Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ យ៉ូហាន 4 - ព្រះគម្ពីរខ្មែរសាកល


ព្រះវិញ្ញាណរបស់ព្រះ និងវិញ្ញាណរបស់អ្នកប្រឆាំងព្រះគ្រីស្ទ

1 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ជឿ​គ្រប់ទាំង​វិញ្ញាណ​ឡើយ ប៉ុន្តែ​ចូរ​ពិសោធ​វិញ្ញាណ​ទាំងនោះ ថា​តើ​ជារបស់​ព្រះ​ឬយ៉ាងណា ដ្បិត​មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ​។

2 អ្នករាល់គ្នា​អាច​សម្គាល់​ព្រះវិញ្ញាណ​របស់​ព្រះ​ដោយសារតែការនេះ គឺ​អស់ទាំង​វិញ្ញាណ​ដែល​សារភាពថា​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ក្នុង​សាច់ឈាម វិញ្ញាណនោះ​ជារបស់​ព្រះ​ហើយ

3 រីឯ​អស់ទាំង​វិញ្ញាណ​ដែល​មិន​សារភាព​ព្រះយេស៊ូវ វិញ្ញាណនោះ​មិនមែន​ជារបស់​ព្រះ​ទេ គឺ​ជា​វិញ្ញាណ​របស់​អ្នកប្រឆាំងព្រះគ្រីស្ទ​វិញ​។ អ្នករាល់គ្នា​បាន​ឮ​ហើយ ថា​វា​នឹង​មក ហើយ​ឥឡូវនេះ វា​នៅ​ក្នុង​ពិភពលោក​ស្រាប់​។

4 កូន​រាល់គ្នា​អើយ អ្នករាល់គ្នា​ជារបស់​ព្រះ ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​ពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះ​ព្រះអង្គ​ដែល​គង់នៅ​ក្នុង​អ្នករាល់គ្នា ធំជាង​អ្នក​ដែល​នៅក្នុង​ពិភពលោក​។

5 ពួកគេ​ជារបស់​ពិភពលោក ដូច្នេះ​ពួកគេ​និយាយ​ខាង​ពិភពលោក ហើយ​ពិភពលោក​ក៏​ស្ដាប់តាម​ពួកគេ​។

6 រីឯ​យើង​ជារបស់​ព្រះ​។ អ្នក​ដែល​ស្គាល់​ព្រះ ស្ដាប់តាម​យើង​; អ្នកដែល​មិនមែន​ជារបស់​ព្រះ មិន​ស្ដាប់តាម​យើង​ទេ​។ ដោយសារតែការនេះ យើង​អាច​សម្គាល់​វិញ្ញាណ​នៃ​សេចក្ដីពិត ‍និង​វិញ្ញាណ​នៃ​ការបោកប្រាស់​។


ស្គាល់ព្រះតាមរយៈសេចក្ដីស្រឡាញ់

7 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ យើង​ត្រូវតែ​ស្រឡាញ់​គ្នាទៅវិញទៅមក ដ្បិត​សេចក្ដីស្រឡាញ់​ជារបស់​ព្រះ​។ អស់អ្នក​ដែល​ស្រឡាញ់ គឺ​កើតមក​ពី​ព្រះ ហើយ​ស្គាល់​ព្រះ​។

8 អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​មិន​ស្គាល់​ព្រះ​ទេ ពីព្រោះ​ព្រះ​ជា​សេចក្ដីស្រឡាញ់​។

9 សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​សម្ដែង​ក្នុងចំណោម​យើង​ដោយការនេះ​ឯង គឺ​ដោយ​ការដែល​ព្រះ​បាន​ចាត់​ព្រះបុត្រាតែមួយ​របស់​ព្រះអង្គ​ឲ្យមក​ក្នុង​ពិភពលោក ដើម្បីឲ្យ​យើង​មានជីវិត​តាមរយៈ​ព្រះបុត្រា​។

10 មិនមែន​ថា​យើង​បាន​ស្រឡាញ់​ព្រះ​ទេ គឺ​ថា​ព្រះអង្គ​បាន​ស្រឡាញ់​យើង​វិញ​ទេតើ ហើយ​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ជា​យញ្ញបូជាលួងព្រះហឫទ័យ​សម្រាប់​បាប​របស់យើង​——​ក្នុង​ការនេះ​ហើយ មាន​សេចក្ដីស្រឡាញ់​។

11 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ប្រសិនបើ​ព្រះ​បាន​ស្រឡាញ់​យើង​ដល់ម្ល៉េះ យើង​ក៏​ត្រូវតែ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។

12 គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក នោះ​ព្រះ​ស្ថិតនៅ​ក្នុង​យើង ហើយ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ក៏​បានគ្រប់លក្ខណ៍​នៅក្នុង​យើង​ដែរ​។

13 យើង​ដឹង​ថា​យើង​ស្ថិតនៅ​ក្នុង​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ស្ថិតនៅ​ក្នុង​យើង ដោយសារតែការនេះ គឺ​ដោយសារ​ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដល់​យើង​។

14 យើង​បាន​ឃើញ ហើយ​ឥឡូវនេះ​យើង​ធ្វើបន្ទាល់​ថា ព្រះ​បិតា​បាន​ចាត់​ព្រះបុត្រា​ឲ្យមក​ជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក​។

15 អ្នកណាក៏ដោយដែល​សារភាព​ថា​ព្រះយេស៊ូវ​ជា​ព្រះបុត្រារបស់ព្រះ ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ស្ថិតនៅ​ក្នុង​ព្រះ​ដែរ​។

16 ដូច្នេះ យើង​បាន​ស្គាល់ ព្រមទាំង​ជឿ​លើ​សេចក្ដីស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង​។ ព្រះ​ជា​សេចក្ដីស្រឡាញ់​; អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​នេះ គឺ​ស្ថិតនៅ​ក្នុង​ព្រះ ហើយ​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។

17 ដោយសារតែការនេះ សេចក្ដីស្រឡាញ់​បានគ្រប់លក្ខណ៍​នៅក្នុង​យើង ដើម្បីឲ្យ​យើង​មាន​ភាពក្លាហាន​នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដ្បិត​ដូចដែល​ព្រះគ្រីស្ទ​ជា​យ៉ាងណា យើង​ក៏​ជា​យ៉ាងនោះដែរ នៅក្នុង​ពិភពលោកនេះ​។

18 នៅក្នុង​សេចក្ដីស្រឡាញ់ គ្មាន​សេចក្ដីភ័យខ្លាច​ឡើយ​; ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់​ដ៏គ្រប់លក្ខណ៍​បំបាត់​សេចក្ដីភ័យខ្លាច​។ ដ្បិត​សេចក្ដីភ័យខ្លាច​តែងតែ​ប្រកប​ដោយ​ទោស ហើយ​អ្នក​ដែល​ភ័យខ្លាច​មិនទាន់​បានគ្រប់លក្ខណ៍​នៅក្នុង​សេចក្ដីស្រឡាញ់​ទេ។

19 យើង​ស្រឡាញ់ ពីព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​យើង​មុន។


កាន់តាមសេចក្ដីបង្គាប់របស់ព្រះ

20 ប្រសិនបើ​អ្នកណា​និយាយ​ថា​៖ “ខ្ញុំ​ស្រឡាញ់​ព្រះ” ប៉ុន្តែ​ស្អប់​បងប្អូន​របស់​ខ្លួន អ្នកនោះ​ជា​អ្នកភូតភរ​ហើយ​។ ដ្បិត​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែល​មើលឃើញ ក៏​មិនអាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​បានឡើយ​។

21 នេះ​ជា​សេចក្ដីបង្គាប់​ដែល​យើង​បាន​ទទួល​ពី​ព្រះគ្រីស្ទ គឺឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ដែរ។

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម