Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ម៉ាថាយ 10 - ព្រះគម្ពីរខ្មែរសាកល


ចាត់សាវ័កដប់ពីរនាក់

1 ព្រះយេស៊ូវ​ទ្រង់​ហៅ​សិស្ស​ដប់ពីរ​នាក់​របស់​ព្រះអង្គ​មក ហើយ​ប្រទាន​សិទ្ធិអំណាច​លើ​វិញ្ញាណអសោច​ដល់​ពួកគេ ដើម្បី​ដេញ​ពួកវា​ចេញ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ឲ្យជា​ផង​។

2 សាវ័ក​ទាំង​ដប់ពីរ​នាក់​មាន​ឈ្មោះ​ដូចតទៅ​: ទីមួយ​គឺ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស បន្ទាប់មក​គឺ​អនទ្រេ​ប្អូនប្រុស​របស់​គាត់ យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​យ៉ាកុប​;

3 ភីលីព និង​បារថូឡូមេ​; ម៉ាថាយ​អ្នកទារពន្ធ និង​ថូម៉ាស​; យ៉ាកុប​កូន​របស់​អាល់ផាយ និង​ថាដេ​;

4 ស៊ីម៉ូន​អ្នកជាតិនិយម និង​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ក្បត់​ព្រះអង្គ​។

5 ព្រះយេស៊ូវ​បាន​ចាត់​សាវ័ក​ដប់ពីរ​នាក់​នេះ​ឲ្យទៅ ដោយ​បង្គាប់​ពួកគេ​ថា៖“កុំ​ទៅ​តាមផ្លូវ​របស់​សាសន៍ដទៃ ហើយ​កុំ​ចូលទៅ​ក្នុង​ទីក្រុង​របស់​ជនជាតិសាម៉ារី​ឡើយ

6 ប៉ុន្តែ​ចូរ​ទៅរក​ចៀម​វង្វេង​នៃ​ពូជពង្ស​អ៊ីស្រាអែល​វិញ​។

7 នៅពេល​ចេញទៅ ចូរ​ប្រកាស​ថា​: ‘អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ’។

8 ចូរ​ប្រោស​អ្នកជំងឺ​ឲ្យជា ប្រោស​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ប្រោស​មនុស្សឃ្លង់​ឲ្យបរិសុទ្ធ ហើយ​ដេញ​អារក្សឲ្យចេញ​។ អ្នករាល់គ្នា​បាន​ទទួល​ដោយ​ឥតបង់ថ្លៃ ចូរ​ឲ្យ​ដោយ​ឥតគិតថ្លៃ​ដែរ​។

9 កុំ​យក​កាក់មាស កាក់ប្រាក់ ឬ​កាក់ទង់ដែង​ដាក់​ក្នុង​ខ្សែក្រវាត់​របស់អ្នករាល់គ្នា​ឡើយ

10 ក៏​កុំ​យក​ថង់យាម​សម្រាប់​ការធ្វើដំណើរ ហើយក៏កុំ​យក​អាវពីរ ស្បែកជើង ឬ​ឈើច្រត់​ទៅជាមួយ​ដែរ ដ្បិត​អ្នកធ្វើការ​សម​នឹង​ទទួល​អាហារ​របស់​ខ្លួន​។

11 “អ្នករាល់គ្នា​ចូលទៅ​ក្នុង​ទីក្រុង ឬ​ភូមិ​ណាក៏ដោយ ចូរ​សួររក​អ្នក​នៅ​ទីនោះ​ដែល​ស័ក្ដិសម ហើយ​ស្នាក់នៅ​ទីនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ចុះ​។

12 នៅពេល​អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​របស់គាត់ ចូរ​ជម្រាបសួរ​អ្នកផ្ទះនោះ​ផង​។

13 ប្រសិនបើ​អ្នកផ្ទះ​នោះ​ស័ក្ដិសម​មែន ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​មក​លើ​អ្នកផ្ទះនោះ​ចុះ ប៉ុន្តែ​ប្រសិនបើ​អ្នកផ្ទះនោះ​មិន​ស័ក្ដិសម​ទេ ចូរឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​ត្រឡប់​មក​រក​អ្នករាល់គ្នា​វិញ​។

14 រីឯ​អ្នកណាក៏ដោយដែល​មិន​ទទួល​អ្នករាល់គ្នា ហើយក៏មិន​ស្ដាប់​ពាក្យសម្ដី​របស់អ្នករាល់គ្នា នៅពេល​ចាកចេញ​ពី​ផ្ទះ ឬ​ទីក្រុង​នោះ ចូរ​រលាស់​ធូលី​ចេញ​ពី​ជើង​របស់អ្នករាល់គ្នា​។

15 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដែនដី​សូដុម និង​កូម៉ូរ៉ា​នឹង​ងាយទ្រាំ​ជាង​ទីក្រុង​នោះ​ទៅទៀត​!


ប្រាប់ជាមុនអំពីការបៀតបៀន

16 “មើល៍! ខ្ញុំ​ចាត់​អ្នករាល់គ្នា​ឲ្យទៅ ដូចជា​ចៀម​ទៅក្នុង​កណ្ដាលចំណោម​ចចក ដូច្នេះ​ចូរ​ឈ្លាសវៃ​ដូច​ពស់ ហើយ​ស្លូតត្រង់​ដូច​ព្រាប​។

17 ចូរ​ប្រយ័ត្នប្រយែង​នឹង​មនុស្ស ដ្បិត​ពួកគេ​នឹង​ប្រគល់​អ្នករាល់គ្នា​ទៅ​ក្រុមប្រឹក្សា ហើយ​វាយ​អ្នករាល់គ្នា​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់​ពួកគេ​។

18 ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅចំពោះ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ និង​ដល់​ពួក​សាសន៍ដទៃ​។

19 ប៉ុន្តែ​កាលណា​គេ​ប្រគល់​អ្នករាល់គ្នា​ទៅ កុំ​បារម្ភ​អំពី​របៀប ឬ​អ្វីដែល​ត្រូវ​និយាយ​ឡើយ​។ អ្វីដែល​ត្រូវ​និយាយ​នឹង​ប្រទាន​មក​អ្នករាល់គ្នា​នៅ​ពេល​នោះ

20 ដ្បិត​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ដែល​និយាយ គឺ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ​បិតា​របស់អ្នករាល់គ្នា​វិញ ដែល​មានបន្ទូល​តាមរយៈ​អ្នករាល់គ្នា​។

21 “បងប្អូន​នឹង​ប្រគល់​បងប្អូន​ឲ្យ​ទៅ​ស្លាប់ ឪពុក​នឹង​ប្រគល់​កូន​ឲ្យ​ទៅ​ស្លាប់ រីឯ​កូន​ៗ​នឹង​ក្រោកឡើងប្រឆាំងនឹង​ឪពុកម្ដាយ ហើយ​ធ្វើឲ្យ​ពួកគាត់​ត្រូវគេសម្លាប់​។

22 អ្នករាល់គ្នា​នឹង​ត្រូវ​មនុស្ស​ទាំងអស់​ស្អប់​ដោយសារតែ​នាម​របស់ខ្ញុំ ប៉ុន្តែ​អ្នក​ដែល​ស៊ូទ្រាំ​ដល់​ទីបញ្ចប់ អ្នកនោះ​នឹង​បាន​សង្គ្រោះ​។

23 កាលណា​គេ​បៀតបៀន​អ្នករាល់គ្នា​នៅ​ទី​ក្រុង​នេះ ចូរ​រត់គេច​ទៅ​ទីក្រុង​មួយទៀត​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ដើរ​មិនទាន់​សព្វ​ទីក្រុង​នានា​នៃ​អ៊ីស្រាអែល​ឡើយ រហូតដល់​កូនមនុស្ស​បាន​មក​វិញ​។

24 សិស្ស​មិន​លើ​គ្រូ​ទេ ហើយ​បាវបម្រើ​ក៏មិន​លើ​ចៅហ្វាយ​របស់​ខ្លួន​ដែរ​។

25 ការ​ដែល​សិស្ស​បាន​ដូច​គ្រូ ហើយ​បាវបម្រើ​បាន​ដូច​ចៅហ្វាយ​របស់​ខ្លួន នោះ​ល្មម​ហើយ​។ ប្រសិនបើ​គេ​ហៅ​ម្ចាស់ផ្ទះ​ថា ‘បេលសេប៊ូល’ ទៅហើយ ចុះ​អ្នកផ្ទះ​នោះ​វិញ តើ​គេ​នឹង​ហៅ​លើសជាង​អម្បាលម៉ាន​ទៅទៀត​!


ចូរកោតខ្លាចព្រះ

26 “ដូច្នេះ កុំ​ខ្លាច​គេ​ឡើយ ពីព្រោះ​គ្មាន​ការ​លាក់បាំង​អ្វីដែល​មិន​ត្រូវបាន​សម្ដែងឲ្យឃើញ ហើយក៏​គ្មាន​ការ​សម្ងាត់​អ្វីដែល​មិន​ត្រូវបាន​ដឹង​នោះ​ដែរ​។

27 អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ក្នុង​ទីងងឹត ចូរ​និយាយ​នៅ​ទីភ្លឺ ហើយ​អ្វីដែល​អ្នករាល់គ្នា​ឮ​នៅក្បែរ​ត្រចៀក ចូរ​ប្រកាស​នៅលើ​ដំបូលផ្ទះ​ចុះ​។

28 កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​បានតែ​រូបកាយ ប៉ុន្តែ​មិនអាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ខ្លាច​ព្រះអង្គ​ដែល​អាច​បំផ្លាញ​ទាំង​រូបកាយ​ទាំង​ព្រលឹង​ក្នុង​ស្ថាននរកវិញ​ចុះ​។

29 តើ​គេ​មិន​លក់​ចាប​ពីរ​ក្នុងតម្លៃ​មួយ​អាស្សារីយ៉ូនទេ​ឬ​? ប៉ុន្តែ​គ្មាន​ចាប​ណាមួយ​ធ្លាក់​ដល់​ដី ដោយគ្មាន​ការយល់ព្រមពី​ព្រះ​បិតា​របស់អ្នករាល់គ្នា​នោះ​ឡើយ​។

30 ចំពោះ​អ្នករាល់គ្នា​វិញ សូម្បីតែ​សក់​ទាំងអស់​លើ​ក្បាល​របស់អ្នករាល់គ្នា ក៏​ត្រូវបាន​រាប់​ដែរ​។

31 ដូច្នេះ កុំ​ខ្លាច​ឡើយ​! អ្នករាល់គ្នា​មានតម្លៃលើសជាង​ចាប​ជាច្រើន​ទៅទៀត​។


ការទទួលស្គាល់ព្រះគ្រីស្ទ

32 “អស់អ្នក​ដែល​ទទួលស្គាល់​ខ្ញុំ​នៅមុខ​មនុស្ស ខ្ញុំ​នឹង​ទទួលស្គាល់​អ្នកនោះ​នៅមុខ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ដែរ​។

33 រីឯ​អ្នកណាក៏ដោយដែល​បដិសេធ​ខ្ញុំ​នៅមុខ​មនុស្ស ខ្ញុំក៏​នឹង​បដិសេធ​អ្នកនោះ​នៅមុខ​ព្រះ​បិតា​របស់ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ដែរ។

34 “កុំ​គិត​ថា ខ្ញុំ​បាន​មក​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​លើ​ផែនដី​ឡើយ​។ ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​នាំ​សេចក្ដីសុខសាន្ត​មក​ទេ គឺ​ដើម្បី​នាំ​ដាវ​មក​ទេតើ

35 ពោលគឺ ខ្ញុំ​បាន​មក​ដើម្បីឲ្យ​: ‘មនុស្សប្រុស​តាំងខ្លួន​ទាស់នឹង​ឪពុក​របស់​ខ្លួន កូនស្រី​ទាស់នឹង​ម្ដាយ​របស់​ខ្លួន កូនប្រសាស្រី​ទាស់នឹង​ម្ដាយក្មេក​របស់​ខ្លួន

36 ហើយ​ខ្មាំងសត្រូវ​របស់​មនុស្ស គឺជា​សមាជិកគ្រួសារ​របស់​អ្នកនោះ​ឯង’។

37 អ្នក​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ដែល​ស្រឡាញ់​កូនប្រុស ឬកូនស្រី​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ដែរ​;

38 អ្នកដែល​មិន​លី​ឈើឆ្កាង​របស់​ខ្លួន​មកតាម​ខ្ញុំ អ្នកនោះ​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ។

39 អ្នក​ដែល​រកបាន​ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នក​ដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ អ្នកនោះ​នឹង​រកបាន​ជីវិត​វិញ​។


ទឹកត្រជាក់មួយកែវ

40 “អ្នក​ដែល​ទទួល​អ្នករាល់គ្នា គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។

41 អ្នក​ដែល​ទទួល​ព្យាការី​ក្នុងនាម​លោក​ជា​ព្យាការី អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​ព្យាការី រីឯ​អ្នក​ដែល​ទទួល​មនុស្ស​សុចរិត​ក្នុងនាម​លោក​ជា​មនុស្ស​សុចរិត អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​មនុស្ស​សុចរិត​។

42 អ្នកណាក៏ដោយដែល​យក​ទឹក​ត្រជាក់​សូម្បីតែ​មួយ​កែវ ឲ្យ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ផឹក​ក្នុងនាម​ម្នាក់នោះ​ជា​សិស្ស​របស់ខ្ញុំ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នកនោះ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​សោះឡើយ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម