១ កូរិនថូស 6 - ព្រះគម្ពីរខ្មែរសាកលរឿងក្ដីក្នុងចំណោមអ្នកជឿ 1 ក្នុងចំណោមអ្នករាល់គ្នា កាលណាមានបញ្ហាជាមួយអ្នកឯទៀត តើមានអ្នកខ្លះហ៊ានប្ដឹងនៅចំពោះមនុស្សទុច្ចរិត គឺមិនប្ដឹងនៅចំពោះវិសុទ្ធជនឬ? 2 ឬមួយក៏អ្នករាល់គ្នាមិនដឹងថាវិសុទ្ធជននឹងជំនុំជម្រះពិភពលោកទេឬ? ដូច្នេះ ប្រសិនបើពិភពលោកនឹងត្រូវអ្នករាល់គ្នាជំនុំជម្រះទៅហើយ តើអ្នករាល់គ្នាគ្មានសមត្ថភាពវិនិច្ឆ័យរឿងតូចបំផុតទេឬ? 3 តើអ្នករាល់គ្នាមិនដឹងថា យើងនឹងជំនុំជម្រះបណ្ដាទូតសួគ៌ទេឬ? ដូច្នេះ រឿងក្នុងជីវិតនេះមិនចាំបាច់និយាយទេ! 4 ប្រសិនបើអ្នករាល់គ្នាមានរឿងក្នុងជីវិតនេះមែន តើអ្នករាល់គ្នាឲ្យអ្នកដែលត្រូវគេមើលងាយក្នុងក្រុមជំនុំមកកាត់ក្ដីឬ? 5 ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់ដែលមានប្រាជ្ញា អាចដោះស្រាយរវាងបងប្អូនរបស់ខ្លួនបានទេឬ? 6 ផ្ទុយទៅវិញ បងប្អូនប្ដឹងផ្ដល់នឹងបងប្អូន ហើយធ្វើដូច្នេះនៅចំពោះអ្នកមិនជឿថែមទៀត! 7 ដូច្នេះ ការដែលអ្នករាល់គ្នាប្ដឹងផ្ដល់គ្នានោះ ជាការបរាជ័យទាំងស្រុងសម្រាប់អ្នករាល់គ្នារួចទៅហើយ។ ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការអយុត្តិធម៌នោះវិញ? ម្ដេចក៏អ្នករាល់គ្នាមិនសុខចិត្តរងការកេងបន្លំវិញ? 8 ផ្ទុយទៅវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអយុត្តិធម៌ និងកេងបន្លំ គឺប្រព្រឹត្តបែបនេះចំពោះបងប្អូនទៀតផង! 9 ឬមួយក៏អ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានទេឬ? កុំចាញ់បោកឡើយ! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា 10 ពួកចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និងមនុស្សឆបោក មិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានឡើយ។ 11 អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវបានលាងសម្អាត និងញែកជាវិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងក្នុងព្រះវិញ្ញាណរបស់ព្រះនៃយើង។ ថ្វាយសិរីរុងរឿងដល់ព្រះក្នុងរូបកាយ និងវិញ្ញាណ 12 “មានច្បាប់ឲ្យខ្ញុំធ្វើអ្វីៗទាំងអស់” ប៉ុន្តែមិនមែនអ្វីៗទាំងអស់មានប្រយោជន៍ទេ; “មានច្បាប់ឲ្យខ្ញុំធ្វើអ្វីៗទាំងអស់” ប៉ុន្តែខ្ញុំនឹងមិនឲ្យអ្វីមួយគ្រប់គ្រងលើខ្ញុំឡើយ។ 13 “អាហារសម្រាប់ក្រពះ ហើយក្រពះសម្រាប់អាហារ” ក៏ប៉ុន្តែព្រះនឹងបំផ្លាញទាំងពីរ។ រូបកាយមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។ 14 ព្រះបានលើកព្រះអម្ចាស់ឲ្យរស់ឡើងវិញ ហើយនឹងលើកយើងឲ្យរស់ឡើងវិញដែរ ដោយព្រះចេស្ដារបស់ព្រះអង្គ។ 15 តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទទេឬ? ដោយហេតុនេះ តើខ្ញុំអាចយកអវយវៈរបស់ព្រះគ្រីស្ទទៅធ្វើជាអវយវៈរបស់ស្ត្រីពេស្យាបានទេ? មិនបានជាដាច់ខាត! 16 ឬមួយក៏អ្នករាល់គ្នាមិនដឹងថា អ្នកដែលរួមជាមួយស្ត្រីពេស្យា នឹងបានជារូបកាយមួយជាមួយស្ត្រីនោះ? ដ្បិតមានចែងថា:“អ្នកទាំងពីរនឹងបានជារូបកាយមួយ”។ 17 រីឯអ្នកដែលរួមជាមួយព្រះអម្ចាស់ នឹងបានជាវិញ្ញាណមួយ។ 18 ចូរអ្នករាល់គ្នាគេចឲ្យផុតពីអំពើអសីលធម៌ខាងផ្លូវភេទទៅ! “អស់ទាំងបាបដែលមនុស្សប្រព្រឹត្ត គឺនៅខាងក្រៅរូបកាយ” ប៉ុន្តែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ គឺប្រព្រឹត្តបាបទាស់នឹងរូបកាយរបស់ខ្លួន។ 19 តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលស្ថិតនៅក្នុងអ្នករាល់គ្នាទេឬ? អ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនេះពីព្រះ។ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទេ 20 ពីព្រោះអ្នករាល់គ្នាត្រូវបានលោះមកវិញដោយតម្លៃថ្លៃ។ ដូច្នេះ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយរូបកាយរបស់អ្នករាល់គ្នាចុះ៕ |