កាឡាទី 5 - ព្រះគម្ពីរខ្មែរសាកលសេរីភាពរបស់គ្រីស្ទាន 1 ព្រះគ្រីស្ទបានរំដោះយើង ដើម្បីឲ្យយើងមានសេរីភាព។ ដូច្នេះ ចូរឈរឲ្យមាំមួន ហើយកុំឲ្យជាប់នឹមនៃភាពជាទាសករទៀតឡើយ។ 2 មើល៍! ខ្ញុំ ប៉ូល សូមប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍អ្វីដល់អ្នករាល់គ្នាហើយ។ 3 ខ្ញុំសូមធ្វើបន្ទាល់ម្ដងទៀតដល់មនុស្សទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចនឹងប្រព្រឹត្តតាមក្រឹត្យវិន័យទាំងមូល។ 4 អ្នករាល់គ្នាដែលត្រូវបានរាប់ជាសុចរិតដោយសារតែក្រឹត្យវិន័យ បានបែកចេញពីព្រះគ្រីស្ទ ហើយធ្លាក់ចេញពីព្រះគុណហើយ។ 5 ជាការពិត យើងទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមនៃសេចក្ដីសុចរិត តាមរយៈព្រះវិញ្ញាណ និងដោយជំនឿ។ 6 ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។ 7 អ្នករាល់គ្នាបានរត់យ៉ាងល្អ តើនរណាបានរារាំងអ្នករាល់គ្នាមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិត? 8 ការបញ្ចុះបញ្ចូលបែបនេះ មិនមែនមកពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទេ។ 9 មេម្សៅតែបន្តិចក៏ធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងដែរ។ 10 ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតអ្វីផ្សេងទៀតឡើយ ប៉ុន្តែចំពោះអ្នកដែលធ្វើឲ្យអ្នករាល់គ្នាវិលវល់ ពួកគេនឹងទទួលទោស ទោះបីជាអ្នកណាក៏ដោយ។ 11 បងប្អូនអើយ ប្រសិនបើខ្ញុំនៅតែប្រកាសពីពិធីកាត់ស្បែក ម្ដេចក៏ខ្ញុំនៅតែត្រូវគេបៀតបៀនទៀត? បើដូច្នេះ ហេតុបណ្ដាលឲ្យជំពប់ដួលពីឈើឆ្កាងលែងមានហើយ។ 12 ខ្ញុំចង់ឲ្យពួកអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ក្រៀវខ្លួនឯងទៅ! 13 បងប្អូនអើយ អ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីទទួលសេរីភាព គ្រាន់តែកុំប្រើសេរីភាពនោះទុកជាឱកាសសម្រាប់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ 14 ពីព្រោះក្រឹត្យវិន័យទាំងមូលត្រូវបានបំពេញក្នុងពាក្យមួយឃ្លានេះ ដែលថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង”។ 15 ប៉ុន្តែប្រសិនបើអ្នករាល់គ្នាប្រខាំគ្នា ហើយត្របាក់គ្នាដូច្នេះ ចូរប្រយ័ត្នទៅ! ក្រែងលោអ្នករាល់គ្នាបានបំផ្លាញគ្នាទៅវិញទៅមក។ ព្រះវិញ្ញាណ និងសាច់ឈាម 16 ដូច្នេះ ខ្ញុំសូមនិយាយថា ចូរដើរដោយព្រះវិញ្ញាណ នោះអ្នកនឹងមិនបំពេញតណ្ហាសាច់ឈាមឡើយ។ 17 ដ្បិតសាច់ឈាមតែងតែចង់ទាស់នឹងព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏ចង់ទាស់នឹងសាច់ឈាមដែរ ពីព្រោះទាំងពីរនេះប្រឆាំងគ្នាទៅវិញទៅមក ធ្វើឲ្យអ្នករាល់គ្នាមិនអាចធ្វើអ្វីៗដែលអ្នករាល់គ្នាចង់ធ្វើ។ 18 ប៉ុន្តែប្រសិនបើអ្នករាល់គ្នាត្រូវព្រះវិញ្ញាណដឹកនាំ នោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ។ 19 កិច្ចការខាងសាច់ឈាម នោះជាក់ច្បាស់ហើយ គឺមានអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការល្មោភកាម 20 ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក 21 ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។ 22 រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់ 23 សេចក្ដីសុភាពរាបសា និងការគ្រប់គ្រងចិត្ត។ គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។ 24 អ្នកដែលជារបស់ព្រះគ្រីស្ទយេស៊ូវ បានឆ្កាងសាច់ឈាមជាមួយតណ្ហា និងចំណង់របស់វារួចហើយ។ 25 ប្រសិនបើយើងរស់ដោយព្រះវិញ្ញាណ យើងក៏ត្រូវដើរដោយព្រះវិញ្ញាណដែរ។ 26 យើងមិនត្រូវចង់បានកិត្តិយសឥតប្រយោជន៍ ដោយរករឿងគ្នា និងឈ្នានីសគ្នាឡើយ៕ |