៉ារា ដែល​បាន​ធ្វើការនឿយហត់​យ៉ាងច្រើន​ដើម្បី​អ្នករាល់គ្នា​។

7 សូម​ជួយ​សួរសុខទុក្ខ​អាន់ត្រូនីក និង​យូនាស​ដែលជា​បងប្អូនរួមជាតិ​របស់ខ្ញុំ និង​ជា​អ្នកជាប់គុកជាមួយ​ខ្ញុំ​។ ពួកគាត់​មាន​កេរ្តិ៍ឈ្មោះ​ក្នុងចំណោម​ពួក​សាវ័ក ព្រមទាំង​បាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មុន​ខ្ញុំ​ទៀតផង​។

8 សូម​ជួយ​សួរសុខទុក្ខ​អាំភ្លាស​ជាទីស្រឡាញ់​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់។

9 សូម​ជួយ​សួរសុខទុក្ខ​អើបាន់​អ្នករួមការងារ​ជាមួយយើង​ក្នុង​ព្រះ​គ្រីស្ទ និង​ស្តាឃីស​ជាទីស្រឡាញ់​របស់ខ្ញុំ​។

10 សូម​ជួយ​សួរសុខទុក្ខ​អ័ពេលេស​ជាទីគោរពរាប់អាន​ក្នុង​ព្រះ​គ្រីស្ទ​។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​អើរិស្តូប៊ូល​។

11 សូម​ជួយ​សួរសុខទុក្ខ​ហេរ៉ូឌាន​បងប្អូនរួមជាតិ​របស់ខ្ញុំ​។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​ណើគីស ដែល​នៅ​ក្នុង​ព្រះអម្ចាស់។

12 សូម​ជួយ​សួរសុខទុក្ខ​ទ្រីភេន និង​ទ្រីផូស ដែល​ធ្វើការនឿយហត់​ក្នុង​ព្រះអម្ចាស់​។ សូម​ជួយ​សួរសុខទុក្ខ​ពើស៊ីស​ជាទីស្រឡាញ់ ដែល​បាន​ធ្វើការនឿយហត់​យ៉ាងច្រើន​ក្នុង​ព្រះអម្ចាស់។

13 សូម​ជួយ​សួរសុខទុក្ខ​រូភូស ដែល​ត្រូវបានជ្រើសរើស​ក្នុង​ព្រះអម្ចាស់ និង​ម្ដាយ​របស់​គាត់ ដែលជា​ម្ដាយ​របស់ខ្ញុំ​ដែរ​។

14 សូម​ជួយ​សួរសុខទុក្ខ​អ័ស៊ីងគ្រីត ភ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និង​បងប្អូន​ដែល​នៅ​ជាមួយ​អ្នកទាំងនោះ​ដែរ​។

15 សូម​ជួយ​សួរសុខទុក្ខ​ភីឡូឡូក និង​យូលាស នេរើស និង​ប្អូនស្រី​របស់​គាត់ ព្រមទាំង​អូលីមប៉ាស និង​វិសុទ្ធជន​ទាំងអស់​ដែល​នៅ​ជាមួយ​ពួកគាត់​។

16 ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដ៏វិសុទ្ធ​។ ក្រុមជំនុំ​ទាំងអស់​របស់​ព្រះ​គ្រីស្ទ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។


ចូរប្រុងប្រយ័ត្ននឹងអ្នកដែលបង្កការបាក់បែក

17 បងប្អូន​អើយ ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​បង្ក​ការបាក់បែក និង​បង្ក​ហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពី​សេចក្ដីបង្រៀន​ដែល​អ្នករាល់គ្នា​បាន​ទទួល​។ ចូរ​បែរចេញ​ពី​អ្នកទាំងនោះ​។

18 ដ្បិត​មនុស្ស​បែបនេះ មិន​បម្រើ​ព្រះ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ទេ គឺ​គេ​បម្រើ​ក្រពះ​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​បោកបញ្ឆោត​ចិត្ត​របស់​មនុស្ស​ស្លូតត្រង់​ដោយ​សម្ដីផ្អែមពីរោះ និង​ពាក្យបញ្ជោរ​។


សរសើរ និងឲ្យពរ

19 ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​មនុស្ស​ទាំងអស់​ហើយ ដូច្នេះ​ខ្ញុំ​អរសប្បាយ​នឹង​អ្នករាល់គ្នា​ណាស់ ប៉ុន្តែ​ខ្ញុំ​ចង់ឲ្យ​អ្នករាល់គ្នា​មានប្រាជ្ញា​ខាង​ការល្អ ហើយ​អត់ចេះ​ខាង​ការ​អាក្រក់​។

20 ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​កម្ទេច​សាតាំង​ឲ្យនៅ​ក្រោម​ជើង​របស់អ្នករាល់គ្នា ក្នុងពេលឆាប់ៗ​។ សូមឲ្យ​ព្រះគុណ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!

21 ធីម៉ូថេ​អ្នករួមការងារ​ជាមួយខ្ញុំ និង​លូគាស យ៉ាសុន និង​សូសិប៉ាត្រុស​បងប្អូនរួមជាតិ​របស់ខ្ញុំ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។

22 ខ្ញុំ ទើទាស ដែល​សរសេរ​សំបុត្រ​នេះ ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​ដែរ។

23 កៃយុស ដែល​ជា​អ្នកទទួល​ខ្ញុំ និង​ជា​អ្នកទទួល​ក្រុមជំនុំ​ទាំងមូល ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អេរ៉ាស្ទុស​ជា​ហេរញ្ញិក​ក្រុង និង​ក្វើតុស​ដែលជា​បងប្អូន​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។

24 សូមឲ្យ​ព្រះគុណ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​! អាម៉ែន។


ថ្វាយសិរីរុងរឿងដល់ព្រះ

25 រីឯ​ព្រះ​ដែល​អាច​ពង្រឹង​អ្នករាល់គ្នា​ដោយ​ដំណឹងល្អ​របស់ខ្ញុំ និង​ដោយ​ការប្រកាស​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដោយ​ការបើកសម្ដែង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពី​យូរលង់​មកម្ល៉េះ

26 ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​បើកសម្ដែង ហើយ​ត្រូវបាន​សម្ដែងឲ្យស្គាល់​តាមរយៈ​គម្ពីរ​ព្យាការី ស្របតាម​បទបញ្ជា​របស់​ព្រះ​ដ៏អស់កល្បជានិច្ច ដើម្បីឲ្យ​ប្រជាជាតិ​ទាំងអស់​ស្ដាប់បង្គាប់​ដោយសារតែ​ជំនឿ​——

27 សូមឲ្យ​ព្រះ​តែមួយអង្គ​គត់​ដ៏មានប្រាជ្ញា មាន​សិរីរុងរឿង​ជារៀងរហូត តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​! អាម៉ែន​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម