ហេព្រើរ 10 - ព្រះគម្ពីរខ្មែរសាកលយញ្ញបូជាដ៏គ្រប់លក្ខណ៍ 1 ដោយព្រោះក្រឹត្យវិន័យជាស្រមោលនៃសេចក្ដីល្អដែលរៀបនឹងមក គឺមិនមែនជារូបពិតនៃសេចក្ដីទាំងនោះទេ យញ្ញបូជាដដែលៗដែលគេថ្វាយឥតឈប់ឈរជារៀងរាល់ឆ្នាំនោះ មិនអាចធ្វើឲ្យអ្នកដែលចូលមកជិតគ្រប់លក្ខណ៍បានឡើយ។ 2 បើមិនដូច្នោះទេ តើពួកគេមិនឈប់ថ្វាយយញ្ញបូជាទេឬ? ដ្បិតអ្នកដែលថ្វាយបង្គំត្រូវបានជម្រះម្ដងហើយ គឺលែងមានការដឹងខ្លួនអំពីបាបទៀតហើយ។ 3 ផ្ទុយទៅវិញ យញ្ញបូជាទាំងនោះធ្វើឲ្យនឹកឃើញអំពីបាបជារៀងរាល់ឆ្នាំ 4 ដ្បិតឈាមគោឈ្មោល និងឈាមពពែ មិនអាចដកយកបាបចេញបានឡើយ។ 5 ដូច្នេះ កាលព្រះគ្រីស្ទយាងចូលមកក្នុងពិភពលោក ព្រះអង្គមានបន្ទូលថា: “ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយទេ គឺព្រះអង្គបានរៀបចំរូបកាយមួយសម្រាប់ទូលបង្គំវិញ។ 6 ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត និងតង្វាយលោះបាបទេ 7 ដូច្នេះ ទូលបង្គំទូលថា: ‘មើល៍! ទូលបង្គំមកដល់ហើយ! នៅក្នុងក្រាំងគម្ពីរមានសរសេរទុកមកអំពីទូលបង្គំហើយ។ ឱព្រះអើយ! ទូលបង្គំមកដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ!’”។ 8 ក្នុងឃ្លាខាងលើ ព្រះអង្គមានបន្ទូលថាព្រះអង្គមិនចង់បាន ហើយមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាបនោះទេ ទោះបីជាយញ្ញបូជាទាំងនោះត្រូវបានថ្វាយស្របតាមក្រឹត្យវិន័យក៏ដោយ។ 9 បន្ទាប់មក ព្រះអង្គមានបន្ទូលទៀតថា:“មើល៍!ទូលបង្គំមកដើម្បីប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ!”។ ព្រះបានលុបបំបាត់របៀបដំបូង ដើម្បីតាំងឡើងនូវរបៀបក្រោយ។ 10 ដោយសារតែបំណងព្រះហឫទ័យនេះឯង ដែលយើងត្រូវបានញែកជាវិសុទ្ធម្ដងជាសម្រេច តាមរយៈតង្វាយនៃព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទ។ 11 អស់ទាំងបូជាចារ្យឈរបំពេញមុខងារជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាច្រើនលើកច្រើនសា ប៉ុន្តែយញ្ញបូជាទាំងនោះមិនអាចដកយកបាបចេញបានឡើយ 12 រីឯព្រះអង្គនេះវិញ ព្រះអង្គបានថ្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់បាប ក៏គង់ចុះនៅខាងស្ដាំព្រះ 13 ហើយតាំងពីពេលនោះមក ព្រះអង្គក៏រង់ចាំរហូតដល់ពួកខ្មាំងសត្រូវរបស់ព្រះអង្គ ត្រូវបានធ្វើឲ្យទៅជាកំណល់ព្រះបាទារបស់ព្រះអង្គ។ 14 ជាការពិត ព្រះអង្គបានធ្វើឲ្យពួកអ្នកដែលត្រូវបានញែកជាវិសុទ្ធគ្រប់លក្ខណ៍ជារៀងរហូត ដោយតង្វាយតែមួយគត់។ 15 ព្រះវិញ្ញាណដ៏វិសុទ្ធក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយពីព្រះអង្គមានបន្ទូលដូច្នេះថា: 16 “ព្រះអម្ចាស់មានបន្ទូលថា: ‘ក្រោយពីគ្រានោះ យើងនឹងតាំងសម្ពន្ធមេត្រីនេះជាមួយពួកគេ គឺយើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងចិត្តរបស់ពួកគេ ហើយចារឹកក្រឹត្យវិន័យនោះក្នុងគំនិតរបស់ពួកគេ’” 17 ព្រះអង្គក៏មានបន្ទូលទៀតថា: “យើងនឹងមិននឹកចាំបាបរបស់ពួកគេ និងការឥតច្បាប់របស់ពួកគេទៀតជាដាច់ខាត” 18 ដូច្នេះ ទីណាដែលមានការលើកលែងទោសបាបទាំងនេះ ទីនោះលែងមានតង្វាយសម្រាប់បាបទៀតហើយ។ ពាក្យជំរុញទឹកចិត្តឲ្យគោរពព្រះ 19 ដោយហេតុនេះ បងប្អូនអើយ យើងមានភាពក្លាហាននឹងចូលទៅក្នុងទីវិសុទ្ធបំផុត ដោយសារតែព្រះលោហិតរបស់ព្រះយេស៊ូវ។ 20 ព្រះអង្គបានបើកផ្លូវថ្មីដ៏រស់មួយសម្រាប់យើងតាមរយៈវាំងននដែលជារូបកាយរបស់ព្រះអង្គ។ 21 ដោយយើងមានបូជាចារ្យដ៏ធំឧត្ដមគ្រប់គ្រងលើដំណាក់របស់ព្រះ 22 ហើយដោយចិត្តរបស់យើងត្រូវបានប្រោះសម្អាតដោយឈាម ពីសតិសម្បជញ្ញៈសៅហ្មង ព្រមទាំងរូបកាយត្រូវបានលាងដោយទឹកបរិសុទ្ធ ដូច្នេះចូរឲ្យយើងចូលទៅជិតដោយចិត្តពិតត្រង់ និងដោយជំនឿដែលជឿអស់ពីចិត្ត។ 23 ចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពនៃសេចក្ដីសង្ឃឹមដោយឥតរង្គើឡើយ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។ 24 ចូរឲ្យយើងយកចិត្តទុកដាក់នឹងគ្នាទៅវិញទៅមក ដើម្បីជំរុញទឹកចិត្តឲ្យចេះស្រឡាញ់ និងប្រព្រឹត្តការល្អ។ 25 កុំបោះបង់ចោលការជួបជុំរបស់យើង ដូចដែលអ្នកខ្លះមានទម្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក។ ដោយអ្នករាល់គ្នាឃើញថាថ្ងៃនោះជិតមកដល់ហើយ នោះចូរធ្វើដូច្នេះកាន់តែខ្លាំងឡើងចុះ។ ពាក្យដាស់តឿនចំពោះការប្រព្រឹត្តបាបដោយចេតនា 26 ជាការពិត ក្រោយពីទទួលចំណេះដឹងនៃសេចក្ដីពិតហើយ ប្រសិនបើយើងបន្តប្រព្រឹត្តបាបដោយចេតនា នោះលែងមានយញ្ញបូជាសម្រាប់បាបនៅសល់ទៀតឡើយ 27 គឺមានតែការរំពឹងដ៏គួរឲ្យភ័យខ្លាចអំពីការជំនុំជម្រះ និងភ្លើងនៃព្រះពិរោធដែលរៀបនឹងបំផ្លាញពួកអ្នកប្រឆាំងប៉ុណ្ណោះ ដែលនៅសល់។ 28 អ្នកណាដែលបដិសេធក្រឹត្យវិន័យរបស់ម៉ូសេ នឹងស្លាប់ដោយឥតត្រាប្រណី ដោយយោងតាមពាក្យបន្ទាល់របស់សាក្សីពីរ ឬបីនាក់។ 29 ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ! 30 ដ្បិតយើងស្គាល់ព្រះអង្គដែលមានបន្ទូលថា:“ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ” ហើយព្រះអង្គមានបន្ទូលទៀតថា:“ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ”។ 31 ការធ្លាក់ទៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ ជាការគួរឲ្យភ័យខ្លាចណាស់។ 32 រីឯអ្នករាល់គ្នាវិញ ចូរនឹកចាំអំពីគ្រាដំបូង គឺក្រោយពីត្រូវបានបំភ្លឺ អ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធនៃទុក្ខលំបាកជាច្រើន 33 ជួនកាលត្រូវគេត្មះតិះដៀល និងធ្វើទុក្ខជាសាធារណៈ ជួនកាលបានក្លាយជាដៃគូជាមួយអ្នកដែលរងអំពើដូច្នោះដែរ។ 34 ពិតមែនហើយ អ្នករាល់គ្នាមិនគ្រាន់តែអាណិតអាសូរអ្នកដែលជាប់ឃុំឃាំងប៉ុណ្ណោះទេ គឺថែមទាំងសុខចិត្តឲ្យគេរឹបអូសអ្វីៗដែលខ្លួនមានដោយអំណរ ដោយដឹងថាអ្នករាល់គ្នាមានទ្រព្យសម្បត្តិដ៏ប្រសើរជាងនៅស្ថានសួគ៌ ហើយនៅគង់វង្សទៀតផង។ 35 ដូច្នេះ កុំបោះបង់ចោលការជឿជាក់របស់អ្នករាល់គ្នាឡើយ ការជឿជាក់នោះនាំមកនូវរង្វាន់ដ៏ធំ។ 36 តាមពិត អ្នករាល់គ្នាត្រូវតែមានចិត្តស៊ូទ្រាំ ដើម្បីបានទទួលសេចក្ដីសន្យាដោយប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ។ 37 ជាការពិត នៅតែបន្តិចទៀត “ព្រះអង្គដែលត្រូវយាងមក នឹងយាងមកដល់ ព្រះអង្គនឹងមិនបង្អង់ឡើយ។ 38 រីឯមនុស្សសុចរិតរបស់យើងនឹងរស់ដោយជំនឿ ហើយប្រសិនបើអ្នកនោះដកខ្លួនថយ ព្រលឹងរបស់យើងមិនពេញចិត្តនឹងគាត់ឡើយ”។ 39 ប៉ុន្តែយើងមិនមែនជាមនុស្សដែលដកខ្លួនថយ ហើយវិនាសនោះទេ គឺយើងជាមនុស្សដែលមានជំនឿ ហើយរក្សាព្រលឹងរបស់ខ្លួនវិញ៕ |