១ កូរិនថូស 7 - ព្រះគម្ពីរខ្មែរសាកលគោលការណ៍ស្ដីអំពីការរៀបការ 1 ចំពោះសេចក្ដីដែលអ្នករាល់គ្នាបានសរសេរមកនោះ អ្នករាល់គ្នាបានសរសេរថា៖ “ជាការល្អដែលមនុស្សប្រុសមិនប៉ះពាល់មនុស្សស្រី”។ 2 ប៉ុន្តែដើម្បីចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុសម្នាក់ៗត្រូវមានប្រពន្ធរបស់ខ្លួន ហើយមនុស្សស្រីម្នាក់ៗក៏ត្រូវមានប្ដីរបស់ខ្លួនដែរ។ 3 ប្ដីត្រូវបំពេញកាតព្វកិច្ចចំពោះប្រពន្ធ ហើយប្រពន្ធក៏ត្រូវធ្វើដូចគ្នាចំពោះប្ដីដែរ។ 4 ប្រពន្ធគ្មានសិទ្ធិលើរូបកាយរបស់ខ្លួនទេ គឺប្ដីវិញដែលមាន; ដូចគ្នាដែរ ប្ដីក៏គ្មានសិទ្ធិលើរូបកាយរបស់ខ្លួន គឺប្រពន្ធវិញដែលមាន។ 5 កុំបង្អត់គ្នាឡើយ លើកលែងតែមានការព្រមព្រៀងគ្នាទុកពេលមួយរយៈ ដើម្បីផ្ចង់ស្មារតីក្នុងការអធិស្ឋាន រួចត្រូវនៅជាមួយគ្នាវិញ ក្រែងលោសាតាំងល្បួងអ្នករាល់គ្នា ដោយឆ្លៀតឱកាសលើភាពមិនចេះគ្រប់គ្រងចិត្តរបស់អ្នករាល់គ្នា។ 6 យ៉ាងណាមិញ ខ្ញុំនិយាយសេចក្ដីនេះទុកជាការយល់ស្រប មិនមែនជាការបញ្ជាទេ។ 7 តាមពិត ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចជាខ្ញុំដែរ ក៏ប៉ុន្តែម្នាក់ៗមានអំណោយទានរៀងៗខ្លួនមកពីព្រះ គឺម្នាក់មានយ៉ាងនេះ ម្នាក់ទៀតមានយ៉ាងនោះ។ ដំបូន្មានដល់អ្នកគ្មានប្ដីប្រពន្ធ 8 ខ្ញុំសូមប្រាប់ពួកអ្នកគ្មានប្រពន្ធ និងពួកស្ត្រីមេម៉ាយថា ប្រសិនបើពួកគេនៅដដែលដូចខ្ញុំ នោះជាការល្អសម្រាប់ពួកគេ។ 9 ប៉ុន្តែប្រសិនបើពួកគេគ្រប់គ្រងចិត្តមិនបាន ក៏ចូររៀបការចុះ ដ្បិតដែលរៀបការប្រសើរជាងមានភាពរោលរាល។ ដំបូន្មានដល់អ្នកដែលរៀបការ 10 រីឯចំពោះអ្នកដែលរៀបការហើយ ខ្ញុំសូមបង្គាប់ដែរ (តាមពិត មិនមែនខ្ញុំទេដែលបង្គាប់ គឺព្រះអម្ចាស់វិញ) ថា កុំឲ្យប្រពន្ធចាកចោលប្ដីឡើយ។ 11 ប៉ុន្តែប្រសិនបើនាងចាកចោលប្ដីមែន នោះនាងត្រូវនៅដដែលដោយឥតយកប្ដី ឬមួយក៏ត្រូវផ្សះផ្សានឹងប្ដីវិញ។ រីឯប្ដីក៏កុំឲ្យលែងប្រពន្ធដែរ។ 12 ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ) ខ្ញុំសូមប្រាប់ថា ប្រសិនបើបងប្អូនណាម្នាក់មានប្រពន្ធជាអ្នកមិនជឿ ហើយនាងយល់ស្របនឹងរស់នៅជាមួយខ្លួន នោះកុំលែងនាងឡើយ; 13 ដូចគ្នាដែរ ប្រសិនបើស្ត្រីណាម្នាក់មានប្ដីជាអ្នកមិនជឿ ហើយគាត់យល់ស្របនឹងរស់នៅជាមួយនាង នោះកុំលែងប្ដីឡើយ 14 ដ្បិតប្ដីដែលមិនជឿ ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្រពន្ធហើយ ហើយប្រពន្ធដែលមិនជឿក៏ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្ដីដែរ។ បើមិនដូច្នោះទេ កូនៗរបស់អ្នករាល់គ្នាក៏សៅហ្មងដែរ ប៉ុន្តែតាមពិតពួកគេបានជាវិសុទ្ធហើយ។ 15 ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនជឿចង់ចាកចោលទៅ នោះចូរឲ្យអ្នកនោះចាកចោលទៅចុះ។ បងប្អូនប្រុស ឬបងប្អូនស្រី មិនត្រូវជាប់ចំណងនឹងរឿងបែបនេះឡើយ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យមកក្នុងសេចក្ដីសុខសាន្ត។ 16 តាមពិត ស្ត្រីជាប្រពន្ធអើយ តើនាងដឹងដូចម្ដេចថា នាងអាចសង្គ្រោះប្ដីបាន? រីឯបុរសជាប្ដីអើយ តើអ្នកដឹងដូចម្ដេចថា អ្នកអាចសង្គ្រោះប្រពន្ធបាន? សភាពផ្សេងៗនៃជីវិត 17 យ៉ាងណាមិញ ចូរឲ្យម្នាក់ៗដើរ តាមដែលព្រះអម្ចាស់បានបែងចែក និងតាមដែលព្រះបានត្រាស់ហៅ។ ខ្ញុំក៏បង្គាប់ក្នុងក្រុមជំនុំទាំងអស់ឲ្យធ្វើដូច្នេះដែរ។ 18 តើអ្នកណាត្រូវបានត្រាស់ហៅក្រោយពីទទួលពិធីកាត់ស្បែករួចហើយ? កុំឲ្យអ្នកនោះលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ។ តើអ្នកណាត្រូវបានត្រាស់ហៅដោយមិនបានទទួលពិធីកាត់ស្បែក? កុំឲ្យអ្នកនោះទទួលពិធីកាត់ស្បែកឡើយ។ 19 ការទទួលពិធីកាត់ស្បែកមិនសំខាន់ទេ ហើយការមិនទទួលពិធីកាត់ស្បែកក៏មិនសំខាន់ដែរ ផ្ទុយទៅវិញ ការកាន់តាមសេចក្ដីបង្គាប់របស់ព្រះទេតើ ដែលសំខាន់។ 20 ចូរឲ្យម្នាក់ៗស្ថិតនៅក្នុងសភាពដែលខ្លួនត្រូវបានត្រាស់ហៅនោះចុះ។ 21 តើអ្នកត្រូវបានត្រាស់ហៅនៅពេលអ្នកជាទាសករឬ? កុំឲ្យអ្នកខ្វល់ឡើយ។ ប៉ុន្តែប្រសិនបើអ្នកអាចត្រឡប់ជាមនុស្សមានសេរីភាពបាន ចូរធ្វើដូច្នោះ ប្រសើរជាង។ 22 ជាការពិត ទាសករដែលត្រូវបានត្រាស់ហៅនៅក្នុងព្រះអម្ចាស់ ជាមនុស្សមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាពដែលត្រូវបានត្រាស់ហៅ ជាទាសកររបស់ព្រះគ្រីស្ទ។ 23 អ្នករាល់គ្នាត្រូវបានលោះមកវិញដោយតម្លៃថ្លៃ ដូច្នេះកុំធ្វើជាទាសកររបស់មនុស្សឡើយ។ 24 បងប្អូនអើយ ចូរឲ្យម្នាក់ៗស្ថិតនៅជាមួយព្រះ ក្នុងភាពយ៉ាងណាក៏ដោយដែលខ្លួនត្រូវបានត្រាស់ហៅនោះចុះ។ ស្ដីអំពីអ្នកនៅលីវ និងមេម៉ាយ 25 ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់: 26 ដោយសារតែទុក្ខលំបាកដែលមាននៅសព្វថ្ងៃនេះ ខ្ញុំគិតថា ជាការល្អដែលមនុស្សរក្សាសភាពដែលខ្លួនមាន។ 27 តើអ្នកជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកផ្ដាច់ចំណងពីនាងឡើយ។ តើអ្នកមិនជាប់ចំណងនឹងប្រពន្ធឬ? កុំឲ្យរកប្រពន្ធឡើយ។ 28 ប៉ុន្តែទោះបីជាអ្នករៀបការ ក៏មិនមែនប្រព្រឹត្តបាបទេ ហើយទោះបីជាស្ត្រីព្រហ្មចារីរៀបការ ក៏មិនមែនថាប្រព្រឹត្តបាបដែរ។ យ៉ាងណាមិញ អ្នកដែលរៀបការនឹងជួបទុក្ខវេទនាក្នុងជីវិត ដូច្នេះខ្ញុំចង់ឲ្យអ្នករាល់គ្នាចៀសផុតពីការនេះ។ 29 បងប្អូនអើយ ខ្ញុំសូមប្រាប់សេចក្ដីនេះថា ពេលវេលាត្រូវបានបង្រួញឲ្យខ្លីហើយ! ដូច្នេះ ចាប់ពីឥឡូវនេះទៅ អ្នកដែលមានប្រពន្ធ ត្រូវនៅដូចជាគ្មានប្រពន្ធ; 30 អ្នកដែលយំសោក ត្រូវនៅដូចជាមិនយំសោក; អ្នកដែលអរសប្បាយ ត្រូវនៅដូចជាមិនអរសប្បាយ; អ្នកដែលទិញ ត្រូវនៅដូចជាគ្មានកម្មសិទ្ធិ; 31 ហើយអ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ត្រូវនៅដូចជាមិនបានប្រើដែរ ដ្បិតទ្រង់ទ្រាយនៃពិភពលោកនេះកំពុងផុតទៅ។ 32 ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីកង្វល់។ អ្នកគ្មានប្រពន្ធខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ថាធ្វើយ៉ាងណាបានគាប់ព្រះហឫទ័យព្រះអម្ចាស់ 33 រីឯអ្នកដែលរៀបការវិញ ខ្វល់ខ្វាយនឹងកិច្ចការខាងលោកីយ៍ ថាធ្វើយ៉ាងណាបានគាប់ចិត្តប្រពន្ធ 34 ដូច្នេះអ្នកនោះត្រូវបានបង្វែរអារម្មណ៍។ ស្ត្រីគ្មានប្ដី និងស្ត្រីព្រហ្មចារី ខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីឲ្យបានវិសុទ្ធទាំងខាងរូបកាយ និងខាងវិញ្ញាណ រីឯស្ត្រីដែលរៀបការវិញ ខ្វល់ខ្វាយនឹងកិច្ចការខាងលោកីយ៍ ថាធ្វើយ៉ាងណាបានគាប់ចិត្តប្ដី។ 35 ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាផ្ទាល់ មិនមែនដើម្បីរារាំងអ្នករាល់គ្នាទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយគប្បី ហើយផ្ដោតតែលើការបម្រើព្រះអម្ចាស់ដោយគ្មានការបង្វែរអារម្មណ៍ឡើយ។ 36 ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្តមិនគប្បីចំពោះស្ត្រីព្រហ្មចារីរបស់ខ្លួន ហើយបើនាងជិតហួសវ័យ ហើយបើមានតែធ្វើដូច្នោះ នោះចូរឲ្យគាត់ធ្វើតាមដែលប្រាថ្នាចុះ គឺឲ្យអ្នកទាំងពីររៀបការទៅ គាត់មិនមែនប្រព្រឹត្តបាបទេ។ 37 ប៉ុន្តែប្រសិនបើអ្នកណាឈរមាំក្នុងចិត្តរបស់ខ្លួន ទាំងគ្មានសេចក្ដីបង្ខំ ហើយបើអាចគ្រប់គ្រងលើបំណងរបស់ខ្លួនឯងបាន ព្រមទាំងបានសម្រេចក្នុងចិត្តរបស់ខ្លួនថានឹងទុកនាងជាស្ត្រីព្រហ្មចារី នោះគាត់ធ្វើបានល្អហើយ។ 38 ដូច្នេះ អ្នកដែលឲ្យស្ត្រីព្រហ្មចារីរបស់ខ្លួនរៀបការ ធ្វើបានល្អហើយ រីឯអ្នកដែលមិនឲ្យរៀបការ ធ្វើបានល្អជាង។ 39 ប្រពន្ធជាប់ចំណងនឹងប្ដី ដរាបណាប្ដីរបស់នាងនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏ដោយដែលនាងចង់រៀបការ ឲ្យតែរៀបការក្នុងព្រះអម្ចាស់។ 40 ក៏ប៉ុន្តែតាមយោបល់របស់ខ្ញុំ នាងបានសុខជាង ប្រសិនបើនាងនៅដដែល។ ខ្ញុំគិតថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ៕ |