កាឡាទី 4 - ព្រះគម្ពីរខ្មែរសាកល1 ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកទទួលមរតកនៅក្មេង ទោះបីគាត់ជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ ក៏គាត់មិនខុសពីទាសករទេ 2 គឺគាត់នៅក្រោមអ្នកមើលថែ និងអ្នកគ្រប់គ្រង រហូតដល់ពេលវេលាដែលឪពុកបានកំណត់ទុកមុន។ 3 យើងក៏ដូច្នោះដែរ កាលយើងនៅក្មេង យើងបានជាប់ជាទាសករនៅក្រោមគោលការណ៍បឋមខាងលោកីយ៍។ 4 ប៉ុន្តែនៅពេលការបំពេញនៃពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកប្រសូតចេញពីស្ត្រី គឺឲ្យប្រសូតនៅក្រោមក្រឹត្យវិន័យ 5 ដើម្បីប្រោសលោះអ្នកដែលនៅក្រោមក្រឹត្យវិន័យ ហើយឲ្យយើងទទួលឋានៈជាកូន។ 6 ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គដែលស្រែកថា: “អ័ប្បា! ព្រះបិតាអើយ!” ឲ្យមកក្នុងចិត្តរបស់អ្នករាល់គ្នា។ 7 ដូច្នេះ អ្នករាល់គ្នាមិនមែនជាទាសករទៀតទេ គឺជាកូនវិញ; ហើយប្រសិនបើអ្នករាល់គ្នាជាកូន នោះអ្នករាល់គ្នាជាអ្នកទទួលមរតកដោយសារតែព្រះដែរ។ កង្វល់ចំពោះអ្នកកាឡាទី 8 ពីមុន កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នាបានធ្វើជាទាសករដល់របស់ដែលមិនមែនជាព្រះតាំងពីដើមមក 9 ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះហើយ——ឬស៊ូនិយាយថាអ្នករាល់គ្នាត្រូវព្រះស្គាល់វិញ——ចុះម្ដេចក៏អ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍បឋមដ៏ខ្សោយ និងគ្មានតម្លៃម្ដងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់ធ្វើជាទាសករដល់របស់ទាំងនោះសាជាថ្មីឬ? 10 អ្នករាល់គ្នាប្រកាន់យកថ្ងៃ ខែ រដូវ និងឆ្នាំ! 11 ខ្ញុំបារម្ភអំពីអ្នករាល់គ្នា ថាប្រហែលខ្ញុំបានធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាដោយឥតប្រយោជន៍ហើយ។ 12 បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចខ្ញុំ ដ្បិតខ្ញុំក៏បានដូចអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំឡើយ។ 13 អ្នករាល់គ្នាដឹងហើយថា កាលពីដើម ខ្ញុំបានផ្សាយដំណឹងល្អដល់អ្នករាល់គ្នា ព្រោះតែជំងឺក្នុងរូបកាយ 14 ហើយទោះបីជាមានការសាកល្បងចំពោះអ្នករាល់គ្នាដោយសារតែស្ថានភាពខាងរូបកាយរបស់ខ្ញុំក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នាបានទទួលខ្ញុំដូចជាទទួលទូតសួគ៌របស់ព្រះ គឺដូចជាទទួលព្រះគ្រីស្ទយេស៊ូវផ្ទាល់។ 15 ចុះភាពមានពររបស់អ្នករាល់គ្នានៅឯណា? ដ្បិតខ្ញុំធ្វើបន្ទាល់អំពីអ្នករាល់គ្នាថា ប្រសិនបើអាច ម្ល៉េះសមអ្នករាល់គ្នាបានខ្វេះភ្នែករបស់អ្នករាល់គ្នាចេញ ហើយឲ្យខ្ញុំ! 16 ដោយសារខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នា ធ្វើឲ្យខ្ញុំក្លាយជាសត្រូវរបស់អ្នករាល់គ្នាឬ? 17 អ្នកទាំងនោះយកចិត្តទុកដាក់នឹងអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ គឺដោយចង់បំបែកអ្នករាល់គ្នាចេញ ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងពួកគេវិញ។ 18 ជាការល្អហើយ ដែលយកចិត្តទុកដាក់ចំពោះការល្អជានិច្ច គឺមិនគ្រាន់តែពេលខ្ញុំនៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះទេ។ 19 កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំកំពុងឈឺពោះឆ្លងទន្លេម្ដងទៀតដើម្បីអ្នករាល់គ្នា រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា! 20 ខ្ញុំចង់នៅជាមួយអ្នករាល់គ្នាពេលឥឡូវនេះ ហើយផ្លាស់ប្ដូររបៀបនិយាយរបស់ខ្ញុំ ដ្បិតខ្ញុំវល់គំនិតអំពីអ្នករាល់គ្នា។ និមិត្តរូបនៃស្ត្រីពីរនាក់ 21 អ្នកដែលចង់នៅក្រោមក្រឹត្យវិន័យអើយ ចូរប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនបានឮអ្វីដែលក្រឹត្យវិន័យចែងមកទេឬ? 22 ដ្បិតមានសរសេរទុកមកថា អ័ប្រាហាំមានកូនប្រុសពីរនាក់ ម្នាក់ពីស្ត្រីដែលជាបាវបម្រើ ម្នាក់ទៀតពីស្ត្រីដែលមានសេរីភាព។ 23 កូនពីស្ត្រីដែលជាបាវបម្រើបានកើតមកតាមសាច់ឈាម រីឯកូនពីស្ត្រីដែលមានសេរីភាពបានកើតមកតាមសេចក្ដីសន្យា។ 24 សេចក្ដីទាំងនេះចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះជាសម្ពន្ធមេត្រីពីរ។ មួយមកពីភ្នំស៊ីណាយ ទាំងបង្កើតកូនសម្រាប់ភាពជាទាសករ; នោះគឺហាការ។ 25 ហាការនេះ គឺភ្នំស៊ីណាយនៅអារ៉ាប៊ី ហើយត្រូវជាយេរូសាឡិមនៅសព្វថ្ងៃនេះ ដ្បិតយេរូសាឡិមនៅធ្វើជាទាសករជាមួយកូនចៅរបស់នាង។ 26 រីឯយេរូសាឡិមដែលនៅស្ថានលើគឺស្ត្រីដែលមានសេរីភាព ដែលជាម្ដាយរបស់យើង។ 27 ដ្បិតមានសរសេរទុកមកថា: “ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរអរសប្បាយ! ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរបន្លឺសំឡេង ហើយស្រែកឡើង! ដ្បិតកូនៗរបស់ស្ត្រីដែលគ្មានប្ដី មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។ 28 បងប្អូនអើយ ចំណែកឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាកូននៃសេចក្ដីសន្យាដូចអ៊ីសាកដែរ។ 29 ប៉ុន្តែដូចដែលកាលនោះ កូនដែលកើតមកតាមសាច់ឈាមបានបៀតបៀនកូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា ឥឡូវនេះក៏មានយ៉ាងនោះដែរ។ 30 យ៉ាងណាមិញ តើព្រះគម្ពីរចែងដូចម្ដេច? “ចូរបណ្ដេញស្ត្រីដែលជាបាវបម្រើ និងកូនរបស់នាងចេញទៅ! ដ្បិតកូនរបស់ស្ត្រីដែលជាបាវបម្រើ មិនត្រូវទទួលមរតកជាមួយកូនរបស់ស្ត្រីដែលមានសេរីភាពទាល់តែសោះ”។ 31 ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីដែលជាបាវបម្រើទេ គឺជាកូនរបស់ស្ត្រីដែលមានសេរីភាពវិញ៕ |