Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 9 - ព្រះគម្ពីរខ្មែរសាកល


កំណើតរបស់ព្រះអង្គម្ចាស់នៃសន្តិភាព

1 យ៉ាងណាមិញ នឹង​គ្មាន​ភាពខ្មៅងងឹត​នៅលើ​ស្រុក​ដែល​មាន​សេចក្ដីវេទនា​នោះ​ឡើយ​។ កាលពីដើម​ព្រះអង្គ​បាន​បន្ទាប​ដែនដី​សាប់យូឡូន និង​ដែនដី​ណែបថាលី ប៉ុន្តែ​ក្រោយមក​ព្រះអង្គ​បាន​ធ្វើឲ្យ​ផ្លូវ​ទៅកាន់​បឹង ខាងនាយ​ទន្លេយ័រដាន់ គឺ​កាលីឡេ​របស់​សាសន៍ដទៃ​បានទទួលការ​លើកតម្កើងសិរីរុងរឿង​វិញ​——

2 ប្រជាជន​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏អស្ចារ្យ​; ចំពោះ​អ្នកដែល​ស្ថិតនៅ​ក្នុង​ដែនដី​ស្រមោលនៃសេចក្ដីស្លាប់ មាន​ពន្លឺ​មួយ​រះឡើង​ដល់​ពួកគេ​។

3 ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នោះ​កើនចំនួនឡើង ហើយ​បង្កើន​អំណរ​ដល់​ពួកគេ​។ ពួកគេ​បាន​អរសប្បាយ​នៅចំពោះ​ព្រះអង្គ ដូចជា​អំណរ​ក្នុង​ការច្រូតកាត់ ដូចដែល​គេ​ត្រេកអរ​ក្នុង​ការ​ចែក​ជ័យភណ្ឌ​។

4 ដ្បិត​ព្រះអង្គ​បាន​បំបាក់​នឹម​នៃ​បន្ទុក​របស់ពួកគេ និង​រំពាត់​នៅ​ស្មា​របស់ពួកគេ ព្រមទាំង​ដំបង​របស់​អ្នក​សង្កត់សង្កិន​ពួកគេ គឺ​ដូច​នៅ​ជំនាន់​ម៉ាឌាន​ដែរ​។

5 គ្រប់ទាំង​ស្បែកជើងទាហាន​របស់​អ្នក​ចម្បាំង​ក្នុង​ចម្បាំងដ៏វឹកវរ និង​សម្លៀកបំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវបាន​ដុត​ជា​ចំណី​ភ្លើង​។

6 ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។

7 រីឯ​ការចម្រើនឡើង​នៃ​ការគ្រប់គ្រង និង​សន្តិភាព​របស់ព្រះអង្គ គ្មាន​ទីបញ្ចប់​ឡើយ គឺព្រះអង្គនឹងគ្រប់គ្រង​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​លើ​អាណាចក្រ​របស់ព្រះអង្គ ដើម្បី​ស្ថាបនា និង​ទ្រទ្រង់​ដោយ​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច​។ ព្រះហឫទ័យឆេះឆួល​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​សម្រេច​ការនេះ​។


ព្រះយេហូវ៉ាលាតព្រះហស្តទាស់នឹងអ៊ីស្រាអែល

8 ព្រះអម្ចាស់​របស់ខ្ញុំ​បាន​បញ្ជូន​ព្រះបន្ទូល​មក​ទាស់នឹង​យ៉ាកុប ហើយ​ព្រះបន្ទូលនោះ​បាន​ធ្លាក់​មកលើ​អ៊ីស្រាអែល​។

9 ប្រជាជន​ទាំងអស់គ្នា គឺ​ពួកអេប្រាអិម និង​អ្នកដែល​រស់នៅ​សាម៉ារី នឹង​ដឹង ក៏​និយាយ​ដោយ​អំនួត និង​ដោយ​ការអួតបំប៉ោង​នៃ​ចិត្ត​ថា​៖

10 “ឥដ្ឋ​បាន​រលំ​ហើយ ប៉ុន្តែ​យើង​នឹង​សង់ឡើងវិញ​ដោយ​ថ្មដាប់​; ដើមឧទុម្ពរ​ត្រូវបាន​កាប់រំលំ​ហើយ ប៉ុន្តែ​យើង​នឹង​ដាក់​ដើមស៊ីដា​ជំនួសវិញ​!”។

11 ដោយហេតុនេះ ព្រះយេហូវ៉ា​នឹង​លើក​ពួក​បច្ចាមិត្ត​របស់​រេស៊ីន​ឲ្យមក​ទាស់នឹង​ពួកគេ ហើយ​ពន្យុះ​ខ្មាំងសត្រូវ​របស់ពួកគេ

12 គឺ​ជនជាតិអើរ៉ាម​ដែល​នៅ​ទិសខាងកើត និង​ជនជាតិភីលីស្ទីន​ដែល​នៅ​ទិសខាងលិច នឹង​ហាមាត់​ស៊ីបំផ្លាញ​អ៊ីស្រាអែល​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។

13 រីឯ​ប្រជាជន​នេះ​មិន​បាន​ត្រឡប់មក​រក​ព្រះអង្គដែល​បាន​វាយ​ពួកគេ ក៏​មិន​បាន​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​។

14 ដូច្នេះ ព្រះយេហូវ៉ា​នឹង​កាត់​ក្បាល និង​កន្ទុយ ព្រមទាំង​ធាងលម៉ើ និង​ដើមត្រែង​ចេញ​ពី​អ៊ីស្រាអែល ក្នុង​មួយ​ថ្ងៃ​។

15 ពួក​ចាស់ទុំ និង​ពួក​អ្នកធំ​ជា​ក្បាល ហើយ​ពួក​ព្យាការី​ដែល​បង្រៀន​សេចក្ដីកុហក​ជា​កន្ទុយ​។

16 ដ្បិត​ពួកអ្នក​នាំផ្លូវ​ប្រជាជន​នេះ​បាន​នាំឲ្យ​វង្វេង ហើយ​អ្នកដែល​ត្រូវ​ពួកគេ​នាំផ្លូវ​នោះ ក៏​ត្រូវបាន​បំភាន់​។

17 ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។

18 សេចក្ដីអាក្រក់​ឆេះ​ដូច​ភ្លើង ក៏​ស៊ីបំផ្លាញ​អញ្ចាញ និង​បន្លា ហើយ​ឆេះឡើង​ក្នុង​គុម្ពោត​ព្រៃ ក៏​ហុយឡើង​ជា​បង្គោល​ផ្សែង​។

19 ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ទឹកដី​នោះ​ក៏​ត្រូវ​ឆាបឆេះ ហើយ​ប្រជាជន​នឹង​បាន​ដូចជា​ចំណី​ភ្លើង គ្មាន​អ្នកណា​ប្រណី​ដល់​បងប្អូន​របស់ខ្លួន​ឡើយ​។

20 ពួកគេ​កាប់​សាច់​នៅ​ខាងស្ដាំ ប៉ុន្តែ​នៅតែ​ឃ្លាន​ដដែល ពួកគេ​ត្របាក់ស៊ី​នៅ​ខាងឆ្វេង ប៉ុន្តែ​មិន​ឆ្អែត​ឡើយ ម្នាក់ៗ​នឹង​ស៊ី​សាច់​ដើមដៃ​របស់ខ្លួន​។

21 ម៉ាណាសេ​នឹងស៊ី​អេប្រាអិម ហើយ​អេប្រាអិម​នឹងស៊ី​ម៉ាណាសេ ហើយ​ពួកគេ​នឹង​ប្រឆាំងនឹង​យូដា​ជាមួយគ្នា​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម