Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លូកា 12 - ព្រះគម្ពីរខ្មែរសាកល


ចូរប្រយ័ត្ននឹងពុតត្បុតខាងសាសនា

1 ពេលនោះ មាន​មនុស្សច្រើន​កុះករ​បាន​ផ្ដុំគ្នា រហូតដល់​ជាន់​គ្នា​។ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ជាមុន​ថា៖“ចូរ​អ្នករាល់គ្នា​ប្រយ័ត្នប្រយែង​នឹង​មេម្សៅ ដែល​ជា​ពុតត្បុត​របស់​ពួកផារិស៊ី​។

2 គ្មានអ្វី​ត្រូវបាន​គ្របបាំង ដែល​មិន​ត្រូវបាន​សម្ដែងឲ្យឃើញ​ឡើយ ហើយក៏​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​ដឹង​នោះ​ដែរ​។

3 ដូច្នេះ អ្វីៗដែល​អ្នករាល់គ្នា​បាន​និយាយ​ក្នុង​ទីងងឹត នោះ​នឹង​បាន​ឮ​នៅ​ទីភ្លឺ ហើយ​អ្វីៗដែល​អ្នករាល់គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក​ក្នុង​បន្ទប់សម្ងាត់ នោះ​នឹង​បាន​ប្រកាស​នៅលើ​ដំបូលផ្ទះ​វិញ​។


ចូរកោតខ្លាចព្រះ

4 “សម្លាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ហើយ​បន្ទាប់ពីនោះមក មិន​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ឡើយ​។

5 ផ្ទុយទៅវិញ ខ្ញុំ​សូម​បញ្ជាក់​ដល់​អ្នករាល់គ្នា​ថា​គួរតែ​ខ្លាច​អ្នកណា គឺ​ត្រូវ​ខ្លាច​ព្រះអង្គ​ដែល​ក្រោយពី​សម្លាប់​ហើយ មាន​សិទ្ធិអំណាច​បោះ​ទៅក្នុង​ស្ថាននរក​។ មែនហើយ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ខ្លាច​ព្រះអង្គនេះ​ចុះ។

6 តើ​គេ​មិន​លក់​ចាប​ប្រាំ​ក្នុងតម្លៃ​ពីរ​អាស្សារីយ៉ូនទេ​ឬ? ប៉ុន្តែ​នៅចំពោះ​ព្រះ គ្មាន​ចាប​ណាមួយ​ត្រូវបាន​ភ្លេច​ឡើយ​។

7 រីឯ​អ្នករាល់គ្នា​វិញ សូម្បីតែ​សក់​ទាំងអស់​លើ​ក្បាល​របស់អ្នករាល់គ្នា ក៏​ត្រូវបាន​រាប់​ដែរ​។ កុំ​ខ្លាច​ឡើយ​! អ្នករាល់គ្នា​មានតម្លៃលើសជាង​ចាប​ជាច្រើន​ទៅទៀត​។


ការទទួលស្គាល់ព្រះគ្រីស្ទ

8 “ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នកណាដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស កូនមនុស្ស​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ដែរ​។

9 រីឯ​អ្នក​ដែល​បដិសេធ​ខ្ញុំ​នៅមុខ​មនុស្ស អ្នកនោះ​នឹង​ត្រូវបាន​បដិសេធ​នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ​ដែរ​។

10 អស់អ្នក​ដែល​ពោល​ពាក្យ​ទាស់នឹង​កូនមនុស្ស នឹង​ត្រូវបាន​លើកលែងទោស ប៉ុន្តែ​អ្នក​ដែល​និយាយប្រមាថ​ទាស់នឹង​ព្រះវិញ្ញាណដ៏វិសុទ្ធ នឹង​មិន​ត្រូវបាន​លើកលែងទោស​ឡើយ។

11 កាលណា​គេ​នាំ​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ ឬ​នៅ​មុខ​មេគ្រប់គ្រង និង​អាជ្ញាធរ កុំ​បារម្ភ​អំពី​របៀប​ដែល​ត្រូវ​ឆ្លើយការពារខ្លួន ឬ​អ្វីដែល​ត្រូវ​និយាយ​ឡើយ

12 ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ​នឹង​បង្រៀន​អ្នករាល់គ្នា​នូវ​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង”។


ពាក្យឧបមាអំពីសេដ្ឋីល្ងីល្ងើ

13 មាន​ម្នាក់​ក្នុង​ហ្វូងមនុស្ស​បាន​ទូល​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ សូម​ប្រាប់​បងប្រុស​របស់ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង!”។

14 ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“សម្លាញ់​អើយ​តើ​នរណា​បាន​តែងតាំង​ខ្ញុំ​ឲ្យធ្វើជា​ចៅក្រម ឬ​ជា​អាជ្ញាកណ្ដាល​លើ​ពួកអ្នក​?”។

15 បន្ទាប់មក​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​ការលោភលន់​គ្រប់យ៉ាង ដ្បិត​ជីវិត​របស់​មនុស្ស​មិន​ស្ថិតនៅ​លើ​ភាព​សម្បូរហូរហៀរ​នៃ​ធនធាន​របស់​ខ្លួន​ទេ”។

16 ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖“ស្រែចម្ការ​របស់សេដ្ឋី​ម្នាក់​បាន​ផ្ដល់ផលច្រើនបរិបូរ​។

17 សេដ្ឋីនោះ​ក៏​រិះគិត​ក្នុងចិត្ត​ថា​: ‘អញ​គ្មាន​កន្លែង​ដាក់​ភោគផល​របស់អញ​ទេ តើ​គួរ​ធ្វើ​ដូចម្ដេច​?’

18 រួច​គាត់​ថា​: ‘អញ​នឹង​ធ្វើ​បែបនេះ គឺ​អញ​នឹង​រុះ​ជង្រុក​របស់អញ​ចេញ ហើយ​សាងសង់​ជង្រុក​ធំជាង រួច​ដាក់​អស់ទាំង​ស្រូវ​និង​ភោគទ្រព្យ​របស់អញ​នៅ​ទីនោះ​។

19 បន្ទាប់មក អញ​នឹង​ប្រាប់​ព្រលឹង​របស់អញ​ថា​: ព្រលឹង​អើយ ឯង​មាន​ភោគទ្រព្យ​ជាច្រើន ទុក​សម្រាប់​ច្រើន​ឆ្នាំ​ទៅមុខទៀត ចូរ​នៅឲ្យស្រួល ស៊ីផឹក និង​សប្បាយ​រីករាយ​ទៅ​!’។

20 “ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​គាត់​ថា​: ‘មនុស្ស​ល្ងីល្ងើ​អើយ! នៅ​យប់​នេះ ព្រលឹង​របស់អ្នក​នឹង​ត្រូវ​ទារ​ពី​អ្នក​វិញ​ហើយ​។ ចុះ​អ្វីៗដែល​អ្នក​បាន​រៀបចំ​ទុក​នោះ នឹង​ទៅជា​របស់​នរណា​វិញ?’។

21 “អ្នក​ដែល​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួនឯង តែ​មិនមែន​ជា​អ្នក​មាន​នៅចំពោះ​ព្រះ ក៏ដូច្នោះដែរ”។


កុំបារម្ភ

22 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នកថា ត្រូវ​ហូប​អ្វី​ឡើយ ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។

23 ដ្បិត​ជីវិត​សំខាន់ជាង​អាហារ ហើយ​រូបកាយ​ក៏សំខាន់ជាង​សម្លៀកបំពាក់​ដែរ​។

24 ចូរ​ពិចារណា​អំពី​ក្អែក វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏​គ្មាន​ឃ្លាំង ឬ​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​ទ្រង់​ចិញ្ចឹម​ពួកវា​។ ចុះ​អ្នករាល់គ្នា​វិញ តើ​មានតម្លៃ​លើសជាង​បក្សាបក្សី​អម្បាលម៉ាន​ទៅទៀត​!

25 ក្នុងចំណោម​អ្នករាល់គ្នា តើ​មាន​នរណា​អាច​បន្ថែម​មួយ​ខណៈពេលលើ​អាយុជីវិត​របស់​ខ្លួន​ដោយ​ការ​បារម្ភ​បាន​?

26 ដូច្នេះ ប្រសិនបើ​អ្នក​មិនអាចធ្វើ​ការ​តូចបំផុត​បាន​ផង ចុះម្ដេចក៏​បារម្ភ​អំពី​ការ​ឯទៀត​ៗ​?

27 “ចូរ​ពិចារណា​អំពី​របៀប​ដែល​ផ្កាលីលី​លូតលាស់​ចុះ​។ វា​មិន​ធ្វើការនឿយហត់ ហើយក៏មិន​ត្បាញរវៃ​ដែរ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា សូម្បីតែ​សាឡូម៉ូន​ដែល​ប្រកបដោយ​សិរីរុងរឿង​ដ៏ប្រសើរ​បំផុត ក៏មិន​បាន​តែងកាយ​ដូច​ផ្កា​មួយ​ទង​ក្នុងចំណោម​ផ្កា​ទាំងនេះ​ផង​។

28 មនុស្ស​មានជំនឿតិច​អើយ​! ប្រសិនបើ​ព្រះ​ទ្រង់​តុបតែង​ស្មៅ​នៅតាម​ទីវាល ដែល​មាន​នៅ​ថ្ងៃនេះ ហើយ​ថ្ងៃស្អែក​ត្រូវ​គេ​បោះទៅ​ក្នុង​ឡភ្លើង​យ៉ាងដូច្នេះ​ទៅហើយ តើ​ព្រះអង្គ​នឹង​តុបតែង​អ្នករាល់គ្នា​ឲ្យ​លើសជាង​អម្បាលម៉ាន​ទៅទៀត​!

29 ដូច្នេះ កុំ​ស្វែងរក​អ្វីដែល​អ្នករាល់គ្នា​ត្រូវ​ហូប និង​ត្រូវ​ផឹក​ឡើយ ហើយក៏​កុំ​ព្រួយបារម្ភ​ដែរ​។

30 ដ្បិត​សាសន៍ដទៃ​ក្នុង​ពិភពលោកនេះ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងនេះ​។

31 “ផ្ទុយទៅវិញ ចូរ​ស្វែងរក​អាណាចក្រ​របស់​ព្រះ ​ហើយ​របស់ទាំងអស់​នេះនឹង​ត្រូវបាន​បន្ថែម​ដល់​អ្នករាល់គ្នា​។

32 ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​សព្វព្រះហឫទ័យ​ប្រទាន​អាណាចក្ររបស់ព្រះអង្គ​ដល់​អ្នករាល់គ្នា​ហើយ​។

33 ចូរ​លក់​អ្វីៗដែល​អ្នករាល់គ្នា​មាន ហើយ​ចែកទាន​ចុះ​។ ចូរ​រៀបចំ​ថង់ប្រាក់​ដែល​មិន​ចេះ​ពុកផុយ និង​ទ្រព្យសម្បត្តិ​ដែល​មិនចេះអស់ ទុក​សម្រាប់​ខ្លួនឯង​នៅ​ស្ថានសួគ៌ ជា​កន្លែងដែល​គ្មាន​ចោរ​មកជិត ឬ​សត្វល្អិត​ស៊ីបំផ្លាញ​នោះ​ឡើយ​។

34 ជាការពិត ទ្រព្យសម្បត្តិ​របស់អ្នករាល់គ្នា​នៅ​កន្លែងណា ចិត្ត​របស់អ្នករាល់គ្នា​ក៏​នៅ​កន្លែងនោះ​ដែរ​។


ចូរប្រុងស្មារតី

35 “ចូរ​ក្រវាត់​ចង្កេះ​របស់អ្នករាល់គ្នា​ឲ្យ​រួចជាស្រេច ហើយ​ឲ្យ​ចង្កៀង​នៅ​ឆេះ

36 គឺ​ដូចជា​មនុស្ស​ដែល​កំពុង​រង់ចាំ​ចៅហ្វាយ​របស់​ខ្លួន​ត្រឡប់មក​ពី​ពិធីមង្គលការ​វិញ ដើម្បី​បាន​បើក​ទ្វារ​ជូន​លោក​ភ្លាម កាលណា​លោក​មក​ដល់ ហើយ​គោះ​ទ្វារ​។

37 មានពរ​ហើយ បាវបម្រើ​ទាំងនោះ​ដែល​ចៅហ្វាយ​ឃើញ​ពួកគេ​ប្រុងស្មារតី នៅពេល​លោក​មក​ដល់​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​ក្រវាត់​ខ្លួន ហើយ​ឲ្យ​ពួកគេ​អង្គុយ រួច​លោក​នឹង​មក​បម្រើ​ពួកគេ​វិញ​។

38 ប្រសិនបើ​ចៅហ្វាយ​មកវិញ​នៅ​យាម​ទីពីរ ឬ​យាម​ទីបី ហើយ​ឃើញ​ពួកគេ​ធ្វើ​ដូច្នោះ អ្នកទាំងនោះមានពរ​ហើយ​។

39 យ៉ាងណាមិញ ចូរ​អ្នករាល់គ្នា​ដឹង​ការនេះ​ថា ប្រសិនបើ​ម្ចាស់ផ្ទះ​ដឹង​ថា​ចោរ​នឹង​មក​នៅ​ម៉ោង​ណា គាត់​មុខជាមិន​បណ្ដោយ​ឲ្យ​វា​គាស់ចូល​ផ្ទះ​របស់​ខ្លួន​ឡើយ​។

40 ដូច្នេះ អ្នករាល់គ្នា​ក៏​ត្រូវតែ​ប្រុងប្រៀបជានិច្ច​ដែរ ដ្បិត​កូនមនុស្ស​នឹង​មក​ក្នុង​ពេលវេលា​ដែល​អ្នករាល់គ្នា​មិន​នឹកស្មាន​ដល់”។


បាវបម្រើស្មោះត្រង់ និងបាវបម្រើមិនស្មោះត្រង់

41 ពេលនោះ ពេត្រុស​ទូល​សួរថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សម្រាប់​យើងខ្ញុំ ឬ​សម្រាប់​ទាំងអស់គ្នា​ដែរ?”។

42 ព្រះអម្ចាស់​មានបន្ទូលថា​៖“ចុះ​តើ​នរណា​ជា​មេការ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​នឹង​តែងតាំងឲ្យត្រួត​លើ​បាវបម្រើឯទៀត​របស់​លោក ដើម្បី​ចែក​អាហារ​តាម​ពេលកំណត់​?

43 មានពរ​ហើយ បាវបម្រើ​នោះ​ដែល​ចៅហ្វាយ​ឃើញ​គាត់​កំពុង​ធ្វើ​ដូច្នេះ នៅពេល​លោក​មកវិញ​។

44 ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា ចៅហ្វាយ​នឹង​តែងតាំង​គាត់​ឲ្យត្រួត​លើ​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​។

45 ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ក្រមកដល់’ រួច​ចាប់ផ្ដើម​វាយ​បាវបម្រើ​ទាំងប្រុសទាំងស្រី ព្រមទាំង​ស៊ីផឹក​ស្រវឹង

46 នោះ​ចៅហ្វាយ​របស់​បាវបម្រើ​នោះ​នឹង​មកវិញ​នៅ​ថ្ងៃ​ដែល​គាត់​មិន​នឹកស្មាន​ដល់ និង​នៅ​ម៉ោង​ដែល​គាត់​មិន​ដឹង ហើយ​ដាក់ទោស​គាត់​យ៉ាងធ្ងន់ធ្ងរ​ទាំង​ឲ្យ​គាត់​មាន​ចំណែក​ជាមួយ​ពួក​ឥតជំនឿ​។

47 បាវបម្រើ​នោះ​ដែល​បាន​ដឹង​បំណង​របស់​ចៅហ្វាយ តែ​មិន​បាន​ត្រៀមខ្លួន ឬ​ធ្វើ​តាម​បំណង​របស់​លោក អ្នកនោះ​នឹង​ត្រូវ​វាយ​យ៉ាងច្រើន​។

48 រីឯ​អ្នក​ដែល​មិន​បាន​ដឹង ហើយ​បាន​ប្រព្រឹត្ត​សម​នឹង​ការវាយ អ្នកនោះ​នឹង​ត្រូវ​វាយ​តិច​ទេ​។ ដូច្នេះ អស់អ្នក​ដែល​ត្រូវបាន​ប្រទានឲ្យ​ច្រើន នឹង​ត្រូវបាន​ទាមទារ​ច្រើន​ពី​អ្នកនោះ ហើយ​អ្នកដែល​ត្រូវបាន​ផ្ទុកផ្ដាក់​ឲ្យ​ច្រើន អ្នកនោះ​នឹង​ត្រូវបាន​ទាមទារ​រឹតតែច្រើន​ទៅទៀត​។


មិនមែនសេចក្ដីសុខសាន្ត ប៉ុន្តែជាការបាក់បែក

49 “ខ្ញុំ​មក​ដើម្បី​បោះ​ភ្លើង​ទៅ​លើ​ផែនដី ហើយ​ខ្ញុំ​ចង់​ខ្លាំង​ណាស់ហ្ន៎ ឲ្យ​ភ្លើងនោះ​បាន​ឆេះ​រួចហើយ​!

50 ប៉ុន្តែ​ខ្ញុំ​មាន​ពិធីជ្រមុជទឹក​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល ហើយ​ខ្ញុំ​ឈឺចាប់​ណាស់ហ្ន៎ ទម្រាំតែ​ការនោះ​បាន​សម្រេច​!

51 តើ​អ្នករាល់គ្នា​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​ផ្ដល់​សេចក្ដីសុខសាន្ត​ដល់​ផែនដី​ឬ? ទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គឺ​មក​ដើម្បី​ផ្ដល់​ការបាក់បែក​វិញ​។

52 ចាប់ពីឥឡូវនេះទៅ ប្រាំ​នាក់​ក្នុង​គ្រួសារ​មួយ​នឹង​បាក់បែកគ្នា គឺ​បី​នាក់​ទាស់នឹង​ពីរ​នាក់ ហើយ​ពីរ​នាក់​ទាស់នឹង​បី​នាក់​។

53 ពួកគេ​នឹង​បាក់បែកគ្នា គឺ​ឪពុក​ទាស់នឹង​កូនប្រុស ហើយ​កូនប្រុស​ទាស់នឹង​ឪពុក​; ម្ដាយ​ទាស់នឹង​កូនស្រី ហើយ​កូនស្រី​ទាស់នឹង​ម្ដាយ​; ម្ដាយក្មេក​ទាស់នឹង​កូនប្រសាស្រី ហើយ​កូនប្រសាស្រី​ក៏​ទាស់នឹង​ម្ដាយក្មេកដែរ ”។


សម្គាល់សម័យកាល

54 បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​ទៀត​ថា៖“កាលណា​អ្នករាល់គ្នា​ឃើញ​ពពក​ឡើង​ពី​ទិសខាងលិច អ្នករាល់គ្នា​និយាយ​ភ្លាម​ថា​: ‘រកភ្លៀង​ហើយ’ ហើយក៏​កើតឡើង​ដូច្នោះ​មែន​។

55 កាលណា​ខ្យល់ទិសខាងត្បូង​បក់​មក អ្នករាល់គ្នា​និយាយ​ថា​: ‘ថ្ងៃនេះ មុខជា​ក្ដៅ’ ហើយក៏​កើតឡើង​មែន។

56 ពួក​មនុស្សមានពុត​អើយ! អ្នករាល់គ្នា​ចេះ​សម្គាល់​សណ្ឋាន​នៃ​ផែនដី និង​ផ្ទៃមេឃ ចុះ​ម្ដេចក៏​មិន​ចេះសម្គាល់​សម័យ​នេះ​?


ចូរផ្សះផ្សានឹងគូវិវាទ

57 “ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​ពិចារណា​ដោយ​ខ្លួនឯង​ថា​អ្វីជា​សេចក្ដីសុចរិត​?

58 កាលណា​អ្នក​ជាមួយ​គូវិវាទ​របស់អ្នក ចេញទៅ​ជួប​មេគ្រប់គ្រង ចូរ​ខិតខំព្យាយាម​ផ្សះផ្សា​នឹង​គូវិវាទនោះ ខណៈដែល​នៅ​តាម​ផ្លូវ​នៅឡើយ ក្រែងលោ​អ្នកនោះ​អូស​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​ឆ្មាំគុក ហើយ​ឆ្មាំគុក​នឹង​ដាក់គុក​អ្នក​។

59 ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ចេញ​ពីទីនោះ​មិនបានឡើយ រហូតទាល់តែ​អ្នក​បាន​សង​អស់ ទោះជា​មួយ​ឡិបតាចុងក្រោយ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម